ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លម្ហ​សេរីភាព​សារព័ត៌មាន ​និង​បើក​ស្ថាប័ន​វីអូឌី​ឡើងវិញ


វាគ្មិន​ក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​លើក​ទី៣០ ឆ្នាំ២០២៣ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
វាគ្មិន​ក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​លើក​ទី៣០ ឆ្នាំ២០២៣ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​បាន​ស្នើ​រដ្ឋាភិបាល​ឱ្យ​បើក​លម្ហ​សេរីភាព​សារព័ត៌មាន​បន្ថែម​ទៀត និង​បញ្ឈប់​រាល់​ការ​ធ្វើ​ទុក្ខបុ​ក​ម្នេញទាំង​តាម​ផ្លូវច្បាប់​ ឬ​ការ​គំរាម​កំហែង​លើ​ស្ថាប័ន​សារព័ត៌មាន​ និង​អ្នក​កាសែតដែល​មិន​ខ្លាច​ក្នុង​ការ​ធ្វើ​សេចក្តី​រាយការណ៍​អំពី​ចំណុច​អវិជ្ជមាន​ផ្សេងៗ​នៅ​ក្នុង​សង្គម​ និង​ការ​ដឹកនាំ​របស់​របស់​រដ្ឋាភិបាល។

ការ​ស្នើ​នេះ កើត​ឡើង​នៅពេល​ក្រុម​អង្គការ​សង្គមស៊ីវិល​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំ​ ២០២៣ នេះ។ ពួកគេ​ក៏​ស្នើជាពិសេស​ឱ្យ​រដ្ឋា​ភិបា​លពិចារណាបើក​ស្ថាប័ន​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​ ហៅ​កាត់​ថា ​វីអូឌី​ (VOD) ​ឡើងវិញ ដើម្បី​ឱ្យ​បើក​ផ្លូវ​ឱ្យ​ប្រជា​ពលរដ្ឋទទួល​បាន​ព័ត៌មាន​ទូលំ​ទូលាយ និង​សម្រេច​ចិត្តត្រឹម​ត្រូវ​សម្រាប់​ការ​រើស​មេដឹកនាំ​ក្នុង​ពេលបោះ​ឆ្នោតថ្នាក់​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ។

សង្គមស៊ីវិល អង្គទូត និង​តំណាង​ក្រសួង​ព័ត៌មាន​ថតរូប​ជុំគ្នា​នៅ​ពិធី​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​លើក​ទី៣០ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
សង្គមស៊ីវិល អង្គទូត និង​តំណាង​ក្រសួង​ព័ត៌មាន​ថតរូប​ជុំគ្នា​នៅ​ពិធី​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​លើក​ទី៣០ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ លោក ណុប វី ​ថ្លែង​ក្នុងពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មានលើក​ទី​ ៣០ ​ឆ្នាំ ​២០២៣​ នៅថ្ងៃអង្គារ​នេះ ថា សេរី​ភាព​បញ្ចេញ​មតិ «គឺជា​ចលករ​នៃ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត»។ ដូច្នេះភាគីពាក់ព័ន្ធ​គួរយកចិត្ត​ទុក​ដាក់​បន្ថែម​ ក្នុង​ការបើក​ឱ្យ​មានលម្ហ​សេរីភាព​សារព័ត៌មាន​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សាធារណជន​ និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល។ ​

​លោកថ្លែងថា៖ «សេរី​ភាព​បញ្ចេញ​មតិ គឺ​ជា​កម្លាំង​ចលករ​នៃ​សិទ្ធិមនុស្ស​ដទៃ​ទៀត​ គឺជា​ប្រធាន​បទ ដែ​ល​យើង​បាន​លើក​យក​មក​ពិភាក្សា​ និង​ជំរុញ​ឱ្យ​មាន​ការ​យកចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ពី​ភាគី​ពាក់​ព័ន្ធ។ ការ​បើក​ឱ្យ​មា​ន​លម្ហ​សេរីភាព​សារព័ត៌មាន​ គឺជា​កត្តា​ចំបាច់​បំផុត​ ដែល​អាច​លើ​កម្ពស់​សេរីភាព​បញ្ចេញ​មតិ​ ដែល​ជា​សសរ​ស្តម្ភ​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ការ​រីកលូតលាស់​នៃ​លទ្ធិប្រជាធិបតេយ្យ»។ ​

លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ទិវា សេរីភាព​សារព័ត៌មាន​លើក​ទី៣០ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ទិវា សេរីភាព​សារព័ត៌មាន​លើក​ទី៣០ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោកបន្ថែម​ថា៖ «យ៉ាង​នេះក្តី ​ការ​ធ្លាក់​ចុះ​លម្ហ​សេរីភាព​សារព័ត៌មាន​តាំង​ពី​ឆ្នាំ​ ២០១៧ និង​ការ​បន្ត​ប្រភព​ព័ត៌មាន​ឯករាជ្យ។ ​តួយ៉ាង ​ដូច​ជា​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ វីអូឌី ​បានធ្វើ​ឱ្យ​មាន​ការ​រួម​កាន់​តែ​តូច​ចង្អៀត​នៃ​ប្រភព​ដែល​ផ្តល់​ព័ត៌មាន​របស់​ជន​ងាយ​រង​គ្រោះ​ និង​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​នៅ​ក្នុង​ការ​ជំរុញឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ ​និង​យុត្តិធម៌​នៅ​ក្នុង​សង្គម»។​

នៅមុន​ពេល​មាន​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំនេះ ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា (Camboja) បានឱ្យ​ដឹង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំមួយ​ថា អ្នក​កាសែត​នៅ​ប្រទេស​កម្ពុជា​នៅ​បន្ត​ប្រឈម​មុខ​នឹង​ការ​យាយី​ផ្សេងៗ ដែល​រួម​មាន​វិធានការ​ច្បាប់​ និង​ការ​ដក​ហូត​អាជ្ញាបណ្ណ​ ក៏​ដូចជា​ការ​គំរាម​កំហែង​ និង​អំពើ​ហិង្សា។

អ្នកស្រី ​ឆន សុគន្ធា​ នាយិកា​ស្តីទី​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ដែលជា​វាគ្មិន ​នៅ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មានលើក​ទី​ ៣០ ​នេះ បាន​លើក​ឡើង​ថា តួនាទី​អ្នក​សារព័ត៌មាន​ឯករាជ្យ​មាន​សារសំខាន់​ ព្រោះ​ពួក​គេ​ជា​អ្នក​ពាំ​នាំ​បញ្ហា​នៅ​តាម​មូល​ដ្ឋាន ​ដែល​មន្ត្រី​មូលដ្ឋានមិន​បាន​រាយការ​ណ៍​ទៅដល់​ថ្នាក់​ដឹកនាំ ដើម្បីឱ្យ​ថ្នាក់​ដឹកនាំ​ដោះស្រាយ ខណៈ​នៅពេល​នេះ​សារព័ត៌មាន​ដែល​ហ៊ាន​ផ្សាយ​អំពី​បញ្ហា​របស់ពលរដ្ឋ​ គឺ​មិន​មាន​ច្រើន​នោះ​ទេ។

​អ្នក​ស្រី​ថា៖ «រហូត​ដល់​ពេល​ដែល​វីអូឌីបិទ ក៏​ខ្ញុំ​បាន​ទទួល​ការ​ខល[ទំនាក់ទំនង]ច្រើន​ពី​ពលរដ្ឋ​ នៅ​ពេល​ដែល​គាត់​មកធ្វើ​ការ​ទាម​ទារ​ ការ​តវ៉ា​នៅ​មុខ​ខាង​ក្រសួង​ផ្សេងៗ គាត់​ថា​ ចុះ​ឥឡូវ​បាត់​អ្នក​សារ​ព័ត៌មាន​ទៅ​ណា​អស់​ហើយ។ នៅ​ពេល​ដែល​ពួកគាត់ មក​ទាមទារ​តវ៉ា​អី​នៅមុខ​សភា ឬ​នៅ​មុខ​ស្ថាប័ន​ផ្សេងៗ អត់​ឃើញ​មាន​សារព័ត៌មាន​មក​ផ្សាយ​អំពី​បញ្ហា​របស់​ពួកគាត់។ នេះ​គឺជា​បញ្ហា​មួយ ដែល​យើងមើល​ឃើញ​ថា មាន​សារព័ត៌មាន​ច្រើន ប៉ុន្តែ​សួរ​ថា​មាន​ព័ត៌មាន​ប៉ុន្មាន​ ដែល​ហ៊ាន​ធ្វើការ​ផ្សាយ​អំពីបញ្ហា​ទាំងអស់​ហ្នឹង?»។

​ចំណែក​នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នកស្រី ​ចក់ សុភាព ដែល​ចូលរួម​ធ្វើ​ជា​វាគ្មិន​ម្នាក់ទៀត នៅ​ក្នុង​ទិវា​សេរី​ភាព​សារ​ព័ត៌មានលើក​ទី​ ៣០ នេះ​ដែរ​ ចង់​ឃើញ​រដ្ឋា​ភិបាល​បើក​ចិត្ត​ឱ្យ​ទូលាយ ក្នុង​ការបើកស្ថាប័ន​វីអូឌី​ឡើង​វិញ។

អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ជា​វាគ្មិន​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​លើក​ទី៣០ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ជា​វាគ្មិន​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​លើក​ទី៣០ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

អ្នក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី នឹង​អាច​ពិចារណា ​ដោយក្តី​មេត្តា​ ដោយ​ចិត្ត​ករុណា ព្រោះ​កន្លង​មក​យើង​ឃើញ​ហើយ​ករណី​ច្រើន​ណាស់​ គឺ​ថា​នាយក​រដ្ឋ​មន្ត្រី [ដែល]ពាក់​ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​សរសេរ​លិខិត​សុំទោស​ឡើង​ជា​រដ្ឋ​លេខាធិការ ឡើង​ជា​អនុរដ្ឋលេខា​ធិការ។ ចុះ​វីអូឌី ​តើ​បាន​ប្រព្រឹត្ត​បទល្មើស​ស្អី​? ​ច៎ា! កន្លែង​នេះ ​ខ្ញុំ​ស្នើ​សុំ​ថា​ ដើម្បី​ធានា​សេរីភាព​សារព័ត៌មាន [សូម] នាយក​រដ្ឋមន្ត្រី ​ស្ថាប័ន​ពាក់​ព័ន្ធ​គួរ​តែ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់ខ្លួន»។

​អ្នកស្រី​បន្ត​ថា សូម្បី​នៅ​ក្នុង​ខួប​ ២០ ​ឆ្នាំ​របស់​ស្ថាប័ន​សារ​ព័ត៌មាន​វីអូឌី ​អ្នក​នាំពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក៏​បាន​លើក​ឡើង​ថា ស្ថាប័ន​វីអូឌី ​ក៏​បាន​ផ្តល់​ឱកាស​ឱ្យ​គណបក្ស​កាន់អំណាច់ផ្ស​ព្វផ្សាយ​គោលនយោបាយ​របស់​គណបក្ស​ផងដែរ ហើយ​គណបក្ស​តូចៗ​ ក៏ចង់​ឱ្យ​វីអូឌី​ បន្លឺ​សំឡេងពួកគេ​ផងដែរ។ ដូច្នេះ​អ្នកស្រី ថា រដ្ឋាភិបាល​ គួរបើក​ចិត្តឱ្យ​ទូលាយ ក្នុង​ការ​ផ្តល់​ឱកាស​ឱ្យ​ស្ថាប័ន​វីអូឌី​អាច​ដំណើរ​ការ​ឡើង​វិញ​ ដើម្បី​ធានា​នូវ​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា។

អ្នកស្រី​ថ្លែងថា៖ «បើ​សិន​ជា​យើង​ពិត​ជា​ធ្វើ​ដំណើរ​ក្នុងការ​ធានា​សេរីភាព​សារព័ត៌មាន ​ហើយ​តាម​រយៈ​ឯកឧត្តម​ ខ្ញុំ​គិត​ថា​ យើង​គួរ​តែ​អាច​គិត​គូរ​ពិចារណា ​បើ​សិន​ជា​កំហុស​មួយ​ថា ​វីអូឌី​ធ្វើខុសទៅចុះ​ ហើយ​វីអូឌីក៏​បាន​សុំទោស​ហើយ។ ​ហើយ​កន្លង​មក​មាន​សមាជិក​គណបក្ស​ខ្លះ​ គេធ្វើ​ខុស​រហូត​ដល់​ចូល​ពន្ធនាគារ​ទៀត​ ហេតុអ្វី​រដ្ឋាភិបាល អាច​បើក​ចិត្ត​ទទួល​បាន? ហេតុអ្វី​វីអូឌី​មិន​អាច​បើក​ចិត្ត​ទទួល​បាន?»។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ ជា​វាគ្មិន​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​លើក​ទី៣០ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ ជា​វាគ្មិន​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​លើក​ទី៣០ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក ​មាស សុភ័ណ្ឌ ដែល​ជា​វាគ្មិន​មក​ពីភាគី​រដ្ឋាភិបាល​លើកឡើងថា ​លម្ហ​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា នៅ​តែរក្សា​បាន​ភាព​ល្អ​ប្រសើរ។ ​ដោយឡែក​ ទាក់ទង​នឹង​ការ​បិទវីអូឌី លោកថា​ ការ​បិទ​នេះ មិន​បាន​សម្លាប់​លម្ហ​សេរីភាព​សារ​ព័ត៌មាន​ ឬ​សិទ្ធិ​សេរី​ភាពសារព័ត៌មាន​នៅកម្ពុជា​នោះទេ។

លោកថ្លែងថា៖ «ខ្ញុំសូម​បញ្ជាក់​ម្តង​ទៀត​ថា ការ​បិទ​វីអូឌី មិន​មែនធ្វើ​ឱ្យ​សេរីភា​ព​នៅ​កម្ពុជាស្លាប់​នោះ​ទេ។ សេរី​ភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ មិន​អាច​យក​អង្គភាព​ដែល​ល្មើស​ច្បាប់​មួយ មកធ្វើ​ជា​កត្តា​កំណត់អំពី​លម្ហ​សេរីភាព​សារព័ត៌មាននៅ​កម្ពុជា​បាន​ទេ។ ដូច្នេះ​ការ​បិទ​វីអូឌី​នេះ​មិន​បាន​សម្លាប់​លម្ហសេរីភាព​សារព័ត៌មាន​ ឬ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា​នោះទេ។ សេរីភាព​សារព័ត៌មាន​ សេរីភាព​នៃ​ការ​បោះ​ពុម្ព​ផ្សាយ​ ត្រូ​វបាន​ធានា​ ដោ​យ​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របប​សារព័ត៌មាន​នៃ​ព្រះរាជា​ណាចក្រកម្ពុជា»។

​ជាមួយ​គ្នា​នេះ ក្រុម​សង្គម​ស៊ីវិល​ចំនួន​ ១៣ បា​ន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ផង​ដែរ ដោយពួក​គេស្នើ​រដ្ឋាភិបាល​និង​ដៃ​គូ​ពាក់ព័ន្ធ​ ឱ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំនួន​ ៦ ចំណុច​ ដូចជា​ការ​ធានា​នូវ​បរិយា​កាស​ប្រកប​ដោយ​សេរីភាព សន្តិភាព​ និង​សុវត្ថិភាព​ពេញ​លេញ​សម្រាប់​អ្នក​សារព័ត៌មាន និងស្ថាប័ន​សារព័ត៌មាន​ ក្នុង​បំពេញ​ការងារ​វិជ្ជាជីវៈ ដោយ​មិន​មាន​ការ​រឹតត្បិត​ និង​ភ័យ​ខ្លាច​ ជាពិសេស​នៅក្នុង​អំឡុង​ពេល និង​ក្រោយ​ពេលបោះ​ឆ្នោត​ជ្រើសរើស​តាំង​តំណាង​រាស្ត្រ​នៅខែកក្កដា​ខាង​មុខ។​

ក្រុម​អង្គការ​សង្គមស៊ីវិល​ក៏ស្នើ​ឱ្យមាន​ការ​បញ្ឈប់​រាល់​ការ​ធ្វើទុក្ខ​បុកម្នេញ​គ្រប់ប្រភេទ​ទៅលើ​អង្គភាពសារព័ត៌មាន​ និង​អ្នកកាសែត ដែល​ហ៊ាន​រាយ​ការណ៍​បញ្ហា​អសកម្ម ឬ​បញ្ហា​រសើប​ផ្សេងៗ​នៅ​ក្នុង​សង្គម​ ហើយ​ដោះលែង​អ្នក​សារព័ត៌មាន​ទាំង​ឡាយ​ណា ដែល​កំពុង​ជាប់ពន្ធនាគារ​ដោយ​សារ​ការ​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន​ ជាពិសេស​បញ្ឈប់​ការ​ប្រើប្រាស់​ច្បាប់​ស្តីពី​ក្រម​ព្រហ្ម​ទណ្ឌដាក់ទោស​អ្នកសារ​ព័ត៌មាន។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ១៣ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។ ​

ក្រុម​សង្គម​ស៊ីវិល​ចំនួន​ ១៣ ដែលរួម​មាន សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (Camboja) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយ​ (CCIM) មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR ) គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោ​យ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ជាដើម ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ និង​សភាជាតិ​ អនុម័ត​ឱ្យបាន​ឆាប់​នូវ​ច្បាប់​ស្តីពី​សិទ្ធិទទួលបាន​ព័ត៌មាន​ ដែល​ស្របតាម​បទដ្ឋាន​អន្តរជាតិ​ និង​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​អនុវត្ត​ដើម្បី​ធានា​បាន​សេរីភាព​សារព័ត៌មាន​ពេញ​លេញ។

​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មា​ធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា ខុមហ្វ្រែល លោក គឹម ឈន បាន​លើកឡើង​ក្នុង​វេទិកា​នៃ​ទិវា​សេរី​ភាព​សារព័ត៌មានលើក​ទី​ ៣០ នេះ​ថា ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាច​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ​និង​ធ្វើ​ឱ្យ​ពល​រដ្ឋ​អាចដឹង​ព័ត៌មាន​នានាដែល​កើត​ឡើង​ក្នុង​សង្គម​ ក្នុង​ការ​ឈាន​ទៅ​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ​សម្រាប់ការ​បោះ​ឆ្នោត។

លោក​បន្ត​ថា ប្រសិន​បើខ្វះខាត​នូវ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ នោះ​វា​នឹង​បណ្តាល​ឱ្យ​ខ្វះខាត​ព័ត៌មាន​ឯករាជ្យ​ និង​តម្លាភាព​សម្រាប់​ម្ចាស់​សន្លឹក​ឆ្នោត​ធ្វើ​ការ​សម្រេច​ចិត្ត៕

XS
SM
MD
LG