សកម្ម​ជន​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឡាវ​អំពី​ការ​បាត់​ខ្លួន​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ម្នាក់

រូបឯកសារ៖ លោក Sombath Somphone សកម្មជន​និង​ជា​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​បាត់​ខ្លួន​នៅ​ប្រទេស​ឡាវ​កាល​ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០១២។

កាល​ពី​៥​ឆ្នាំ​មុន ​លោកស្រី ​Shui-Meng Ng ​និង​ប្តី​របស់​លោកស្រី​ឈ្មោះ​ Sombath Somphone ​បាន​បើក​រថយន្ត​កាត់​តាម​ទីក្រុង​វៀងចន្ទន៍​នៅ​ពេល​ដែល​លោក​បាន​បាត់​ខ្លួន។

រូបភាព​ម៉ាស៊ីន​ថត​សន្តិសុខ​នៅ​ចំណុច​ឆែកឆេ​របស់​ប៉ូលិស​បានបង្ហាញ​ថា ពួក​មន្រ្តី​ប៉ូលិស​បាន​បញ្ឈប់​រថយន្ត​ម៉ាក្ស ​Jeep ​របស់​លោក។

លោក​ Somphone ដែលល្បី​ល្បាញ​ថា​ជា​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នោះ​បាន​ចេញ​ពី​រថយន្ត​របស់​លោក។​ មួយ​រំពេជ​ក្រោយ​មក ​អ្នក​ជិះ​ម៉ូតូ​ម្នាក់​បាន​មក​ដល់ ហើយ​បាន​ចត​ម៉ូតូ​របស់​ខ្លួន ​ហើយ​បាន​បើក​រថយន្ត ​Jeep ​នោះ​ទៅ​បាត់។​ បន្ទាប់​មក ​រថយន្ត​ម៉ាក Pickup​ ពណ៌​ស​ដែល​មិន​មាន​សញ្ញា​សម្គាល់​បាន​បើក​មក​ដល់​កន្លែង​លោក ​Somphone ហើយ​លោក​បាន​ចូល​ក្នុង​រថយន្ត​នោះ​ ក៏​ត្រូវ​បាន​គេ​នាំ​ចេញ​ទៅ។

ពួក​សកម្ម​ជន​និយាយ​ថា ​ម៉ាស៊ីន​ថត​សុវត្ថិភាព​របស់​ប៉ូលិស​បង្ហាញ​ថា ​លោក Somphone ​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​កន្លែង​ឆែកឆេរ​របស់​ប៉ូលិស។ លោក​ស្រី Shui-Meng ​មិន​បាន​ឮ​ដំណឹង​ពី​ប្តី​របស់​លោក​ស្រី​ចាប់​តាំង​ពី​ពេល​នោះ​មក។

លោកស្រី​បាន​ប្រាប់​ VOA​ ផ្សាយ​ជា​ភាសា​ឡាវ​ថា៖ «មក​ទល់​សព្វ​ថ្ងៃ​នេះ ​លោក Somphone ​នៅ​បាត់​ខ្លួន​នៅ​ឡើយ។ ខ្ញុំ​មិន​មាន​ជម្រើស​ទេ។​ ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​ទេ។ ខ្ញុំ​មិន​អាច​ឲ្យ​ការងារ​របស់​លោក ​Somphone ហើយ​និង​សុបិន​និង​សេចក្តី​សង្ឃឹម​របស់​លោក​ដើម្បី​កសាង​សង្គម​មួយ​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស​ឡាវ​ត្រូវ​គេ​បំភ្លេច​នោះ​ទេ‍»។

​លោកស្រី ​Shui-Meng ​បាន​និយាយ​ថា៖ «តើ​ពិភព​លោក​អាច​អនុញ្ញាត​ឲ្យ​លោក Somphone បាត់​ខ្លួន​ទេ? ​តើ​យើង​អនុញ្ញាត​ឲ្យ​មាន​ស្ថានភាព​និទណ្ឌភាព​ប្រភេទ​នេះ​បន្ត​ឬ?៕