រាជធានីភ្នំពេញ — អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ដែលលោក កន សាវាង្ស អ្នកជំនាញខាងឃ្លាំមើលដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ បានបណ្តុះបណ្តាលប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ ឱ្យដើរតួនាទីដ៏សំខាន់មួយក្នុងការកំណត់គោលដៅនិងជោគវាសនារបស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការឃ្លាំមើលដំណើរការបោះឆ្នោត។
លោក កន សាវាង្ស គឺជាអ្នកសម្របសម្រួលផ្នែកឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល (Comfrel) ដែលជាអង្គការមិនមែនរដ្ឋាភិបាលដ៏ចំណាស់មួយ ដែលធ្វើកិច្ចការងារពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការបោះឆ្នោត ចាប់តាំងពីកម្ពុជាបានរៀបចំការបោះឆ្នោតលើកដំបូងកាលពីឆ្នាំ ១៩៩៣។
ប៉ុន្តែជិតបីទសវត្សរ៍មកនេះ កិច្ចការឃ្លាំមើលនិងតាមដានដំណើរការបោះឆ្នោតដែលបុរសសម្បុរស្រអែមវ័យ ៤៧ ឆ្នាំរូបនេះ ធ្លាប់តែទទួលការគាំទ្រនិងលើកទឹកចិត្ត កាន់តែជួបបញ្ហាប្រឈមខ្លាំងឡើងឥតស្រាកស្រាន្ត ជាពិសេសចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំកាលពីឆ្នាំ ២០១៧ ជាមួយនឹងការបង្ក្រាបរបស់រដ្ឋាភិបាលលើសង្គមស៊ីវិល និងការរឹតត្បិតសេរីភាពសារព័ត៌មានជាបន្តបន្ទាប់ ខណៈរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តពង្រឹងការក្តោបក្តាប់អំណាច និងដឹកនាំប្រទេស។
ហើយស្ថានភាពលំបាកនេះទំនងនឹងបន្តកើតឡើងទៀតសម្រាប់អ្នកជំនាញឃ្លាំមើលដំណើរការបោះឆ្នោតជើងចាស់រូបនេះ ខណៈកម្ពុជាកំពុងត្រៀមរៀបចំការបោះឆ្នោតជាតិ នីតិកាលទី ៧ នៅខែកក្កដាខាងមុខ ស្របពេលដែលគណបក្សភ្លើងទៀនដែលបានក្លាយជាជម្រើសនយោបាយប្រឆាំងមួយរបស់អ្នកបោះឆ្នោតមួយក្រុម កំពុងជួបនឹងបញ្ហាប្រឈមនានា មុនថ្ងៃបោះឆ្នោតមកដល់។
លោក កន សាវាង្ស បានរៀបរាប់ប្រាប់វីអូអេ អំពីបញ្ហាប្រឈមក្នុងការបណ្តុះបណ្តាលក្រុមអ្នកឃ្លាំមើលដំណើរការបោះឆ្នោត ថា៖ «អ្នកខ្លះគាត់លើកឡើងថា មិនហ៊ានចូលរួមទេ ដោយសារមានអាជ្ញាធរក្នុងកន្លែងខ្លះបានប្រាប់ថា ស្ថាប័ន [ខុមហ្វ្រែល] ហ្នឹងជាស្ថាប័នប្រឆាំងនឹងរដ្ឋាភិបាល ឬក៏ជាស្ថាប័នដែលឃុបឃិតនឹងបរទេសអីអ៊ីចឹង។ នេះជារឿងមួយដែលមានការលំបាកដែរ។ ចំណុចដែលជាឧបសគ្គធំសម្រាប់ស្ថាប័នដែលបានលើកឡើងហ្នឹងក្នុងការផ្តល់លទ្ធភាពជូនពលរដ្ឋហ្នឹងគឺ គាត់បានសម្តែងអំពីការព្រួយបារម្ភក្នុងការចូលរួមហ្នឹង ខ្លាចក្រែងលោមានការចោទប្រកាន់លើពួកគាត់អីជាដើម»។
ឆន្ទៈពលរដ្ឋ
កាលពីប្រមាណជា ៥ ឆ្នាំមុន អង្គការខុមហ្វ្រែលដែលលោក កន សាវាង្ស ជាបុគ្គលិកជំនាញម្នាក់នៅទីនោះ រួមទាំងអង្គការសង្គមស៊ីវិលផ្សេងៗទៀត ដូចជាអង្គការនិចហ្វិក ដែលតែងចូលរួមឃ្លាំមើលការបោះឆ្នោតជាច្រើនអាណត្តិមកហើយនោះ បានប្រកាសមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ ដោយសារស្ថានភាពនយោបាយ និងសិទ្ធិមនុស្សដ៏ដុនដាបនៅកម្ពុជា។
ក៏ប៉ុន្តែដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ បានបង្កើតនូវក្តីសង្ឃឹមមួយនៃដំណើរការបោះឆ្នោតពោរពេញដោយការប្រកួតប្រជែងមួយ ដោយសារតែមានវត្តមានរបស់គណបក្សភ្លើងទៀន ដែលដឹកនាំដោយក្រុមអ្នកនយោបាយដែលជាអតីតសមាជិករបស់គណបក្សសង្គ្រោះជាតិ។
ក្នុងការបោះឆ្នោតនោះ គណបក្សភ្លើងទៀនបានទទួលសំឡេងគាំទ្រដល់ទៅ ២២% នៃសំឡេងឆ្នោតសរុប ដោយឈ្នះបានអាសនៈ ២,១៩៨ និងទទួលបានតំណែងមេឃុំចំនួន ៤ នាក់ ជំទប់ទី១ ចំនួន ២៥ នាក់ ជំទប់ទី ២ ចំនួន ១.៣៦០ នាក់។ ហើយបច្ចុប្បន្ន គណបក្សប្រឆាំងមួយនេះកំពុងតែមមាញឹករៀបចំឯកសារតម្រូវតាមលក្ខខណ្ឌរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីចុះឈ្មោះគណបក្សនិងបេក្ខជនរបស់ខ្លួនសម្រាប់ការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០២៣ នេះ។
បរិបទថ្មីមួយនេះបាននិងកំពុងជំរុញលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល ដែលធ្លាប់ធ្វើពហិការមិនឃ្លាំមើលការបោះឆ្នោត បានសម្រេចចិត្តចូលរួមដាក់អ្នកសង្កេតការណ៍ការបោះឆ្នោត។ ក៏ប៉ុន្តែការសម្រេចថានឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅឆ្នាំនេះ មិនមែនដោយសារស្ថានភាពនយោបាយ សង្គមស៊ីវិល និងអ្នកសារព័ត៌មានមានភាពប្រសើរនោះទេ តែដោយសារប្រជាពលរដ្ឋជាច្រើនបានបង្ហាញការតាំងចិត្តក្នុងការចូលរួមការបោះឆ្នោត និងឆន្ទៈគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយនៅកម្ពុជា។
លោក កន សាវាង្ស ថ្លែងថា៖ «កាលឆ្នាំ ២០២២ នេះ យើងឃើញថាប្រជាពលរដ្ឋខំប្រឹងណាស់ លោកខំប្រឹងខ្នះខ្នែងក្នុងការចូលរួមរបស់គាត់ ហើយការចូលរួមរបស់គាត់ហ្នឹងវាធ្វើឱ្យយើងឃើញថា មានគណបក្សដែលទើបតែកើតឡើងថ្មីហ្នឹង ជាគណបក្សដែលប្រជាពលរដ្ឋមានការចូលរួម មានការគាំទ្រ ដែលសំឡេងនៃការប្រកួតប្រជែងហ្នឹង វាបានកើតមាន»។
បច្ចុប្បន្ននេះ អង្គការខុមហ្វ្រែល រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួនទៀត កំពុងរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសង្កេតការណ៍ និងជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តដែលជាប្រជាពលរដ្ឋ និងយុវជន ចាប់ពីខែឧសភានេះ ដើម្បីឃ្លាំមើលការបោះឆ្នោតនៅតាមការិយាល័យទូទាំងប្រទេស។
លោក កន សាវាង្ស បញ្ជាក់ថា ក្នុងដំណាក់កាលទី ១ ខុមហ្វ្រែលគ្រោងបញ្ជូនឈ្មោះអ្នកសង្កេតការណ៍ចំនួន ៣.៥០០នាក់ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយក្នុងគម្រោងសម្រាប់អ្នកសង្កេតការណ៍សរុបមាន ប្រមាណជា ១ម៉ឺននាក់ និងច្រើនជាងនេះ ទៅតាមការស្ម័គ្រចិត្តចូលរួមរបស់ប្រជាពលរដ្ឋ។
អ្នកសង្កេតការណ៍ការបោះឆ្នោតមកពីអង្គការខុមហ្វ្រែលក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ មានចំនួនជាង ១ម៉ឺននាក់ និងក្នុងឆ្នាំ ២០១៨ ជាងមួយម៉ឺននាក់ ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ ២០២២ នៅពេលដែលខុមហ្វ្រែលចូលរួមសង្កេតការណ៍ តែមិនធ្វើការវាយតម្លៃ មានចំនួនតែជាង ២ពាន់នាក់ប៉ុណ្ណោះ។
លោក កន សាវាង្ស បន្ថែមថា ការចូលរួមសង្កេតការណ៍ឆ្នាំ ២០២៣ នេះ សង្គមស៊ីវិលមិនទាន់កំណត់ថា តើនឹងចេញរបាយការណ៍វាយតម្លៃជុំវិញស្ថានភាពមុន អំឡុង និងក្រោយការបោះឆ្នោតឬយ៉ាងណានៅឡើយ។
បើតាមលោក កន សាវាង្ស មានអង្គការសង្គមស៊ីវិលប្រមាណជា ៣០ ស្ថាប័ន ចូលរួមគាំទ្រជាធនធានមនុស្ស បច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការសង្កេតការណ៍។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុកដែលជាស្ថាប័ននឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតជាមួយអង្គការខុមហ្វ្រែលដែរនោះ លើកឡើងថា បើទោះបីជាការចូលរួមសង្កេតការណ៍បោះឆ្នោតដោយឯករាជ្យ ត្រូវប្រឈមនឹងបញ្ហានានាក្តី ប៉ុន្តែលោកថា ការពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា គឺជារឿងសំខាន់។
លោកថ្លែងថា៖ «បើសិនជាយើងនាំគ្នាភ័យខ្លាច យើងមិនចូលរួម តើសង្គមប្រជាធិបតេយ្យរបស់ប្រទេសយើងនឹងទៅជាយ៉ាងណា? អ៊ីចឹងនាំគ្នាបណ្តែតបណ្តោយឱ្យអ្នកនយោបាយគាត់ធ្វើអីតាមអំពើចិត្ត អ៊ីចឹងវាធ្វើឱ្យប្រទេសជាតិយើងអាចធ្លាក់វិលត្រឡប់ទៅអតីតកាលវិញ។ អ៊ីចឹងយើងអត់ចង់ឃើញរូបភាពបែបហ្នឹងទេ។ អ៊ីចឹងយើងបានទទូច ហើយយើងកំពុងតែធ្វើការបណ្តុះបណ្តាល អប់រំប្រជាពលរដ្ឋយើងឱ្យមានភាពក្លាហានក្នុងការចូលរួមឱ្យសកម្មនៅក្នុងសង្គមប្រជាធិបតេយ្យយើងហ្នឹង»។
លោក ស៊ឹង សែនករុណា បន្ថែមថា វត្តមានរបស់អ្នកសង្កេតការណ៍ដោយឯករាជ្យអាចធ្វើឱ្យគុណតម្លៃនៃការបោះឆ្នោតមានតម្លៃលើឆាកអន្តរជាតិ។
លោកថ្លែងថា៖ «បើសិនជាមិនមានអ្នកសង្កេតការណ៍ឯករាជ្យចូលរួមទេ ការបោះឆ្នោតហ្នឹងហាក់ដូចជាអត់មានតម្លៃ អត់មានន័យអីទេ។ អ៊ីចឹងការផ្តល់នូវភាពស្របច្បាប់ក្នុងការបោះឆ្នោត ក៏មិនមានតម្លៃជាមួយនឹងការដែលសហគមន៍អន្តរជាតិ ឬក៏ភាគីពាក់ព័ន្ធនានាទទួលយកបានដែរ។ អ៊ីចឹងបើសិនជាអ្នកឯករាជ្យគាត់អាចមានឱកាសចូលរួមដោយពេញលេញ ដោយមានភាពសេរី ដោយមិនមានសម្ពាធអ្វី អាហ្នឹងវាអាចផ្នែកមួយសម្រាប់ជួយដល់លទ្ធផលបោះឆ្នោតដែរ។ អាចធ្វើឱ្យអ្នកចាញ់គាត់អស់ចិត្ត»។
កាន់តែប្រឈម រឹតតែចាំបាច់
នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ អង្គការសមាគមសង្គមស៊ីវិលជាង ៤០ នៅកម្ពុជា បានបង្កើត «បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត» ដើម្បីឃ្លាំមើល និងវាយតម្លៃការបោះឆ្នោត។
ក្រោយការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យបិទបន្ទប់ស្ថានការណ៍នេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិឈ្នះអាសនៈឃុំ និងចៅសង្កាត់ជិត ៥០០ ឃុំ/សង្កាត់ និងជាប់ជាក្រុមប្រឹក្សាឃុំ/សង្កាត់រហូតដល់ ជាង ៥.០០០ នាក់ (៥.០០៧) ដែលមានអ្នកបោះឆ្នោតគាំទ្រជាង ៣ លាននាក់ ឬស្មើនឹង ៤៤% នៃអ្នកចេញទៅបោះឆ្នោតសរុប។
ការបញ្ជាឲ្យបិទបន្ទប់ស្ថានការណ៍បោះឆ្នោត គឺក្រោយពេលបណ្ដុំអង្គការទាំងនេះបានរកឃើញភាពមិនប្រក្រតីជាច្រើនក្នុងដំណើរការបោះឆ្នោតឃុំសង្កាត់នោះ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចោទបន្ទប់ស្ថានការណ៍ ថាបានចេញរបាយការណ៍លម្អៀងទៅខាងគណបក្សប្រឆាំង និងថាជាក្រុមបដិវត្តន៍ពណ៌ ចង់ផ្ដួលរំលំរដ្ឋាភិបាល។
បើទោះបីជារងការចោទប្រកាន់ជាច្រើនដងនិងផ្អាកការសង្កេតការណ៍កាលពីការបោះឆ្នោតថ្នាក់ជាតិអាណត្តិមុនក្តី ក៏ក្រុមសង្គមស៊ីវិលដែលជាអ្នកសង្កេតការណ៍ឯករាជ្យដូចជាខុមហ្វ្រែល នៅតែបន្តចូលរួមសង្កេតការណ៍ការបោះឆ្នោត ដោយយល់ឃើញថា អ្នកសង្កេតការណ៍ការបោះឆ្នោតឯករាជ្យ នឹងជួយឱ្យប្រជាពលរដ្ឋមានទំនុកចិត្តក្នុងការបោះឆ្នោត។
លោក កន សាវាង្ស បញ្ជាក់ថា៖ «ទោះបីថាមានឧបសគ្គក៏ដោយ ប៉ុន្តែយើងនឹងប្រឹង។ យើងសង្ឃឹមថា វត្តមានរបស់អ្នកសង្កេតការណ៍ វត្តមានរបស់អង្គការសង្គមស៊ីវិលដែលបានចូលរួមនឹងជួយឱ្យដំណើរការនៃការបោះឆ្នោតហ្នឹងកាន់តែប្រសើរ កាន់តែពេញចិត្ត និងការយល់ដឹងពីប្រជាពលរដ្ឋកាន់តែច្រើនថែមទៀត»។
ការបោះឆ្នោតជាតិនីតិកាលទី ៦ ឆ្នាំ ២០១៨ ដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈទាំង ១២៥ នៅរដ្ឋសភានោះ គឺជាលើកដំបូងដែលសង្គមស៊ីវិលដែលធ្វើការងារទាក់ទងនឹងការបោះឆ្នោតមិនចូលរួមសង្កេតការណ៍ នៅក្នុងការិយាល័យបោះឆ្នោត។ ចំណែកសហគមន៍អន្តរជាតិដែលជាបណ្តាប្រទេសប្រជាធិបតេយ្យធំៗ ដូចជាសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ក៏មិនបានចូលរួមសង្កេតការណ៍ ដោយសារការបង្ក្រាបលើសកម្មជននយោបាយប្រឆាំង អង្គការសង្គមស៊ីវិល និងការរឹតត្បិតសារព័ត៌មាននៅពេលនោះ។
ហើយក្នុងរយៈពេលតែប៉ុន្មានខែមុនការបោះឆ្នោតជាតិនីតិកាលទី ៧ ឈានមកដល់នៅថ្ងៃទី២៣ ខែកក្កដា ស្ថានភាពនយោបាយនិងសិទ្ធិសេរីភាពមូលដ្ឋាននៅកម្ពុជា ក៏មិនខុសគ្នាប៉ុន្មានពីឆ្នាំ ២០១៨ នោះដែរ។
ជាក់ស្តែង នៅដើមខែមីនានេះ លោក កឹម សុខា ថ្នាក់ដឹកនាំគណបក្សប្រឆាំង ត្រូវបានតុលាការកាត់ទោសដោយឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ ឆ្នាំពីបទក្បត់ជាតិ។ ថ្នាក់ដឹកនាំ សកម្មជន និងសមាជិកគណបក្សប្រឆាំង ជាពិសេសគណបក្សភ្លើងទៀន ត្រូវបានចោទប្រកាន់ និងចាប់ឃុំពីបទល្មើសផ្សេងៗ ហើយមួយចំនួនត្រូវរងនូវការប្រើហិង្សាពីជនមិនស្គាល់មុខជាបន្តបន្ទាប់ រហូតរងរបួសធ្ងន់ ពិការ និងបាត់បង់ជីវិត។ មុននេះ កាលពីដើមខែកុម្ភៈ វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលជាវិទ្យុឯករាជ្យក្នុងស្រុកចុងក្រោយគេ ក៏ត្រូវបានដកអាជ្ញាបណ្ណនិងបិទ ក្រោមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងរបាយការណ៍ចម្រូងម្រាស់មួយអំពីលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត។ បន្ថែមលើនេះ ថ្នាក់ដឹកនាំសហជីពក៏ត្រូវបានឃុំខ្លួនពាក់ពន័្ធនឹងការតវ៉ាសុំសំណងពីវិវាទការងារជាមួយក្រុមហ៊ុនឯកជន ស្របពេលដែលការជួបប្រជុំរបស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិលត្រូវបានឃ្លាំមើល និងហាមឃាត់ជាដើម។
ប្រទេសប្រជាធិបតេយ្យធំៗ ដូចជាសហភាពអឺរ៉ុប ជប៉ុន អូស្ត្រាលី អង់គ្លេស អាល្លឺម៉ង់ និងបារាំងជាដើម បានប្រកាសមិនដាក់អ្នកសង្កេតការណ៍របស់ខ្លួនដើម្បីឃ្លាំមើលការបោះឆ្នោតនាខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនោះទេ។
ឯកអគ្គរដ្ឋទូតជប៉ុន លោក Ueno Atshusi ប្រាប់ VOA តាមសារអេឡិចត្រូនិចអ៊ីមែលកាលពីថ្ងៃទី ២៧ ខែមេសាថា៖ «រដ្ឋាភិបាលជប៉ុនមិនមានគម្រោងបញ្ជូនអ្នកសង្កេតការណ៍ជាផ្លូវការទេ ព្រោះយើងខ្លាចថា ការបញ្ជូនអ្នកសង្កេតការណ៍ផ្លូវការអាចនាំឱ្យមានការយល់ព្រមការបោះឆ្នោតទាំងលទ្ធផល និងការអនុវត្ត (យុត្តិធម៌ តម្លាភាព គណនេយ្យភាព។ល។) ចំពោះអ្វីដែលនឹងកើតឡើងពិតប្រាកដ»។
ទោះយ៉ាងណា លោកឯកអគ្គរដ្ឋទូតជប៉ុន Ueno បញ្ជាក់ថា ស្ថានទូតនឹងបញ្ជូនមន្ត្រីរបស់ខ្លួនទៅការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតក្នុងនាមជាភ្ញៀវរបស់ គ.ជ.ប។
ចំណែកសហភាពអឺរ៉ុបបញ្ជាក់ដែរថា៖ «សហភាពអឺរ៉ុបនឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅបោះឆ្នោតជាតិនៅកម្ពុជានៅឆ្នាំនេះទេ។ សហភាពអឺរ៉ុបយកចិត្តទុកដាក់ជាចម្បងចំពោះការបោះឆ្នោតដែលរួមបញ្ចូលតម្លាភាព និងគួរឱ្យទុកចិត្ត»។
ស្ថានទូតបារាំងក៏បានបង្ហោះសារជាសាធារណៈមួយលើបណ្តាញសង្គមធ្វីតធឺររបស់ខ្លួនកាលពីថ្ងៃទី ២៩ ខែមីនាថា បារាំងមិនមានចេតនាបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកឃ្លាំមើលការបោះឆ្នោតនេះឡើយ។
ស្ថានទូតបានបញ្ជាក់បន្ថែមថា៖ «យើងនៅតែបន្តលើកទឹកចិត្តឱ្យមានការបង្កើតនូវបរិយាកាសដែលអនុញ្ញាតឱ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលដំណើរការទៅដោយគ្មានឧបសគ្គ ដែលជាចំណុចសំខាន់សម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌»។
ដូចគ្នានេះ ស្ថានទូតអូស្ត្រាលី និងអាល្លឺម៉ង់ ក៏មិនមានគម្រោងបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនទៅឃ្លាំមើលការបោះឆ្នោតអាណត្តិនេះដែរ។
ដោយឡែក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មិនបានបញ្ជាក់ថានឹងបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនទៅឃ្លាំមើលការបោះឆ្នោតនេះ ឬអត់នោះទេ ដោយគ្រាន់តែអ្នកនាំពាក្យស្ថានទូត កញ្ញា Stephanie Arzart ប្រាប់ VOA តាមសារអេឡិចត្រូនិចអ៊ីមែល ក្នុងន័យដើមថា៖
«សហរដ្ឋអាមេរិកបន្តចូលរួមជាមួយអាជ្ញាធរកម្ពុជា និងភាគីពាក់ព័ន្ធដើម្បីជំរុញឱ្យមានការខិតខំប្រឹងប្រែងដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យពហុបក្ស។ អាជ្ញាធរកម្ពុជាគួរតែអនុញ្ញាតឱ្យមានទស្សនៈនយោបាយប្រឆាំង ជំរុញការប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ជំរុញការផ្លាស់ប្តូរគំនិតដោយបើកចំហ និងការពារសមត្ថភាពរបស់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រតិបត្តិការដោយសេរី ដោយមិនភ័យខ្លាចអំពើហិង្សា»។
ក្នុងសារអេឡិចត្រូនិចដែលឆ្លើយតបនឹង VOA សហភាពអឺរ៉ុប ស្ថានទូតជប៉ុន និងស្ថានទូតអូស្ត្រាលីបញ្ជាក់ថា ពួកគេគាំទ្រអង្គការសង្គមស៊ីវិលក្នុងប្រទេសក្នុងការដាក់ពង្រាយអ្នកសង្កេតការណ៍ និងតាមដានការបោះឆ្នោត។
លោកបណ្ឌិត ប៉ា ច័ន្ទរឿន នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លើកឡើងថា ការបោះឆ្នោតមួយដែលមានភាពសេរី និងយុត្តិធម៌ លុះត្រាតែមានអាជ្ញាកណ្តាល ឬសាក្សីដែលអាចបញ្ជាក់អំពីភាពសេរី និងយុត្តិធម៌នៃដំណើរការ។
លោកថ្លែងថា៖ «វត្តមានរបស់អ្នកសង្កេតការណ៍ឯករាជ្យ ចាំបាច់ណាស់នៅក្នុងការជួយពិនិត្យមើល និងវាយតម្លៃអំពីដំណើរការពីភាពសេរី ភាពយុត្តិធម៌ និងភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោត រាប់តាំងពីមុនការបោះឆ្នោត ពេលកំពុងបោះឆ្នោត និងលទ្ធផលក្រោយការបោះឆ្នោតជាដើម»។
លោកបណ្ឌិត ប៉ា ច័ន្ទរឿន បន្ថែមថា ប្រសិនបើដំណើរការនៃការបោះឆ្នោតមិនមានសេរី និងយុត្តិធម៌ទេនោះ នឹងបង្កើតឱ្យទំនាស់នយោបាយក្នុងប្រទេសកាន់តែធ្ងន់ធ្ងរ ហើយអន្តរជាតិនឹងបន្តដាក់សម្ពាធ និងទណ្ឌកម្មបន្ថែម។
ក្រុមអង្គការសង្គមស៊ីវិលតែងទាមទារឱ្យរដ្ឋាភិបាលធានាឱ្យបាននូវលក្ខខណ្ឌអប្បបរមាចំនួន ៦ ចំណុច ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ក្នុងនោះរួមមាន ការបង្កើតបរិយាកាសនយោបាយសេរី ការធានាសិទ្ធិនយោបាយ សិទ្ធិអ្នកបោះឆ្នោត សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពីគ្រប់ភាគី តុលាការ និងកងកម្លាំងប្រដាប់អាវុធត្រូវមានភាពឯករាជ្យ និងអព្យាក្រឹតនិងធានាឱ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយធ្វើការងារដោយសេរី។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់ VOA ថា វត្តមានរបស់អ្នកសង្កេតការណ៍ឯករាជ្យដែលមកពីក្រុមអង្គការសង្គមស៊ីវិល ជាវត្តមានក្រុមអ្នកកណ្តាលក្នុងការធ្វើជាសាក្សី ចងក្រងចំណុចវិជ្ជមាន និងអវិជ្ជមាន ដែលនឹងធ្វើឱ្យដំណើរការបោះឆ្នោតនៅកម្ពុជាកាន់តែប្រសើរ។
បើតាមលោក ហង្ស ពុទ្ធា គិតត្រឹមថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ អ្នកសង្កេតការណ៍ជាតិដែលបានបញ្ជូនឈ្មោះទៅ គ.ជ.ប មានចំនួន ៨.៥០០នាក់។ លោកថា កាលពីការបោះឆ្នោតឆ្នាំ ២០១៨ អ្នកសង្កេតការណ៍ជាតិមានចំនួនជាង ៨ម៉ឺននាក់។
សម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ លោក ហង្ស ពុទ្ធា ថា មិនទាន់មានអ្នកប្រកាសថានឹងបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកនៅឡើយ លើកលែងតែស្ថានទូតរុស្សី ដែលបានបង្ហាញពីការចាប់អារម្មណ៍ក្នុងការបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមក។
បើទោះជាមានការត្រៀមខ្លួន និងត្រៀមអ្នកសង្កេតការណ៍ការបោះឆ្នោតក្តី ប៉ុន្តែក្រុមសង្គមស៊ីវិលអះអាងថា ការសម្រេចចូលរួមឃ្លាំមើលការបោះឆ្នោតនេះអាចនឹងត្រូវផ្លាស់ប្តូរ ប្រសិនបើស្ថានភាពនយោបាយមានការរឹតត្បិតខ្លាំង។
លោក ស៊ឹង សែនករុណា លើកឡើងថា ប្រសិនបើស្ថានការណ៍នយោបាយចាប់ពីពេលនេះរហូតដល់ការឃោសនា និងការបោះឆ្នោត មានការរឹតត្បិតខ្លាំងរហូតដល់លែងមានវត្តមានរបស់គណបក្សប្រឆាំងដែលអាចប្រកួតប្រជែងនឹងគណបក្សកាន់អំណាចបាន នោះសង្គមស៊ីវិលអាចនឹងពិចារណាក្នុងការមិនចូលរួមសង្កេតការណ៍។
លោកបញ្ជាក់ថា៖ «គណបក្សដែលអត់ចូលរួមច្រើន យើងយល់ថាមានតែគណបក្ស ឧទាហរណ៍មានតែគណបក្សកាន់អំណាចមួយ អ៊ីចឹងយើងឃើញថាដូចប្រហែលនឹងឆ្នាំ ២០១៨ អ៊ីចឹងអាហ្នឹងក៏ជាបរិយាកាសមួយយើងអាចពិចារណាបញ្ឈប់វិញបានដែរ»៕