យន្តហោះដឹកមនុស្សចេញពីប្រទេសអាហ្គានីស្ថានបានបន្តនៅថ្ងៃអង្គារនៅព្រលានយន្តហោះអន្តរជាតិក្រុងកាប៊ុលប្រទេសអាហ្គានីស្ថានបន្ទាប់ពីមានការច្របូកច្របល់មួយថ្ងៃដោយសារមនុស្សរាប់ពាន់នាក់បានមកប្រមូលផ្តុំនៅទីនោះខណៈមន្ត្រីការទូតនិងជនស៊ីវិលព្យាយាមចាកចេញពីប្រទេសនោះ។
អ្នកតំណាងស៊ីវិលជាន់ខ្ពស់របស់អង្គការអូតង់ប្រចាំប្រទេសអាហ្វហ្គានីស្ថានលោក Stefano Pontecorvo បានបង្ហោះរូបថតមួយសន្លឹកតាមធ្វីតធឺដោយបង្ហាញយន្តហោះកងទ័ពអាកាសអាមេរិកជាច្រើននិងបាននិយាយថាលោកបានឃើញយន្តហោះចុះនិងឡើងជាបន្តបន្ទាប់។
រដ្ឋមន្ត្រីកងទ័ពបារាំងអ្នកស្រី Florence Parly បាននិយាយថាយន្តហោះយោធាទីមួយរបស់បារាំងដែលដឹកពលរដ្ឋរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានបានចុះចតក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួមកាលពីយប់ហើយប្រទេសបារាំងកំពុងរៀបចំបញ្ជូនយន្តហោះជើងបន្តាប់ទៀត។
ប្រទេសឥណ្ឌាបានជម្លៀសពលរដ្ឋរបស់ខ្លួនចំនួន១៤០នាក់ពីស្ថានទូតឥណ្ឌាក្នុងទីក្រុងកាប៊ុលរួមមានអ្នកការទូតបុគ្គលិកនិងមន្ត្រីសន្តិសុខធ្វើការនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារតាមជើងយន្តហោះយោធាពិសេសមួយគ្រឿង។
យោធាអាមេរិកបានបញ្ជាក់ថាយ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់នៅឯព្រលានយន្តហោះ។អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយថាខ្មាន់កាំភ្លើងពីរនាក់បានបាញ់ទៅលើហ្វូងមនុស្សនៅក្នុងឧប្បត្តិហេតុពីរដាច់ដោយឡែកពីគ្នាកាលពីថ្ងៃច័ន្ទហើយអ្នកទាំងពីរត្រូវបានសម្លាប់ដោយកងកម្លាំងអាមេរិកដែលឆ្លើយតបការគំរាមកំហែងដ៏រសើបនិងជាក់ស្តែង។
មន្រ្តីអាមេរិកម្នាក់ដែលបាននិយាយជាមួយវីអូអេដោយសុំមិនបញ្ចេញឈ្មោះក៏បាននិយាយដែរថាមានរបាយការណ៍អំពីជនស៊ីវិលស្លាប់មួយចំនួនអំឡុងពេលយន្ដហោះដឹកជញ្ជូនរបស់យោធាអាមេរិកចេញដំណើរហើយករណីនេះកំពុងត្រូវបានស៊ើបអង្កេត។
នៅក្នុងការថ្លែងជាសាធារណៈលើកដំបូងរបស់លោកបន្ទាប់ពីក្រុមតាលីបង់ចូលកាន់កាប់ទីក្រុងកាប៊ុលប្រធានាធិបតីអាមេរិកលោក Joe Biden និយាយថាការសម្រេចចិត្តរបស់លោកគឺត្រឹមត្រូវក្នុងការដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន។
លោក Biden បានថ្លែងនៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ពីសេតវិមានថា៖«កងទ័ពអាមេរិកមិនអាចនិងមិនគួរប្រយុទ្ធនិងស្លាប់នៅក្នុងសង្គ្រាម ដែលកងកម្លាំងអាហ្វហ្គានីស្ថានមិនមានសុឆន្ទៈប្រយុទ្ធដើម្បីខ្លួនឯងនោះទេ»។
អតីតប្រធានាធិបតីអាមេរិកលោក George Bush ដែលបានបញ្ជូនកងទ័ពអាមេរិកទៅប្រទេសអាហ្វហ្គានីស្ថានក្នុងការឆ្លើយតបនឹងការវាយប្រហារដោយភេរវកម្មរបស់ក្រុម al-Qaida ទៅលើទឹកដីអាមេរិកកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១នោះបានចេញសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃច័ន្ទថាលោកនិងភរិយារបស់លោក«រន្ធត់ចិត្តជាខ្លាំង»ចំពោះព្រឹត្តិការណ៍ក្នុងប្រទេសអាហ្វហ្គានីស្ថាន៕