ករណីនៃការគំរាមកំហែងសកម្មភាពនយោបាយ និងការរឹតត្បឹតសេរីភាពនៃការជួបជុំ កើនឡើងក្នុងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់សមាគមអាដហុកដែលចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
របាយការណ៍របស់សមាគមអាដហុកដែលមានចំណងជើងថា«ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២»បង្ហាញអំពីស្ថានភាពសិទ្ធិមនុស្ស សិទ្ធិដីធ្លី សិទ្ធិស្រ្តី និងកុមារ ដែលបានកើតឡើងចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២។
ក្នុងឆ្នាំ២០២២ សមាគមអាដហុកបានធ្វើសកម្មភាពអង្កេតនិងអន្តរាគមន៍ចំនួន ៩២១ករណី រួមមានផ្នែកសិទ្ធិមនុស្សចំនួន ៥៩៤ករណី និងសិទ្ធិដីធ្លីចំនួន ៨៤ករណី និងផ្នែកស្រ្តី និងកុមារចំនួន ២៨៨ករណី។
សមាគមបញ្ជាក់ថា ករណីរំលោភសិទ្ធិមនុស្ស«កាន់តែមានសភាពធ្ងន់ធ្ងរឡើង»។ ករណីរំលោភសិទ្ធិមនុស្ស មានចំនួនសរុប ៥៤៩ករណី ដែលកើនឡើង ៣៩២ករណី បើធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹមតែ ១៥៧ករណីប៉ុណ្ណោះ។ ក្នុងនោះករណីគំរាមកំហែងសកម្មភាពនយោបាយកើនឡើងរហូតដល់ ២១៨ករណី ការរឹតត្បឹតសេរីភាពជួបជុំចំនួន ១១៨ករណី និងរឹតត្បឹតសេរីភាពបាតុកម្មចំនួន ៦៥ករណី។
របាយការណ៍បញ្ជាក់ថា៖ «ឆ្លងតាមការវិភាគបង្ហាញថាជាង ៥០%នៃករណីគំរាមកំហែងសកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ និងករណីរឹតត្បឹតសេរីភាពមូលដ្ឋាននៅតែមិនត្រូវបានដោះស្រាយ។ ហើយភាគច្រើនបំផុតនៃជនរងគ្រោះករណីទាំងនោះសម្រេចមិនដាក់ពាក្យបណ្តឹង ពីព្រោះពួកគាត់មិនមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌»។
បើតាមរបាយការណ៍ នៅមុនពេលបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ មានការគំរាមកំហែងតាមរយៈប្រព័ន្ធតុលាការ បដិសេធលុបឈ្មោះបេក្ខជនចេញពីបញ្ជីឈរឈ្មោះគណបក្ស គំរាម(តាមបណ្តាញសង្គម) បង្ករបួសស្នាម គំរាមឱ្យលាឈប់ពីបញ្ជីឈរឈ្មោះបេក្ខភាពគណបក្ស បំផ្លាញស្លាកសញ្ញាគណបក្ស រារាំងការលើកស្លាកសញ្ញាគណបក្ស និងរឹតត្បឹតសេរីភាពជួបជុំសកម្មជនគណបក្ស។
នៅក្នុងរបាយការណ៍នោះ សមាគមអាដហុកក៏បានដាក់ជាអនុសាសន៍មួយចំនួនផងដែរ ដូចជាស្នើឱ្យក្រសួងមហាផ្ទៃណែនាំអាជ្ញាធរមូលដ្ឋានឱ្យឈប់តាមដាន សួរនាំថតរូប សុំបញ្ជីវត្តមាននូវសកម្មភាពការងាររបស់សហគមន៍ និងតម្រូវឱ្យសហគមន៍រាយការណ៍ពេលមុនទៅចូលរួម និងត្រឡប់ពីចូលរួមសកម្មភាពជាមួយអង្គការសង្គមស៊ីវិល។ សមាគមក៏ស្នើឱ្យក្រសួងយុត្តិធម៌ពង្រឹងយុត្តិធម៌សង្គម លុបបំបាត់អំពើនិទណ្ឌភាពគ្រប់ទម្រង់ ជាពិសេសអំពើល្មើសដែលប្រព្រឹត្តឡើងក្នុងគោលដៅនយោបាយ ដូចជាការបង្ករបួសស្នាមសកម្មជននយោបាយ និងការធ្វើទុក្ខបុកម្នេញសកម្មជននយោបាយតាមប្រព័ន្ធតុលាការជាដើម។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេថា សមាគមចងក្រងករណីនៃការរំលោភសិទ្ធិមនុស្ស ដើម្បីជាការបង្ហាញទៅរដ្ឋាភិបាលឱ្យមានការពិចារណាបើកលម្ហសិទ្ធិសេរីភាពនយោបាយឡើងវិញ។
លោកប្រាប់វីអូអេបន្ថែមថា៖ «ក្នុងនោះដែរ ក៏យើងចង់ឃើញខាងក្រសួងមហាផ្ទៃដែរ ធ្វើយ៉ាងណាធ្វើសេចក្តីណែនាំដល់មន្រ្តីមូលដ្ឋានថ្នាក់ក្រោមជាតិហ្នឹងឱ្យបញ្ឈប់រាល់សកម្មភាពរំខាន បំភិតបំភ័យ គំរាមកំហែងតាមគ្រប់រូបភាព និងគ្រប់ទម្រង់ដែលអាចបង្ហាញជាសញ្ញាបំភិតបំភ័យចំពោះសកម្មជនគណបក្សនយោបាយ និងអ្នកដែលមានមតិផ្ទុយ ក៏ដូចជាប្រជាពលរដ្ឋជាអ្នកបោះឆ្នោតហ្នឹងផងដែរ»។
ព័ត៌មានទាក់ទង៖ សកម្មជនក្រៅប្រទេសទាមទារឱ្យពន្យារការបោះឆ្នោតជាតិព្រោះតែការរំលោភធ្ងន់ធ្ងរលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុករបាយការណ៍របស់សមាគមអាដហុក ជារបាយការណ៍«ដដែលៗ» ហើយមិនបានពិនិត្យមើលស៊ីជម្រៅលើទិដ្ឋភាពច្បាប់និងនីតិវិធីច្បាប់។ លោកបន្ថែមថា សកម្មជននយោបាយទាំងនោះបានប្រព្រឹត្តខុសច្បាប់ ហើយតុលាការមានមូលដ្ឋានច្បាស់លាស់ក្នុងការចោទប្រកាន់។
លោកប្រាប់វីអូអេនៅថ្ងៃពុធថា៖ «ហើយរបាយការណ៍អង្គការសង្គមស៊ីវិលដែលគាំទ្រប្រឆាំងហ្នឹង គឺយកតាមរបាយការណ៍ និងការលើកឡើងរបស់ក្រុមប្រឆាំង សកម្មជនដែលប្រព្រឹត្តល្មើសច្បាប់។
អញ្ចឹងរបាយការណ៍នេះជារបាយការណ៍ដដែល ដែលមិនផ្អែកលើទិដ្ឋភាពច្បាប់ និងនីតិវិធីច្បាប់ ក៏ប៉ុន្តែផ្អែកទៅលើរូបភាពនយោបាយច្រើនជាង»។
គួរបញ្ជាក់ថា សកម្មជននិងអ្នកនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់នៅក្នុងសំណុំរឿងក្បត់ជាតិ ញុះញង់ ប្រមូលស្នាមមេដៃក្លែងក្លាយ ដោយក្រុមគ្រួសារពួកគេអះអាងថា ដោយសារសកម្មភាពនយោបាយរបស់សកម្មជនទាំងនោះ៕