កងកម្លាំង Kurds នៅក្នុងប៉ែកខាងជើងនៃប្រទេសស៊ីរីបានអះអាងថា ខ្លួនបានត្រួតត្រាពេញលេញទីក្រុងមួយនៅតាមព្រំដែនដែលគេជឿថា ជាកន្លែងឆ្លងកាត់ របស់ពួកយុទ្ធជនរដ្ឋអ៊ីស្លាមនិងការផ្គត់ផ្គង់សម្ភារៈពីប្រទេសតួកគី។
បើតាមពួកអ្នកកាសែតដែលសង្កេតការពីដែនដីតួកគីបានឲ្យដឹងថា កងជីវពលប្រឆាំងនឹងពួករដ្ឋអ៊ីស្លាម បានលើកទង់ជ័យជម្នះរបស់ពួកគេនៅលើក្រុង Tal Abyad កាលពីថ្ងៃអង្គារ ដោយមានការជួយជ្រោមជ្រែងពីស.រ.អា.ដែលបានដឹកនាំការវាយប្រហារតាមអាកាស។
ការវាយលុកមួយដើម្បីបណ្តេញពួកជនសកម្មប្រយុទ្ធត្រូវបានបើកធ្វើឡើងកាលពីសប្តាហ៍មុនដោយមានគោលដៅបិទផ្លូវធំមួយដែលបានត្រូវប្រើប្រាស់ដើម្បីបញ្ជូនគ្រឿងឧបករណ៍និងពួកជនដែលអាចក្លាយជាជនសកម្មប្រយុទ្ធពីប្រទេសតួកគីទៅកាន់ក្រុង Raqqa ដែលជារដ្ឋធានីនៃពួករដ្ឋអ៊ីស្លាម។
កាលពីថ្ងៃអង្គារ ក្រសួងការពារប្រទេសស.រ.អា.បាននិយាយថា នៅមានការប្រយុទ្ធដ៏ប្រទាញប្រទង់គ្នាមួយដើម្បីកាន់កាប់ក្រុង Tal Abyad ក៏ប៉ុន្តែកងកម្លាំងប្រឆាំងនឹងពួករដ្ឋអ៊ីស្លាមជិតអាចបិទកន្លែងឆ្លងកាត់ព្រំដែននេះហើយ។
ក្រសួងការពារប្រទេសស.រ.អា.បាននិយាយកាលពីថ្ងៃអង្គារដែរថា ការវាយប្រហារតាមអាកាស៥លើកក្នុងបណ្តាការវាយប្រហារ៩លើកនៅក្នុងប្រទេសស៊ីរីកាលពីយប់មិញ បានយកក្រុង Tal Abyad ជាទីដៅនៃការវាយប្រហារ នៅចំពេលដែលកងយន្តហោះចម្បាំងបានធ្វើការវាយប្រហារ១៦លើកនៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយបានទម្លាក់់គ្រាប់បែកយ៉ាងច្រើនលើទីតាំងពួករដ្ឋអ៊ីស្លាម នៅជិតក្រុង Mosul ដែលជាក្រុងធំទីពីរនៃប្រទេសអ៊ីរ៉ាក់ និងជាសំបុកមួយរបស់ពួកជនសកម្មប្រយុទ្ធ៕