ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​រក្សា​វត្តមាន​ការទូត​នៅ​អាកាស​យានដ្ឋាន​កាប៊ុល​ដរាបណា​មាន​សុវត្ថិភាព


ប្រជាជន​អាហ្វហ្កានីស្ថាន (ឆ្វេង) កំពុង​ស្ថិតនៅ​អាកាសយានដ្ឋាន​អន្តរជាតិ​​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ខណៈ​ដែល​ទាហាន​សហរដ្ឋ​អាមេរិក​ឈរ​យាម​ល្បាតនៅ​ទីនោះ ថ្ងៃ​ច័ន្ទ​ ទី១៦ ខែសីហា ឆ្នាំ២០២១។
ប្រជាជន​អាហ្វហ្កានីស្ថាន (ឆ្វេង) កំពុង​ស្ថិតនៅ​អាកាសយានដ្ឋាន​អន្តរជាតិ​​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ខណៈ​ដែល​ទាហាន​សហរដ្ឋ​អាមេរិក​ឈរ​យាម​ល្បាតនៅ​ទីនោះ ថ្ងៃ​ច័ន្ទ​ ទី១៦ ខែសីហា ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក​នឹង​រក្សា​វត្តមាន​ការ​ទូត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ក្រុង​កាប៊ុល​ ខណៈ​ពន្លឿន​ការ​ជម្លៀស​ជនជាតិ​អាហ្វហ្គានីស្ថាន​រាប់ពាន់​នាក់​ដែល​មាន​សិទ្ធិ​ទទួល​បាន​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​ពិសេស និង​ពង្រីក​លទ្ធភាព​ទទួល​ជនភៀស​ខ្លួន​អាហ្វហ្គានីស្ថានដែល​ធ្វើការ​ឱ្យ​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

កាលពី​ថ្ងៃ​ច័ន្ទ​ក្រសួង​ការ​បរទេស​អាមេរិក​ក៏បាន​ស្នើឱ្យ​ជនជាតិ​អាមេរិក​ជ្រក​កោន​នៅ​នឹង​កន្លែង​និង​កុំ​ធ្វើ​ដំណើរ​ទៅអាកាស​យានដ្ឋាន​ក្រុង​កាប៊ុល។​ ស្ថានការណ៍​សន្តិសុខ​ ដែល​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន ​បាន​ជំរុញ​ឱ្យ​ជន​ស៊ីវិល​សម្រុក​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​រដ្ឋធានី​កាប៊ុល។

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក Ned Priceបាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទថា៖ «យើង​នឹង​រក្សា​វត្តមាន​ការទូត​នៅ​ទីក្រុង​កាប៊ុល​ដរាបណា​មាន​សុវត្ថិភាព ហើយ​យើង​មាន​ការ​ទទួល​ខុស​ធ្វើ​ដូចនេះ»។

លោក​បាន​និយាយ​ថា ចាប់តាំង​ពី​យប់​ថ្ងៃ​អាទិត្យ​មក​ បុគ្គលិក​ស្ថានទូត​អាមេរិក​ទាំងអស់​បាន​ប្តូរ​ទៅ​អាកាស​យានដ្ឋាន​អន្តរជាតិ ​Hamid Karzai​ ដែលការពារ​ដោយ​យោធា​អាមេរិក។​

យោធា​អាមេរិក​បាន​បញ្ជាក់​ថា ​យ៉ាង​ហោច​ណាស់​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​នៅ​ឯអាកាសយានដ្ឋាន​នោះ។ ​អ្នក​នាំពាក្យ​មន្ទីរ​បញ្ចកោណ​លោក​ John Kirby​ បាន​និយាយ​ថា​ ខ្មាន់​កាំភ្លើង​ពីរ​នាក់​បាន​បាញ់​ទៅ​លើ​ហ្វូង​មនុស្ស​នៅក្នុង​ឧបទ្ទវហេតុ​ពីរ​ដាច់​ដោយឡែក​ពីគ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ​ ហើយ​អ្នកទាំង​ពីរ​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​អាមេរិក​ ដែល​ឆ្លើយតប​ការ​គំរាម​កំហែង​ដ៏​រសើប​និង​ជាក់ស្តែង។​

មន្រ្តី​អាមេរិក​ម្នាក់​ដែល​បាន​និយាយ​ជាមួយ​វីអូអេ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក៏​បាន​និយាយ​ដែរ​ថា ​មាន​របាយ​ការណ៍​អំពី​ជនស៊ីវិល​ស្លាប់​មួយ​ចំនួន​អំឡុង​ពេល​យន្ដហោះ​ដឹក​ជញ្ជូន​យោធា​អាមេរិក​ចេញ​ដំណើរ ​ហើយ​ករណី​នេះ​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត។​

កងទ័ព​អាមេរិក​ប្រហែល​៦.០០០​នាក់​ត្រូវបញ្ជូន​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​ជួយ​ជម្លៀស​បុគ្គលិក​ស៊ីវិល​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ និង​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​ងាយ​រង​គ្រោះ។​ កងទ័ព​ទាំងនោះ​ប្រហែល​ពាក់​កណ្តាល​បាន​ទៅ​ដល់ទីនោះ​ហើយ គិត​ត្រឹម​ថ្ងៃច័ន្ទ។​

ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ អ្នក​ដាក់​ពាក្យ​សុំទិដ្ឋាការ​អន្តោ​ប្រវេសន៍​ពិសេស​ចំនួន​២.០០០​នាក់​និង​គ្រួសារ​របស់​ពួកគេ​ត្រូវ​បាន​នាំ​យក​មក​សហ​រដ្ឋ​អាមេរិក។ ​នេះ​បើ​យោង​តាម​ក្រសួង​ការ​បរទេស។​ សហ​រដ្ឋ​អាមេរិក​ចូលរួម​ក្នុង​កិច្ច​ចរចា​សន្តិភាព​ជាមួយ​ពួក​តាលីបង់​នៅ​ទីក្រុង​កាប៊ុល​ និង​ទីក្រុង​ដូហា។​

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​និយាយ​ថា អាមេរិក​បាន​ប្តូរ​អាទិភាព​ពី​ការ​គាំទ្រ​កិច្ច​ចរចា​សន្តិភាព​មក​ចូល​រួម​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ជួយ​ទប់ស្កាត់​អំពើ​ហិង្សា​នៅ​ទីក្រុង​កាប៊ុល​ ខណៈដឹង​ច្បាស់​ថា រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ជិត​ដួល​រលំ​ ហើយ​ក្រុម​តាលី បង់​បាន​ចូល​លុកលុយ​ក្រុង​កាប៊ុល។

រដ្ឋបាល​លោក​ប្រធានាធិបតី Joe Bidenរង​ការរិះគន់ ខណៈ​ក្រុម​បះបោរ​តាលីបង់​បាន​ដណ្តើម​យក​ទីក្រុង​សំខាន់ៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដែល​នាំឱ្យ​មាន​ការ​រិះគន់​ទ្វេភាគី​អំពី​វិធីសាស្រ្ត​ដក​យោធា​អាមេរិក​ចេញ៕

XS
SM
MD
LG