ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Anthony Kennedy ចៅក្រម​តុលាការ​កំពូល​ស.រ.អា.នឹង​ចូល​និវត្តន៍នៅ​ខែក្រោយ


រូបភាពឯកសារ៖ លោក Anthony Kennedy ចៅក្រម​តុលាការ​កំពូល​ស.រ.អា.។
រូបភាពឯកសារ៖ លោក Anthony Kennedy ចៅក្រម​តុលាការ​កំពូល​ស.រ.អា.។

លោក Anthony Kennedy ចៅក្រម​តុលាការ​កំពូល​ស.រ.អា.ដែល​ជា​អ្នកបោះ​ឆ្នោត​សំខាន់​ម្នាក់​ក្នុង​តុលាការ​នេះ​បាន​ប្រកាស​កាលពី​ថ្ងៃពុធ​អំពី​ការ​ចូលនិវត្តន៍​របស់​លោក​ហើយ​ការណ៍​នេះ​ផ្តល់ឱ្យ​លោកប្រធានាធិបតី Donald Trump នូវ​ឱកាស​មួយ​ដើម្បី​ធ្វើការ​តែងតាំងចៅក្រម​ទី​ពីរនៃ​តុលាការ​កំពូល​ស.រ.អា.​ក្នុង​អាណត្តិ​របស់លោក ដែល​នាំឱ្យ​តុលាការ​កំពូលអាមេរិកាំង​ងាក​ទៅខាង​ស្តាំ​ថែមទៀត។​

នៅ​ក្នុង​រយៈពេល​៣០ឆ្នាំ​ដែល​លោក​កាន់តំណែង​ជាចៅក្រម​តុលាការកំពូលស.រ.អា.​ លោក​ Anthony Kennedy ដែលបានត្រូវ​តែង​តាំង​ដោយ​ក្រុម​សាធារណរដ្ឋ​ ជាញឹក​ញយ​បាន​ងាក​ចេញពីពួកស​ហ​សេវិកអភិរក្ស​និយម​របស់​លោក​ដើម្បី​បោះឆ្នោតដាច់ណាត់​អំពី​ករណីយ​មួយចំនួន​ដោយ​មាន​រួមបញ្ចូល​ករណី​ទាក់ទិន​នឹង​ការពន្លូតកូន សិទ្ធិរបស់​មនុស្ស​ស្រឡាញ់​មនុស្ស​មានភេទ​ដូចគ្នា​និង​សិទ្ធិ​បោះឆ្នោត។​

ការ​ចូល​និវត្តន៍​របស់​លោក​នឹង​ចូល​ជា​ធរមាន​នៅ​ដំណាច់ខែ​កក្កដា​ខាង​មុខនេះ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ លោក​ Anthony Kennedy អាយុ​៨១ឆ្នាំ​ បាន​មានប្រសាសន៍​ថាវាជា «កិត្តិយសនិង​បុព្វសិទ្ធិ​ធំបំផុត​របស់ខ្ញុំ​ក្នុងការ​បម្រើ​ប្រទេស​ជាតិយើង​ក្នុង​វិស័យ​តុលាការ​សហព័ន្ធចំនួន៤៣ឆ្នាំ​ដោយ​មានរួម​បញ្ចូល​៣០ឆ្នាំ​ក្នុង​តុលាការ​កំពូល​ផងដែរ»។

លោក Trump បាន​ហៅលោក Kennedy ថា​ជា​បុរស​ម្នាក់ «មានទស្សនៈវិស័យ​ធំសម្បើម»ហើយ​លោក​បានថ្លែង​ថា​លោកចាប់ផ្តើម​ស្វែង​រក​អ្នកជំនួសលោក Kennedyជាបន្ទាន់៕

XS
SM
MD
LG