ពួក​​ជន​សកម្មប្រយុទ្ធ​​អាល់កៃដា​វាយ​យក​បាន​មូលដ្ឋាន​យោធា​យេម៉ែន

កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ទី២ ខែមេសា ឆ្នាំ​២០១៥ ក្រុម​យោធា​ដែល​ស្មោះ​ស្ម័គ្រ​ជា​មួយ​​ប្រធានា​ធិបតី​យេម៉ែន​ Abed Rabbo Mansour Hadi បាន​គ្រប់​គ្រង​ទីតាំង​មួយ​នៅ​លើ​ផ្លូវ​ក្នុង​ទីក្រុង​ Aden នៃ​ប្រទេស​យេម៉ែន​។

ពួកជន​សកម្មប្រយុទ្ធអាល់កៃដា​ (Al-Qaida)​ បាន​វាយ​យក​បានមូលដ្ឋាន​យោធា​ យេម៉ែន ​(Yemen)​ សំខាន់​មួយ​នៅ​ក្នុង​ក្រុង​ Mukalla ​ក្នុង​ប៉ែក​ខាងត្បូង​ប្រទេស​កាល​ពី​ថ្ងៃសុក្រ។ ការ​វាយ​ប្រហារ​នេះ​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ពួក​គេ​បាន​ឆ្មក់​ចូល​លុក​ក្នុង​គុក​មួយ​នៅ​ទីនោះ​ហើយ​បាន​រំដោះ​អ្នក​ទោស​៣០០​នាក់​ដោយ​មាន​រួម​បញ្ចូល​ទាំង​មេ​អាល់កៃដា​សំខាន់​ម្នាក់​ផងដែរ។

ក្រុម​មន្ត្រី​យោធា​យេម៉ែន​ និយាយ​ថា​ ពួក​ជន​សកម្ម​ប្រយុទ្ធ​ប្រឈមមុខ​នឹង​ការ​ទប់​ទល់​បន្តិច​បន្តួច​នៅ​ពេល​ពួក​គេ​វាយ​យក​បាន​គុកនោះ។

នៅ​ឯ​ប៉ែក​ខាង​លិច​ប្រទេស​ ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​(Saudi Arabia) ​ដែល​ខិត​ខំ​ប្រឹង​ប្រែង​បញ្ឈប់​ការ​រុល​ទៅ​មុខ​នៃ​ពួក​ឧទ្ទាម Houthi Shi'ite​ បាន​ទម្លាក់​អាវុធ​តាម​ឆត្រយោង​ទៅ​ឱ្យ​ពួក​យុទ្ធជន​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ Houthis ​នៅ​ក្នុង​ក្រុង​កំពង់​ផែ​ Aden ​នា​ប៉ែក​ខាង​ត្បូង​ប្រទេស។

កាលពី​ថ្ងៃ​សុក្រ​ ការ​ប្រយុទ្ធ​គ្នា​តាម​ផ្លូវ​បាន​កើត​ឡើងខ្លាំង​ទ្បើងៗ​នៅ​ក្នុង​ក្រុង​ Aden ​ដោយ​កង​កម្លាំង​ស្មោះ​ត្រង់​ជាមួយ​លោក​ប្រធានាធិបតី​ Abd-Rabbu Mansour Hadi ​ដែល​មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​ ប្រឹង​ប្រែង​ទប់ទល់​នឹង​ពួក​ Houthis​ កុំ​ឱ្យ​ពួក​គេ​វាយ​យក​បាន​ក្រុង​នេះ​ដែល​ជា​សំបុក​នៅ​សេស​សល់​ចុង​ក្រោយ​បង្អស់​របស់​ពួក​អ្នក​គាំទ្រ​លោក ​Hadi។​

កង​យន្ត​ហោះ​ចម្បាំង​របស់ក្រុម​ចម្រុះ​បាន​ធ្វើការ​វាយ​ប្រហារ​តាមអាកាស។​ ពួក​មន្ត្រី​និយាយ​ថា​ មាន​ពួក​ឧទ្ទាម​យ៉ាង​តិច​ណាស់​១០នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធគ្នា៕