សម្តេចប៉ាប Francis នៅថ្ងៃចន្ទនេះ បានបញ្ចប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីស្វះស្វែងនាំក្តីសង្ឃឹមដល់សមគមន៍ជនជាតិភាគតិចកាន់គ្រិស្តសាសនានៅក្នុងប្រទេសនោះ ដោយមានសារនៃការរួមរស់ជាមួយគ្នា ការអនុគ្រោះគ្នា និងសន្តិភាព។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
សម្តេចសង្ឃរ៉ូម៉ាំងកាតូលិកនិងគណៈប្រតិភូរបស់ព្រះអង្គ បានត្រូវជូនដំណើរដោយប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Salih នៅក្នុងពិធីលាគ្នាមួយនៅអាកាសយានដ្ឋានក្រុងបាដាត ដើម្បីព្រះអង្គចាកចេញទៅកាន់ទីក្រុងរ៉ូម និងបូរីវ៉ាទីកង់វិញ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់សម្តេចប៉ាបនៅខេត្តចំនួន៥ ទូទាំងប្រទេសអ៊ីរ៉ាក់។
គ្រប់កន្លែងដែលព្រះអង្គបានយាងទស្សនា សម្តេច Francis បានជំរុញឲ្យប្រជាពលរដ្ឋអ៊ីរ៉ាក់ ប្រកាន់យកនូវពហុភាពជាតិសាសន៍ ទាំងនៅទីក្រុង Najaf ភាគខាងត្បូងប្រទេសជាទីកន្លែងដែលព្រះអង្គ បានជួបទល់មុខគ្នាជាប្រវត្តិសាស្ត្រជាមួយបុព្វជិតនិកាយស៊ីអ៊ីដដ៏មានអំណាច គឺ Grand Ayatollah Ali al-Sistani ទាំងនៅទីក្រុង Nineveh ភាគខាងជើងជាទីកន្លែងដែលព្រះអង្គបានជួបគ្រិស្តសាសនិកដែលជាជនរងគ្រោះដោយសារអំពើព្រៃផ្សៃរបស់ក្រុមភេរវជនរដ្ឋឥស្លាម ហើយព្រះអង្គបានទទួលសក្ខីកម្មរបស់ពួកគេពីការនៅរស់រានមានជីវិត។
មនុស្សម្នា បានប្រមូលផ្តុំគ្នាយ៉ាងច្រើនណែនណាន់តាន់តាប់ដើម្បីមើលសម្តេចប៉ាបនៅគ្រប់ទីកន្លែងណាដែលព្រះអង្គយាងទៅ ដែលនេះបានបណ្តាលឲ្យមានការបារម្ភពីការឆ្លងជំងឺកូវីដ១៩។ មនុស្សតិចតួច បានពាក់ម៉ាស់ក្នុងអំឡុងនៃការឈប់សំចតរបស់សម្តេច Francis នៅអ៊ីរ៉ាក់ភាគខាងជើងកាលពីថ្ងៃអាទិត្យ។ ថ្ងៃនោះ បានបញ្ចប់ទៅដោយមានពិធីសូត្រធម៌នៅកណ្តាលវាលនៅក្នុងពហុកីឡាដ្ឋានដែលបានទាក់ទាញមនុស្សជិត១ម៉ឺននាក់។ សន្តិសុខបានត្រូវរឹតបន្តឹង ហើយពិធីជាច្រើនបានត្រូវគ្រប់គ្រងដោយតឹងតែងបំផុត៕