មេដឹកនាំ​អាស៊ី​អាគ្នេយ៍​​ព្រមាន​ពី​ការ​កើន​ឡើង​ឧបទ្ទវហេតុ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​អំឡុង​វិបត្តិ​កូវីដ១៩

  • ​Reuters

នាយក​រដ្ឋ​មន្ត្រី​វៀតណាម Nguyen Xuan Phuc ថ្លែង​ក្នុង​ពេល​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ តាម​ប្រព័ន្ធ​វីដេអូ កាល​ពី​ថ្ងៃ​សុក្រ ទី​២៦ មិថុនា ២០២០។

ប្រទេស​វៀតណាម​និង​ហ្វីលីពីន​បាន​ព្រមាន​ពី​អសន្តិសុខ​កើន​ឡើង​នៅ​អាស៊ី​អាគ្នេយ៍ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​របស់​តំបន់​ ​កាល​ពី​ថ្ងៃ​សុក្រ ខណៈ​មាន​ការ​បារម្ភ​ថា ប្រទេស​ចិន​កំពុង​បង្កើន​សកម្មភាព​នៅ​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​ជា​សាកល។

ប្រធានាធិបតី​ហ្វីលីពីន​លោក ​Rodrigo Duterte បាន​ថ្លែង​ទៅ​កាន់​មេដឹកនាំ​នៃ​សកមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ក្នុង​កិច្ច​ប្រជុំ​តាម​អនឡាញ​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «សូម្បី​តែ​ក្នុង​ពេល​តំបន់​យើង​កំពុង​ស្រវ៉ា​ស្រទេញទប់​ស្កាត់​ជំងឺ​កូវីដ១៩ ក៏​មាន​ឧប្បទ្ទវហេតុ​ដ៏​គ្រោះថ្នាក់​កើត​ឡើង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង»។​

ទាំង​ហ្វីលីពីន​និង​វៀតណាមកាល​ពី​ខែ​មេសា​បាន​ធ្វើ​ការ​តវ៉ា​នឹង​ប្រទេស​ចិនចំពោះ​ការ​ប្រកាស​ដោយ​ឯកតោភាគី​នូវ​សង្កាត់​រដ្ឋបាល​ថ្មី​នៅ​លើបណ្តា​កោះ​ក្នុង​តំបន់​សមុទ្រ​មាន​ជម្លោះដែល​វៀតណាម​និង​ហ្វីលីពីន​ទាមទារ​ដែរ​នោះ។ ​

ប្រទេស​ចិន​កំពុង​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដែន​សមុទ្រ​សេដ្ឋកិច្ច​ពិសេស (EEZ) របស់​ប្រទេស​ដទៃ​ក្នុង​ជម្លោះ ខណៈ​ពួក​គេ​កំពុង​ជាប់​រវល់​នឹង​ការ​ទប់​ស្កាត់​ជំងឺ​រាតត្បាត​កូវីដ១៩ ដែល​នេះ​បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​បាន​ទទូច​ឲ្យ​ប្រទេស​ចិន​បញ្ឈប់​នូវ​ការ​សម្លុត​ប្រទេស​ជិត​ខាង​នៅ​អាស៊ី​អាគ្នេយ៍​របស់ខ្លួន។

កាល​ពី​ខែ​មេសា វៀតណាម ថា​ទូក​នេសាទ​ខ្លួន​ត្រូវ​នាវា​ល្បាត​របស់​ចិន​ពន្លិច។

នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ​នោះ នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc ថ្លែង​ថា ខណៈ​ពិភពលោក​កំពុង​ជាប់​ដៃ​ដក​ខ្លួន​មិន​រួច​ពី​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ នៅ​តែ​មាន​សកម្មភាព​មិន​ទទួល​ខុស​ត្រូវ​និង​រំលោភ​ច្បាប់​អន្តរជាតិ​កំពុង​កើត​ឡើង ដោយ​លោក​មិនមាន​និយាយ​ឲ្យ​ចំ​ដល់​ប្រទេស​ចិន​នោះ​ទេ៕