ខណៈ​ទំនាក់​ទំនង​រកាំ​រកូស អាមេរិក​តែងតាំង​អ្នក​កាទូត​ជាន់ខ្ពស់​នៃ​តំបន់​អាស៊ី​ជា​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​នៅ​កម្ពុជា

កាលពីខែធ្នូ ឆ្នាំ២០១៧ លោក W. Patrick Murphy កាលណោះជាឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកប្រចាំតំបន់អាស៊ី បានទស្សនកិច្ចប្រទេសកម្ពុជា។ ពេលនោះលោកបានអង្គុយក្បែរលោក William A. Heidt អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរាជធានីភ្នំពេញ។

ជិត​ពីរឆ្នាំ​មុន លោក W. Patrick Murphy មាន​វត្តមាន​នៅ​គេហដ្ឋាន​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ ដោយ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ពី​ក្តី​ព្រួយបារម្ភ​របស់​លោក​អំពី​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ក្រុម​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ។

លោក​ Murphy បាន​ថ្លែង​នៅ​គ្រា​នោះ​ថា៖ «នៅពេល​ដែល​អាមេរិក​និយាយ​ថា ខ្លួន​មាន​ក្តី​បារម្ភ​ ខ្លួន​មាន​ករណីយកិច្ច​ក្នុង​ការ​ចាត់​វិធានការ​នៅ​រាល់​ការ​វិល​ថយ​ក្រោយ​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។ លោក​ Murphy បាន​លើក​ឡើង​ដូច្នេះ​កាលពី​ខែធ្នូ ឆ្នាំ​២០១៧ ដែល​កាលណោះ​លោក​មាន​តួនាទី​ជា​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍។

នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ កិច្ចការ​របស់​លោក W. Patrick Murphy ក្នុង​នាម​ជា​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា នឹង​ស្ថិត​នៅក្នុង​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ចម្បង​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា​វិលរក​គន្លង​ប្រជាធិបតេយ្យ​វិញ។ ក្រោយ​ពី​មាន​ការ​ពន្យារ​ពេល​ជិត​មួយ​ឆ្នាំ​មក លោក Murphy អ្នក​កាទូត​ជាន់​ខ្ពស់​ម្នាក់​ដែល​មាន​បទពិសោធន៍​ស៊ី​ជម្រៅ​អំពី​តំបន់​អាស៊ី ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ឲ្យ​ក្លាយ​ជា​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅថ្ងៃទី១ ខែ​សីហា​កន្លង​ទៅ ដើម្បី​ជំនួស​លោក William A. Heidt អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បញ្ចប់​អាណត្តិ​របស់​លោក​កាលពី​ចុង​ឆ្នាំ ២០១៨។

លោក​ Murphy នឹង​ត្រូវ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​សព្វថ្ងៃ​កំពុង​តែ​មាន​ទំនាក់ទំនងយ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ចិន ដែល​បាន​បណ្តាក់​ទុន​នៅ​កម្ពុជា​គិតជា​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ ហើយ​ដែល​បាន​ការពារ​ប្រទេស​កម្ពុជា​ពី​ការ​ធ្លាក់​ចុះ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស។ បច្ចុប្បន្ន​ភាព​នៃ​ស្ថានភាព​នយោបាយ​របស់​កម្ពុជា​គឺ​ថា សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​រង​ការ​បង្ក្រាប និង​ធ្វើ​ទុក្ខបុកម្នេញ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​តាម​មូលដ្ឋាន​ត្រូវបាន​បន្ត​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នានា ហើយ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅតែត្រូវបាន​រឹតត្បិត។

ក៏ប៉ុន្តែ អ្នក​ជំនាញ​មើល​ឃើញ​ថា ការ​តែងតាំង​លោក Murphy ដែល​ជា​អ្នក​កាទូត​ជាន់​ខ្ពស់​របស់​អាមេរិក​ម្នាក់ មក​កាន់​តំណែង​នៅ​កម្ពុជា អាច​ជា​សញ្ញា​មួយ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ថា សហរដ្ឋ​អាមេរិក​កំពុង​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ខ្លួន​ចំពោះ​កម្ពុជា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Sebastian Strangio អ្នក​និពន្ធ​សៀវភៅ «ប្រទេស​កម្ពុជា​របស់​លោក ហ៊ុន សែន» និង​អ្នក​ជំនាញ​ខាង​នយោបាយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោក​ Sebastian Strangio បាន​ប្រាប់ VOA ថា៖ «ខ្ញុំ​គិតថា នេះ​គឺជា​សញ្ញា​ដ៏​ល្អ​មួយ។ លោក [Murphy] គឺជា​អ្នក​កាទូត​ជាន់​ខ្ពស់​ដ៏​ជំនាញ​ម្នាក់ ហើយ​ការ​ចាត់​តាំង​លោក​នេះ អាច​ទំនង​ជា​បង្ហាញ​ថា កម្ពុជា​កំពុង​តែ​ក្លាយ​ជា​ប្រទេស​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក»។

រូបឯកសារ៖ លោក W. Patrick Murphy ជាភារធារីនៃស្ថានទូតអាមេរិកប្រចាំប្រទេសថៃ (ឆ្វេង) ជួបជាមួយលោក Don Pramudwi ឧបរដ្ឋមន្ត្រីក្រសួងការបរទេសថៃ នៅក្នុងកិច្ចប្រជុំមួយនៅក្រសួងការបរទេសថៃ ទីក្រុងបាំងកក ប្រទេសថៃ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥។

បទពិសោធន៍​កាទូត​ស៊ីជម្រៅ

ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​រូបនេះ​មាន​បទពិសោធន៍​ស៊ីជម្រៅ​ខ្លាំង​អំពី​កាទូត​ក្នុង​តំបន់​អាស៊ី។ កើត​នៅ​ទីក្រុង Brattleboro នៃ​រដ្ឋ Vermont សហរដ្ឋ​អាមេរិក លោក W. Patrick Murphy បាន​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​កាទូត​នៅ​អាស៊ី​តាំងពី​ឆ្នាំ ១៩៩២ នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ឆ្លង​អន្តរកាល​ពី​ប្រទេស​កុម្មុយនិស្ត​ទៅ​ជាប្រទេស​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ​ឬ​ហៅថា​ UNTAC។

ក្នុង​រយៈពេល​ជាង​២៦ឆ្នាំ​ដោយ​បាន​បម្រើ​ការងារ​កាទូត​ឲ្យ​រដ្ឋាភិបាល​អាមេរិក លោក Murphy បាន​កាន់តំណែង​ធំៗ​ជាច្រើន​នៅ​ក្រសួង​ការបរទេស​អាមេរិក ក្នុង​នោះ​រួមមាន​ឧបការី​រង​ចម្បង​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក និង​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប្រចាំ​ការិយាល័យ​កិច្ចការ​អាស៊ី​ខាង​កើត​និង​អាស៊ីប៉ាស៊ីហ្វិក។

នៅ​តំបន់​អាស៊ី​អាគ្នេយ៍ លោក Murphy បាន​បំពេញ​តួនាទី​ជា​ភារធារី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​ថៃ ក្នុង​អំឡុង​ពេល​យោធា​ថៃ​បាន​ឡើង​កាន់កាប់​អំណាច​ក្នុង​ប្រទេស​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៦។ មុន​កាន់​តំណែង​នេះ លោក​គឺជា​អ្នក​តំណាង​ស្តីទី​ពិសេស​និង​ជា​អ្នក​សម្របសម្រួល​បេសកកម្ម​ផ្សះផ្សារ​និង​កែ​ទម្រង់​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ពីឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៣ ដោយបាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អតីតឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​មីយ៉ាន់ម៉ា គឺ​លោក Derek Mitchell។

ដោយ​មាន​បទពិសោធន៍​ការងារ​ជាមួយ​លោក​ Murphy នៅ​ប្រទេស​មីយ៉ាន់ម៉ា លោក Derek Mitchell បាន​លើកឡើង​ថា ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា មាន​លក្ខណៈ​សម្បត្តិ​ល្អ​បំផុត​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក​និង​កម្ពុជា ដែល​កំពុង​តែ​មាន​ភាព​រកាំរកូស។

អតីត​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​នៅ​ភូមា​រូបនេះ បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​ជា​ភាសា​អង់គ្លេស​ដែល​ត្រូវបាន​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា៖

«ខ្ញុំ​ពិត​ជា​រីករាយ​ ដែល​លោក [Murphy] នឹង​ដឹកនាំ​ស្ថានទូត​អាមេរិក​របស់​យើង​នៅ​កម្ពុជា ក្នុង​ដំណាក់​កាល​ដែល​ទំនាក់​ទំនង​ទ្វេរភាគី​របស់​យើង​ជាមួយ​កម្ពុជា​កំពុង​តែ​ជួប​ការ​លំបាក​ខ្លាំង និង​ដើម្បី​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ»។

សព្វថ្ងៃ​នេះ លោក Mitchell គឺជា​ប្រធាន​វិទ្យាស្ថានជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ដែល​ទីស្នាក់ការ​របស់​វិទ្យាស្ថាន​នេះ​នៅ​កម្ពុជា​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​បណ្តេញ​ចេញ​ពី​ប្រទេស​កាលពី​ឆ្នាំ​២០១៧ ក្នុង​អំឡុង​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​បង្ក្រាប​លើ​ក្រុម​គណបក្ស​ប្រឆាំង​និង​អ្នក​រិះគន់​រដ្ឋាភិបាល មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ២០១៨។

លោក​ Kurt Campbell អតីត​អ្នក​ជំនាញ​កាទូត​ជាន់​ខ្ពស់​របស់​អាមេរិក​ម្នាក់​ និង​ជា​អតីត​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត​និង​អាស៊ី​ប៉ាស៊ីហ្វិក​ ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣ បាន​ប្រាប់​ VOA តាម​សារ​អេឡិចត្រូនិក​ឬ​អ៊ីមែល​ថា លោក​ Murphy «មាន​បទ​ពិសោធន៍​ជ្រៅជ្រះ​ខាង​កាទូត‍»​ នៅ​តំបន់​អាស៊ី។

លោក​ Campbell ដែល​សព្វថ្ងៃ​ជា​នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន The Asia Group បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​ជា​ភាសា​អង់គ្លេស​ដែល​ត្រូវបាន​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា៖

«លោក​ Patrick Murphy គឺជា​អ្នក​ជំនាញ​ខាង​តំបន់​អាស៊ីនិង​អាស៊ី​អាគ្នេយ៍​ដ៏​សំខាន់​មួយ​រូប​របស់​អាមេរិក»។

ទោះ​បីជា​លោក​មាន​បទពិសោធន៍​ស៊ីជម្រៅ​លើ​តំបន់​អាស៊ី​ក្តី លោក Murphy អាច​នឹង​ប្រឈម​កិច្ចការ​កាទូត​របស់​លោក ដោយសារ​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កាលពី​ចុង​ខែ​កក្កដា កាសែត​ The Wall Street Journal បាន​រាយការណ៍​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​សម្ងាត់​ជាមួយ​ចិន ដោយ​អនុញ្ញាត​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​តំបន់​រាម ខេត្ត​ព្រះសីហនុ។ ប្រទេស​ចិន​បាន​ក្លាយ​ជា​ទីផ្សារ​ធំ​បំផុត​របស់​កម្ពុជា​ក្នុង​ការ​នាំ​ចេញ​អង្ករ ហើយ​ក្រៅ​ពី​នេះ ចិន​បាន​បង្កើន​ការ​វិនិយោគទុន​ខាង​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា និង​ការ​ផ្តល់​សព្វាវុធ​យោធា​ដល់​កង​យោធាកម្ពុជា។

លោក អ៊ៀ សុផល សាស្ត្រាចារ្យ​ខាង​កាទូត និង​កិច្ចការ​ពិភពលោក​ប្រចាំ​សាកល​វិទ្យាល័យ​ Occidental College នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក យល់ថា ទំនាក់​ទំនង​ដ៏​ស្អិត​រមួត​រវាង​កម្ពុជា​និង​ចិន​នា​ពេល​បច្ចុប្បន្ន​នេះ នឹង​ធ្វើ​ឲ្យ​លោក Murphy ជួប​ការ​លំបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​«មុជ​ខ្លួន​កាន់​តែ​ជ្រៅ​ក្នុង​ការ​បម្រើ​ផល​ប្រយោជន៍​របស់​ចិន»។

លោក​បាន​ប្រាប់ VOA តាម​សារអេឡិចត្រូនិក ឬ​អ៊ីមែល​ជា​ភាសា​អង់គ្លេស​ដែល​ត្រូវបាន​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា៖

«ចិន​កំពុង​តែ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ខ្លាំង ហើយ​វាពិត​ជា​លំបាក​ក្នុងការ​ចរចា​រឿង​អ្វី​មួយ​រដ្ឋាភិបាល​កម្ពុជា​ចង់​បាន ដែល​ចិន​មិន​អាច​ផ្តល់​ឲ្យ​កម្ពុជា​បាន។ រដ្ឋាភិបាល​កម្ពុជា​មិនចង់​បាន​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ទេ។ រដ្ឋាភិបាល​កម្ពុជា​ចង់បាន​តែ​សិទ្ធិមនុស្ស​ក្លែងក្លាយ និង​លទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ​តែ​ប៉ុណ្ណោះ»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅក្នុងជំនួបរវាងរដ្ឋាភិបាលកម្ពុជា-ចិន នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ (Madoka Ikegami/Pool via REUTERS)

«អ្នក​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ»

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋសភា​អាមេរិក​បាន​ដាក់​សម្ពាធ​កាន់​តែ​ច្រើន​ឡើង​លើ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​បាន​ស្នើ​ជា​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ក្នុង​គោល​បំណង​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា។

កាលពី​ថ្ងៃទី១៥ ខែ​កក្កដា រដ្ឋសភា​អាមេរិក​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឆ្នាំ ២០១៩ (Cambodia Democracy Act 2019) ដែល​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​កាលពី​ចុង​ឆ្នាំ ២០១៧ និង​ទាមទារ​ឲ្យ​កម្ពុជា​វិល​រក​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ។ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧ តាមរយៈ​ច្បាប់ Magnitsky Act ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​លោក ហ៊ីង ប៊ុនហៀង មេ​បញ្ជាការ​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

នៅ​ក្នុង​អំឡុង​សវនាការ​តែងតាំង​តំណែង​ថ្មី​របស់​លោក កាលពី​ខែ​ធ្នូ ឆ្នាំ ២០១៨ លោក​ Murphy បាន​ថ្លែង​ថា លោក​ប្តេជ្ញា​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋសភា​អាមេរិក ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​គាំទ្រ​គោលនយោបាយ​ចម្បង​របស់​អាមេរិក។

លោក Murphy បាន​ថ្លែង​ថា៖ «បើ​ត្រូវបាន​តែងតាំង ខ្ញុំ​នឹង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋសភា ដើម្បី​ពង្រីក​ផល​ប្រយោជន៍​របស់​អាមេរិក​នៅ​កម្ពុជា ដោយ​លើក​កម្ពស់​កម្ពុជា​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សិទ្ធិ​សេរីភាព​មូលដ្ឋាន ដោយ​ផ្តោត​លើ​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ផ្តល់​ឲ្យ​សហរដ្ឋ​អាមេរិក»។

លោក​ក៏បាន​លើកឡើង​ថា លោក​ក៏​នឹង​ជំរុញ​ឲ្យ​មាន​ការ​ផ្សះផ្សារ​ខាង​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។

យ៉ាងណាមិញ ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​គោល​ជំហរ​របស់​ខ្លួន​ក្នុងការ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​វិញ​ឡើយ។​ លោក​ កឹម សុខា នៅតែ​ជាប់​ឃុំ​ខ្លួន​នៅ​គេហដ្ឋាន រាល់​ការ​ជួបជុំ និង​ការ​តវ៉ា​នានា ត្រូវបាន​បង្ក្រាប​ដោយ​មន្ត្រី​ប៉ូលិស ហើយ​ក៏​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ជា​បន្តបន្ទាប់​ដែល​បាន​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​លោក។

បន្ថែម​លើ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ព្រមាន​សហរដ្ឋ​អាមេរិក​ថា រាល់​ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​មក​លើ​កម្ពុជា មាន​ន័យ​ថា សហរដ្ឋ​អាមេរិក​សម្រេច​កាត់ផ្តាច់​ទំនាក់​ទំនង​ជាមួយ​កម្ពុជា។​

លោក​ ហ៊ុន សែន​ ធ្លាប់​បាន​លើក​ឡើង​ថា៖ «ដាក់​ ទៀ បាញ់​ ស្មើ​នឹង​ផ្តាច់​ទំនាក់​ទំនង​យោធា ដាក់ ស ខេង ស្មើ​នឹង​ផ្តាច់​ទំនាក់​ទំនង​ខាង​នគរបាល ដាក់​ប្រាក់ សុខុន ស្មើ​នឹង​ផ្តាច់​ទំនាក់​ទំនង​ខាង​ទូត​ ដាក់​ទៅ​លើ អូន ព័ន្ធមុនីរ័ត្ន​ ស្មើ​នឹង​ផ្តាច់​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច»។

លោក​ Andrew Mertha សាស្ត្រាចារ្យ​ខាង​ការ​សិក្សា​អំពី​ប្រទេសចិន​និង​តំបន់អាស៊ី ប្រចាំ​ដេប៉ាតេម៉ង់​ការ​សិក្សា​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ Johns Hopkins នៅ​រដ្ឋធានី​វ៉ាស៊ីនតោន យល់​ថា គោល​ជំហរ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោក Murphy ទំនង​ជា​ធ្វើ​ឲ្យ​លោក​អាច​ប៉ះទង្គិច​គ្នា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​កាន់អំណាច​តាំង​ពីឆ្នាំ ១៩៨៥។ ក៏ប៉ុន្តែ លោក​ក៏​យល់ថា​ ការ​ប៉ះទង្គិច​គ្នា​នេះ​អាច​បង្កើត​ជា​ឱកាស​ក្នុង​ការ​ស្វែងយល់​ពី​គ្នា​ទៅវិញ​ទៅមក។

លោក​សាស្ត្រាចារ្យ​ Mertha បាន​ប្រាប់​ VOA តាម​សារអេឡិចត្រូនិក ឬ​អ៊ីមែល​ជា​ភាសា​អង់គ្លេស​ដែល​ត្រូវបាន​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា៖

«ការណ៍​ដែល​លោក [Murphy] គឺជា​អ្នក​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ មាន​ន័យ​ថា លោក​អាច​នឹង​ប៉ះ​ទង្គិចគ្នា​ជាមួយ​លោក​ ហ៊ុន សែន ប៉ុន្តែ​ការណ៍​នេះ​មិនមែន​មាន​ន័យ​ថា​ជា​រឿង​មិន​ល្អ​នោះ​ទេ។ លោក​ ហ៊ុន សែន​ ជា​មនុស្ស​គោរព​ភាព​ខ្លាំង​របស់​បុគ្គល។ បន្ថែម​លើ​នេះ លោក​ឯកអគ្គរដ្ឋ​ទូត Murphy មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ក្រុម​សមាជិក​រដ្ឋសភា​អាមេរិក​ដែល​យកចិត្ត​ដាក់​លើ​ស្ថានភាព​នៅ​កម្ពុជា ដូច្នេះ​គោលជំហរ​របស់​លោក Murphy នឹង​មាន​ប្រសិទ្ធភាព»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមពិធីគម្រប់ខួប៦៨ឆ្នាំនៃការបង្កើតបក្ស នៅរាជធានីភ្នំពេញ​ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។

កម្ពុជា​ស្វាគមន៍​លោក Murphy

នៅ​កម្ពុជា​វិញ សមាជិក​រដ្ឋាភិបាល​បាន​ស្វាគមន៍​ការ​តែងតាំង​លោក W. Patrick Murphy ជា​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ហើយ​ថា នេះ​គឺជា​ឱកាស​ក្នុងការ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​អាមេរិក​និង​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង។

លោក សុខ ឥសាន សមាជិក​ព្រឹទ្ធសភា​ និង​ជា​អ្នក​នាំ​ពាក្យ​ឲ្យ​គណបក្ស​កាន់​អំណាច បាន​ប្រាប់ VOA ថា៖

«ខ្ញុំ​ជឿជាក់ ពីព្រោះ​ទី១ លោក​មាន​បទ​ពិសោធន៍​ខាង​កាទូត អញ្ចឹង​ទេ ការ​ធ្វើ​អី​គឺ​យើង​ដឹង​ហើយថា​ មាន​បទពិសោធន៍ ការ​មាន​ចំណេះ​ដឹង​អំពី​ការងារ​កាទូត​ហើយ គឺ​ធ្វើ​អី​វា​ស្រប​តាម​តួនាទី ភារកិច្ច​របស់​ឯកអគ្គរដ្ឋ​ទូត»។

លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ការ​ចាត់​តាំង​អ្នក​កាទូត​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​ឲ្យ​មក​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​កម្ពុជា ​នេះ បង្ហាញ​ថា សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​តម្លៃ​របស់​កម្ពុជា នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោក​បាន​ប្រាប់ VOA ថា៖

«ជា​តម្លៃ​មួយ​ដែល​គេ​ឲ្យ​តម្លៃ​មក​កម្ពុជា។ ហើយ​ដូច​ជា​ប្រទេស​មួយ​ចំនួន​ដែល​គេ​យក​ទូត​គេ​ចេញ​ពី​សហរដ្ឋ​អាមេរិក​ឲ្យ​មក​ធ្វើ​ការ​នៅ​កម្ពុជា​ហ្នឹង កម្ពុជា​បាន​ដើរ​តួនាទី​ជា​វេទិកា​អន្តរជាតិ​មួយ ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​ផង។ អាស្រ័យ​ដោយ​បទពិសោធន៍​របស់​លោក Murphy ហើយ​លោក​មក​ធ្វើ​កិច្ចការ​នៅ​ប្រទេស​កម្ពុជា បាន​សេចក្តី​ថា វា​ជា​មជ្ឈមណ្ឌល​នៃ​អំណាច​កាទូត​ផង»។

ទោះ​ជា​មាន​ការ​បង្ហាញ​ពាក្យ​ពេចន៍​វិជ្ជមាន​ពី​រដ្ឋាភិបាល​កម្ពុជា​ក្តី លោក អ៊ៀ សុផល យល់ថា រដ្ឋាភិបាល​កម្ពុជា​មិន​ទំនង​ជា​ចង់​ស្តារ​ទំនាក់​ទំនង​ជាមួយ​អាមេរិក ឬ​ក៏​ផ្តល់​សម្បទាន​ដល់​អាមេរិក​នោះ​ទេ។

លោក​ អ៊ៀ សុផល បាន​ប្រាប់ VOA តាម​សារអេឡិចត្រូនិក ឬ​អ៊ីមែល​ជា​ភាសា​អង់គ្លេស​ដែល​ត្រូវបាន​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា៖

«គ្មាន​អ្វីថ្មី​កើត​ចេញ​ពី​រដ្ឋាភិបាល​កម្ពុជា​ទេ គឺ​មាន​តែ​យុទ្ធសាស្ត្រ​ដដែល​ គឺ​ដូច​ស្រា​ចាស់​ដដែលៗតែ​ក្នុង​ដប​ថ្មី​តែ​ប៉ុណ្ណោះ»៕