ការ​ដំឡើង​​ប្រាក់​ឈ្នួល​អប្បបរិមា​នៅ​កេនយ៉ា​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​បម្រើ​ការ​តាម​ផ្ទះ

កាល​ពី​ដើម​ខែ​​កក្កដា​ លោកស្រី Raychelle Omamo រដ្ឋមន្រ្តី​ក្រសួង​ការងារ​កេនយ៉ា​បាន​ប្រកាស​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​អ្នក​បម្រើការ​តាម​ផ្ទះ។ ការ​ដំឡើង​ ១២​ភាគរយ​នឹង​ធ្វើ​​ឲ្យ​ប្រាក់​ខែ​ដែល​មាន​ចំនួន​៩៧​ដុល្លារ​ក្នុង​មួយ​ខែ​កើន​ដល់​ជិត​១១០​ដុល្លារ។

កាល​ពី​ដើម​ខែ​កក្កដា​ លោកស្រី Raychelle Omamo រដ្ឋមន្រ្តី​ក្រសួង​ការងារ​កេនយ៉ា​បាន​ប្រកាស​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​អ្នក​បម្រើការ​តាម​ផ្ទះ។ ការ​ដំឡើង​ ១២​ភាគរយ​នឹង​ធ្វើឲ្យ​ប្រាក់​ខែ​ដែល​មាន​ចំនួន​៩៧​ដុល្លារ​ក្នុង​មួយ​ខែ​កើន​ដល់​ជិត​១១០​ដុល្លារ។ ខណៈ​ពេល​ដែល​និយោជក​មួយ​ចំនួន​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួល​យក​សារាចរ​ថ្មី​នេះ ​ស្ត្រី​ដែល​នឹង​ទទួល​បាន​អត្ថប្រយោជន៍​យល់​ឃើញ​ថា ​វា​ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម​មួយ។

អ្នកស្រី Beatrice Atieno ដែល​ស្ថិត​ក្នុង​វ័យ​៥០​ឆ្នាំ​ បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជា​អ្នក​បម្រើការ​ក្នុង​ផ្ទះ​ក្នុង​ឆ្នាំ​១៩៩៣។ អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ ​ដែល​គាត់​បាន​ធ្វើ​ការងារ​នេះ​។

អ្នកស្រី​បាន​និយាយ​ថា ​នេះ​ជា​ជីវិត​របស់​គាត់។ ម្ដាយ​ដែល​មាន​កូន​បី​នាក់​រូប​នេះ​បាន​ត់​សម្គាល់​ថា ​មនុស្ស​ដូចជា​រូបគាត់​នៅ​ក្នុង​ប្រទេស​កេនយ៉ា​មិន​ទទួល​បាន​ការ​គោរព​ដែលសម​នឹង​ទទួលបាន​នោះ​ទេ។ ដូច្នេះ​ហើយ​ប្រតិកម្ម​អវិជ្ជមាន​របស់​នយោជក​ទៅ​លើ​ច្បាប់​ថ្មី​នេះ​គឺ​ មិន​ធ្វើ​អោយ​គាត់​ភ្ញាក់​ផ្អើល​នោះ​ទេ។

«វា​មិនមែន​ជា​ការ​ល្អ​នោះ​ទេ ​ប្រសិន​បើ​មនុស្ស​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា ប៉ុន្តែស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រោះ​វា​មិន​សម​ហេតុផល​នោះ​ទេ ​ដែល​មនុស្ស​ម្នាក់​ធ្វើ​ការ​ឲ្យ​អ្នក ប៉ុន្តែ​អ្នក​បែរ​ជា​ស្អប់​មនុស្ស​ម្នាក់​នោះទៅ​វិញ។ តើ​អ្នក​រំពឹង​ថា ​គេ​នឹង​ធ្វើ​ការងារ​អោយ​អ្នក​ល្អ​ដែរ​ឬ​ទេ?​ ម្យ៉ាង​ទៀត នេះ​ជា​មនុស្ស​ដែល​អ្នក​ទុក​អោយ​នៅ​ផ្ទះ​ និង​មើល​ថែ​កូន​របស់​អ្នក។ អ្នក​គួរ​តែ​អោយ​តម្លៃ​ទៅ​មនុស្ស​ម្នាក់​នោះ​ ដូច្នេះ​គេ​នឹង​ធ្វើ​ការ​យ៉ាង​ល្អ​សម្រាប់​អ្នក»។

បន្ថែម​ពី​លើ​ការ​ដំឡើងប្រាក់​ខែ បទ​បញ្ញត្តិ​ថ្មី​នេះ​ក៏​អនុញ្ញាត​ឲ្យ​អ្នក​បម្រើការ​តាម​ផ្ទះ​មាន​សិទ្ធិ​ទទួល​បាន​ថ្ងៃ​ឈប់​សំរាក​ប្រចាំ​សប្ដាហ៍​ និង​សំណង​បន្ថែម​ម៉ោង​។ សេចក្តី​ប្រកាស​នេះ​បាន​បង្កឲ្យ​មាន​ការ​ខឹង​សម្បារនៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​ដែល​អ្នក​អត្ថាធិប្បាយ​បាន​លើក​ហេតុផល​ថា ​ការ​ដំឡើង​ប្រាក់​ខែ​នេះ​គឺ​ ខ្ពស់​ពេក។ ​ប៉ុន្តែ​មុន​ពេល​បង្កើត​ច្បាប់​នេះ​ មាន​ការ​ការពារ​តិចតួច​សម្រាប់​អ្នក​បម្រើការ​តាម​ផ្ទះ​ដូចជា​អ្នកស្រី Beatrice Atieno។

«នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​អោយ​នរណា​ម្នាក់​ ហើយ​អ្នក​ត្រូវ​បាន​បដិសេធ​សិទ្ធិ​ទទួល​បាន​ប្រាក់​ខែ ​វា​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ។ វា​ជា​រឿង​អាក្រក់។ ​នៅ​ពេល​ខ្លះ​ ពេល​ដែល​អ្នក​សួរ​រក​ប្រាក់​ខែ​របស់​អ្នក​ ពួក​គេ​បាន​វាយ​ដំ​អ្នក។ ដូច្នេះ ​អ្នក​ក៏​ទៅ​រក​ប៉ូលិស​ ទៅ​ប្តឹង​តុលាការ ហើយ​ពួកគេ​ដឹង​ច្បាស់​ណាស់​ថា​នេះ​ជា​ សិទ្ធិ​របស់​អ្នក»។

កញ្ញា Josephine Nimile ​មិន​ធ្លាប់​ធ្វើការ​នេះ​ពី​មុន​មក​ទេ។ នាង​មាន​អាយុ​១៨​ឆ្នាំ។ នាង​បាន​ព្យួរ​ការ​សិក្សា​របស់​នាង​ ​ព្រោះ​តែ​នាង​គ្មាន​ប្រាក់​បង់​ថ្លៃ​សាលា។ នាង​មាន​អារម្មណ៍​ថា ​រដ្ឋាភិបាល​បាន​ធ្វើ​អ្វី​ម្យ៉ាង​ដែល​ល្អ​ តាមរយៈ​ការ​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​អ្នក​បម្រើការ​ក្នុង​ផ្ទះ ​និង​មាន​អារម្មណ៍​ថា​ ​ការងារបែប​នេះ​នឹង​មាន​អនាគត​ប្រសើរ​មួយ​នៅ​ក្នុង​ប្រទេស​កេនយ៉ា។​

«របៀប​ដែល​រដ្ឋាភិបាល​បាន​បង្កើន​ប្រាក់​បៀវត្សរ៍​នេះ​គឺ​ជា ​រឿង​មួយ​ដ៏​ល្អ​ ពី​ព្រោះ​ការងារ​នេះ​គឺ​ដូច​ទៅ​នឹង​ការងារ​ផ្សេងៗ​ទៀត ​ហើយគួរ​តែ​ត្រូវ​បាន​ការ​គោរព។ ​ប្រសិន​បើ​ចៅហ្វាយ​របស់​អ្នក​ធ្វើ​ល្អ​ចំពោះ​អ្នក ​ជា​ការ​ពិត​ណាស់​ អ្នក​នឹង​ថែរក្សា​ផ្ទះ​របស់​គាត់ ​និង​ក្មេងៗ​អោយ​អស់​ពី​ចិត្ត។​

យោង​ទៅ​តាម​អ្នកស្រី​ Atieno អ្នក​បម្រើ​នៅ​តាម​ផ្ទះ ​និង​អ្នក​ថែទាំ​ក្មេង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កេនយ៉ា​រក​ប្រាក់​បាន​តិចតួច​ណាស់​ ប្រហែល​ ១៥​ដុល្លារ​ក្នុង​មួយ​ខែ។ ភាគ​ច្រើន​នៃ​ពួកគេ​មិន​បាន​យល់ដឹង​ពី​ការទាមទារ​សិទ្ធិ​របស់​ពួក​គេ​នោះ​ទេ។ ពួកគេ​មិនមាន​ការ​អប់រំ​ ហើយ​ពួកគេ​បាន​ជួប​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ផ្ទះ​ដែល​គេ​ធ្វើការ។​

Nancy Navalia​ ជា​អ្នក​បម្រើការ​តាម​ផ្ទះមួយ​រូប​ទៀត​នៅ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី​បាន​និយាយ​ថា​ ច្បាប់​នេះ​ផ្តល់​ភាព​ល្អ​ប្រសើរ​សម្រាប់​ទាំង​និយោជក​ និង​និយោជិក​ដូច​គ្នា។

ច្បាប់​ដែល​បាន​កំណត់​ប្រាក់​ខែ​អប្បបរមា​សម្រាប់​អ្នក​បម្រើការ​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​កេនយ៉ា​ត្រូវ​បាន​អនុម័ត​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០១១ ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​សំណើរ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO)​ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​សម្រាប់​អ្នក​ដែល​មាន​ការងារ​ធ្វើ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

ប្រទេស​កេនយ៉ា​បាន​កំពុង​ព្យាយាម​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​ច្បាប់​នេះ​នៅ​គ្រប់​ផ្ទះ​ទាំង​អស់។​ បើ​និយោជក​ណា​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ការ​រំលោភ​លើ​ច្បាប់​ថ្មី​នេះ​ និយោជក​នោះ​នឹង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​បី​ខែ​ ឬ​ការ​ផាក​ពិន័យ​ដែល​មាន​ទឹកប្រាក់​ស្មើ​នឹង​៥០០​ដុល្លារ៕

ប្រែ​សម្រួល​ដោយ ប៉ោ ហេងឡាលីន