ទីភ្នាក់ងារបណ្ណាសារនិងឯកសារជាតិបានព្រមានពួកសមាជិកសភាកាលពីថ្ងៃ ព្រហស្បតិ៍ថា ខ្លួននឹងអាចបំពេញតាមសំណើរបស់គណក្សសាធារណរដ្ឋក្នុងការរកឯកសារទាក់ទងនឹងលោក Brett Kavanaugh ដែលបានត្រូវស្នើឈ្មោះឱ្យកាន់តំណែងជាចៅក្រមតុលាការកំពូលរហូតដល់ខែតុលា។ ការណ៍នេះនាំឱ្យមានការយឺតយ៉ាវដល់ដំណើរការរបស់ពួកសាធារណរដ្ឋក្នុងការតែងតាំងនេះ។
ពួកសាធារណរដ្ឋនៅក្នុងគណៈកម្មាធិការតុលាការនៃព្រឹទ្ធសភាស.រ.អា.បានស្នើសុំឯកសារទាក់ទងនឹងការងាររបស់លោក Kavanaugh ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៣ នៅពេលលោកកាន់តំណែងជាមេធាវីសេតវិមាននៅពេលលោក George W. Bush កាន់តំណែងប្រធានាធិបតីអាមេរិកាំង។
លោក Gary Stern មេធាវីមន្ទីរបណ្ណាសារជាតិបានផ្ញើរលិខិតមួយច្បាប់ទៅលោក Chuck Grassley សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Iowa និងជាប្រធាននៃគណៈកម្មាធិការនេះថា ទោះណាជាឯកសារខ្លះអាចប្រគល់បានមុនពេលកំណត់ក៏ដោយ ការពិនិត្យសើរើឯកសារនឹងមានធ្វើចប់សព្វគ្រប់«មិនហួសពីដំណាច់ខែតុលាទេ»។
អ្នកនាំពាក្យម្នាក់របស់លោក Grassley បាននិយាយថា គណៈកម្មាធិការនេះនឹងនៅតែអាចធ្វើការពិនិត្យមើលរបស់ខ្លួនតាមពេលវេលាកំណត់ពីមុនដែលអាចឱ្យលោក Kavanaugh ទទួលការតែងតាំងក្នុងខែតុលា៕