បន្ទាប់ពីបានផ្អាករយៈពេលបីឆ្នាំដោយសារព្រឹត្តិការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ព្រះរាជពិធីបុណ្យអុំទូកដែលជាបុណ្យប្រពៃណីខ្មែរតាំងពីបុរមបុរាណមកនោះ ត្រូវបានរដ្ឋាភិបាលរបស់លោកហ៊ុន សែនចាប់ផ្តើមប្រារព្ធឡើងវិញហើយ។
ពេលកំពុងប្រឹងអុំទូក កីឡាករអុំទូកស្រែកថា៖ «យើ យើសៗៗៗ»
ក៏ប៉ុន្តែទិដ្ឋភាពនៅពីមុខព្រះបរមរាជវាំងតាំងពីព្រឹករហូតដល់រសៀលនៅថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក មិនសូវមានមនុស្សច្រើនកុះករ ដូចបណ្តាឆ្នាំមុនៗ នៅមុនពេលដែលព្រឹត្តិការណ៍រត់ជាន់គ្នានៅលើកោះពេជ្រ។
អ្នករត់រឺម៉កកង់បី និងអ្នករកទទួលទានមុខរបរតូចតាចពេលបុណ្យអុំទូកបានត្អូញត្អែរពីការរកប្រាក់ចំណូលបានតិចតួច បើប្រៀបធៀបនឹងពិធីបុណ្យអុំទូកពីលើកមុនៗ។
លោកកែ ហ៊ី អាយុ៣៨ឆ្នាំ មកពីខេត្តព្រៃវែង បានអង្គុយនៅលើរឺម៉កកង់បីរបស់លោកអស់រយៈពេលជាងបីម៉ោងមកហើយ តែនៅមិនទាន់មានអ្នកជិះសោះ។
លោកកែ ហ៊ីគឺជាអ្នករត់រឺម៉កកង់បីអស់រយៈពេលជាងពីរឆ្នាំមកហើយ។ រឺម៉ករបស់លោកចតនៅមិនឆ្ងាយប៉ុន្មានពីព្រះបរមរាជវាំងទេ។ លោកនិយាយថា បើប្រៀបធៀបទៅថ្ងៃធម្មតា លោករកប្រាក់ចំណូលបានច្រើនជាង។
លោកនិយាយថា៖ «ថ្ងៃធម្មតារកបានបង។ ថ្ងៃបុណ្យមិនទាន់រកបានផងថ្មើរហ្នឹង។ ថ្ងៃធម្មតារកបានដប់ ដប់ប្រាំ និង២០ដុល្លារ។ ថ្ងៃនេះបានលុយ១ម៉ឺនរៀល។ ប្រហែលវាខានបុណ្យយូរ មនុស្សលែងចំណាប់អារម្មណ៍ លែងឃើញមកដើរលេង»។
កំពុងអង្គុយលក់ទឹកសុទ្ធ និងលក់សណ្តែកដីពីមុខវត្តបទុមវត្តី ស្ត្រីម្នាក់និង ប្អូនប្រុសម្នាក់បាននិយាយដូចៗគ្នាថា ពួកគេលក់មិនដាច់ទេ បើប្រៀបធៀបនឹងពិធីបុណ្យអុំទូកលើកមុនៗ។
អ្នកស្រីនិយាយថា៖ «ថ្ងៃធម្មតាបានលក់ដាច់។ អត់សូវមានអ្នកទិញផង»។
ប្អូនប្រុសម្នាក់និយាយថា៖ «លក់សណ្តែកដី»។
វីអូអេ៖«លក់ដាច់ទេ?»
ប្អូនប្រុសលក់សណ្តែកដី៖ «អត់ផង»។
វីអូអេ៖ «ហេតុអ្វីបានអត់ដាច់?»
ប្អូនប្រុសលក់សណ្តែកដី៖ «អត់មានមនុស្សទិញ»។
នៅពីមុខព្រះបរមរាជវាំង មនុស្សមិនសូវច្រើនទេមកទស្សនាពិធីបុណ្យអុំទូកនៅពេលរសៀល។ ក្នុងខណៈពេលដែលកីឡាករអុំទូកបានប្រឹងអុំដើម្បីយកជ័យជំនះ។
អ្នកអត្ថាធិប្បាយពិធីបុណ្យប្រកាសថា៖ «ទូកទាំងពីរនេះគឺលឿនលយដូចគ្នា។ ឯកសណ្ឋានស្រស់ស្អាត»។
អង្គុយនៅលើច្រាំងទន្លេ ភ្នែកកំពុងសម្លឹងមើលកីឡាករអុំទូក លោកគឹម ម៉ក់អាយុ៥១ឆ្នាំមកពីខេត្តកំពង់ធំ មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្លះភ័យខ្លាចមិនហ៊ានមកទស្សនាបុណ្យអុំទូកទេ។ ក៏ប៉ុន្តែលោកនិងក្រុមគ្រួសារមិនបារម្មណ៍បញ្ហានេះទេ។
លោកនិយាយថា៖ «វាពិបាកដែរបង ពីព្រោះគ្នាយើងឥឡូវជួនអីដូចថា គេខ្លាច»។
ការបើកឆាកប្រកួតដំបូង មានកីឡាករអុំទូកខ្លះទទួលជ័យជំនះ ហើយគេបានរាំសប្បាយរីករាយនៅលើទូក ចំណែកអ្នកដែលមិនទទួលជ័យជម្នះបានមកអង្គុយផ្តុំគ្នានៅលើច្រាំងទន្លេ។
លោកផូវ សួន អ្នកអុំទូកឈ្មោះ«បារមីលោកយាយម៉ៅ ពេជ្រនិល» មិនទទួលបានជ័យជំនះទេនៅថ្ងៃដំបូងនេះ។
លោកនិយាយថា៖ «ចាញ់គេ។ គេសង្កត់យើង មកពីបច្ចេកទេសអុំ និងជួនកាល ទូកយើងវាស្រាលទូកគេវាធ្ងន់។ យើងសង្កត់គេរហូតដល់ពេលជិតដល់ទី ទូកគេវាធ្ងន់ គេចេះជ្រោលមកយើង។ យើងអស់កម្លាំងវាអស់ដែរ»។
លោកវ៉ាន់ វ៉េត កីឡាករអុំទូកឈ្មោះ «បទុមឆព័ន្ធសែនជ័យ»បានសើចសប្បាយរីករាយនៅពេលដែលទូករបស់លោកទទួលបានជ័យជម្នះលើគួប្រកួត។
លោកនិយាយថា៖ «លទ្ធផលវាបានឈ្នះថ្ងៃហ្នឹង លើកទីមួយ។ សប្បាយរីករាយ ដូចមនុស្សអបអរសារទរ ដូចនៅក្នុងបរមរាជវាំង»។
ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទីមួយនេះ មានព្រះរាជវត្តមានព្រះមហាក្សត្រ សម្តេចព្រះបរមនាថនរោត្តមសីហមុនី លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកហេង សំរិន ប្រធានរដ្ឋសភា និងសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួន៕