អតីត​កម្មាភិបាល​ខ្មែរក្រហម​ជាន់ខ្ពស់​ម្នាក់​ទៀត​​ស្លាប់

លោក​ឡុង ​នរិន្ទ​ (ស្តាំ) ក្នុង​រូបថត​កាល​ពី​ឆ្នាំ​១៩៩៦ ក្នុង​ឧទ្ធម្ភាគចក្រ​មួយ​ ជាមួយ​​​លោក អៀង វុធ (កណ្តាល) កូន​ប្រុស​មេដឹកនាំ​ខ្មែរ​ក្រហម​​លោក អៀង សារី និង​អម​ដោយ​​លោក ឡាយ វីរៈ (ឆ្វេង) ​មេបញ្ជាការ​កង​ទ័ព​កម្ពុជា​នៅ​ភូមិភាគ​១២ ក្រោយ​ពី​ជំនួប​ជាមួយ​​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​ទី​២ នៅ​ខេត្ត​បាត់ដំបង។ (០២ កញ្ញា ១៩៩៦) (AP Photo/Som Sattana)

អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរក្រហម​ក្នុង​ក្រសួង​ការ​បរទេស​បាន​ស្លាប់ដោយសារ​ជំងឺ ក្រោយ​ពី​អៀង ​សារី​ រដ្ឋ​មន្ត្រី​នៃ​ក្រសួង​នេះ​បាន​ស្លាប់​កាល​ពី​ឆ្នាំ​មុន។​

លោក​ឡុង ​នរិន្ទ​ធ្លាប់​បាន​បម្រើការ​ក្នុង​ក្រសួង​ការបរទេស​ខ្មែរក្រហម​ពី​ខែ​មេសា​ឆ្នាំ​១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩។ ​កាល​នោះ​អៀង​ សារី​បាន​ធ្វើ​ជា​ឧបនាយករដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ការ​បរទេស។​

លោក​សួង ​ស៊ីគឿន ​អតីត​បុគ្គលិក​ក្រសួង​ការ​បរទេស​ម្នាក់​ទៀត​ និង​ជា​អតីត​ជំនួយ​ការ​មេស្ថាបនិក​របបខ្មែរ​ក្រហម​ប៉ុល ​ពត ​បាន​ប្រាប់​វីអូអេ​សំឡេងសហរដ្ឋ​អាមេរិក​តាម​សារ​អេឡិកត្រូនិក​ថា ​លោក​ឡុង ​នរិន្ទ​បាន​ស្លាប់​នៅ​ផ្ទះ​របស់​លោក​នៅ​ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មានជ័យ ​កាល​ពី​ថ្ងៃសៅរ៍​ វេលា​ម៉ោង៤ ហើយ​សព​របស់​លោក​ត្រូវ​បូជា​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទទី​២៨​ខែតុលា។​

លោក​ឡុង​ នរិន្ទ​ស្លាប់​ក្នុង​អាយុ​៧៦​ឆ្នាំ ​ប៉ុន្តែ​លោក​សួង​ ស៊ីគឿន​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​មរណ​ភាព​នេះ​ទេ។​

កាលពី​ក្នុង​អំឡុង​ខែ​ធ្នូ​ លោក​ឡុង​ នរិន្ទ​បាន​ធ្វើ​ជា​សាក្សីសំខាន់​ម្នាក់​ការពារ​ចុង​ចោទ​អៀង ​សារី។​

អតីត​និស្សិត​ខ្មែរ​នៅ​ប្រទេស​ឆេកូ​រូប​នេះ​ធ្លាប់​ត្រូវ​គេ​ដឹង​ថា​ មាន​ជំងឺ​រលាក​សួត​មាន​ការ​វះ​កាត់​ចោល​នូវ​ផ្នែក​នៃ​សរីរាង្គ​បន្ដ​ពូជ ​និង​មាន​ជំងឺ​ទឹក​នោម​ផ្អែម។​

ហើយ​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​ថៃ​ជា​ច្រើន​លើក។​
ដោយសារ​តែ​មូលហេតុ​សុខភាព​នេះ​ អង្គជំនុំ​ជម្រះ​សាលា​ដំបូងបាន​យល់​ព្រម​ឲ្យ​គាត់​ផ្ដល់​សក្ខីកម្ម​ពី​ផ្ទះ​របស់​គាត់​ជាប់​ព្រំដែន​ថៃ​តាម​រយៈ​ការ​ត​ភ្ជាប់​វីដេអូ។

ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ដល់​សក្ខីកម្ម ​លោក​ឡុង ​នរិន្ទ​បាន​សុំ​ទៅ​បន្ទប់​ទឹក​ជា​ញឹកញាប់។​

មរណភាព​របស់​លោកឡុង ​នរិន្ទ​កើត​មាន​ឡើង​ស្រប​ពេល​ដែលអង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហមកំពុង​បើក​សវនាការ​ស្តីពី​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​បញ្ចប់​ការ​កាត់ទោស​សំណុំ​រឿង​០០២​វគ្គទី​១។ ​សំណុំ​រឿង​នេះ​នៅ​សល់​ជន​ជាប់​ចោទ​តែពីរ​នាក់​គត់​ដែល​នៅ​រស់រាន​មាន​ជីវិត​គឺ​ខៀវ ​សំផន ​អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម​ ​និង​នួន​ ជា ​អតីត​ប្រធាន​សភា។​ អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំង​ពីរ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​បទ​ប្រល័យ​ពូជ​សាសន៍។ ​បទ​ចោទ​ទាំង​នេះ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ យ៉ាង​តិច​ចំនួន​១,៧​លាន​នាក់។​

លោក​ឡុង​ នរិន្ទ​ធ្លាប់​បាន​បញ្ជាក់​ថា​ អៀង​សារី ​អតីត​ចៅ​ហ្វាយ​នាយ​របស់​គាត់​មាន​អំណាច​ក្នុង​ការ​បញ្ជា​ការ​ចាប់​ខ្លួន ​និង​រារាំង​ការ​ចាប់​ខ្លួន​បុគ្គលិក​ក្នុង​ក្រសួង​ការ​បរទេស។​ ប៉ុន្តែ​អៀង​សារី ​ដែល​ជា​ជន​ជាប់ចោទ​ម្នាក់​ទៀត​ក្នុង​សំណុំ​រឿង​០០២​នេះបាន​ស្លាប់​កាល​ពី​ឆ្នាំក​ន្លង​ទៅ​មុន​ពេល​ដែល​ការ​កាត់​ទោសវ​គ្គទី១​នេះ​បាន​បិទ​បញ្ចប់។​

លោក​នេត្រ​ ភក្ត្រា​ អ្នកនាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​ចាត់​ទុក​ថា ​ការស្លាប់​របស់​លោក​ឡុង​ នរិន្ទ​គឺជា​ការ​បាត់បង់​សាក្សី​សំខាន់​ម្នាក់។​

«គាត់​បាន​ផ្តល់​នូវ​ព័ត៌មាន​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ក្នុង​សម័យ​ខ្មែរ​ក្រហម​ជាពិសេ​ស​ពាក់ព័ន្ធ​នឹង​ក្រសួង​ការ​បរទេស​នៅ​សម័យ​នោះ។ ​ដូច្នេះ​ការ​ស្លាប់​របស់​លោក​ឡុង ​នរិន្ទ​គឺជា​ការ​បាត់បង់​សាក្សី​រស់​មាន​សារៈ​សំខាន់​មួយ​រូប»។​

ដោយ​ឡែក លោក​ឆាំង​ យុគ ​នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​ស្លាប់​ទាំង​លោក​ឡុង ​នរិន្ទ​ ទាំង​ជនជាប់​ចោទ​អៀង​ សារី​បាន​ធ្វើ​ឲ្យ​ការណ៍​ពិត​ក្នុង​អតីត​កាល​កប់ជ្រៅ។

«គាត់​ជា​មនុស្ស​ជំនិត​របស់​អៀង ​សារី ​ដូចជា​លេខា​ផ្ទាល់​របស់​អៀង ​សារី។ ​គាត់​ដឹង​រឿងរ៉ាវ​ច្រើន។​ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ ទាំង​រូបគាត់​ ទាំង​អៀង ​សារី​បាន​ស្លាប់​បាត់​ទៅ​ហើយ។​ អញ្ចឹង​ធ្វើ​ឲ្យ​ប្រវត្តិ​សាស្ត្រ​ហាក់​ដូចជា​កប់​ជ្រៅ​បន្តិច។ ​ការស្វែង​រក​ការណ៍​ពិត​មាន​ការ​លំបាក​បន្តិច ចំពោះ​រឿងរ៉ាវ​របស់​គាត់។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​វា​ទាក់ទង​នឹង​រឿង​រ៉ាវ​ពិត​ប្រាកដ​និង​តួនាទី​ពិត​ប្រាកដ​របស់​អៀង ​សារី»។​

លោក​ឡុង​ នរិន្ទ​ក៏​ធ្លាប់​បម្រើ​ការ​នៅ​វិទ្យុ​រណសិរ្ស​រួបរួម​ជាតិ​ប្រជា​ធិបតេយ្យ​ខ្មែរ​ក្រហម​ ដែល​គ្រប់គ្រង​ដោយ​លោក​ស្រី ​អៀង​ធីរិទ្ធ ​ភរិយា​លោក​អៀង ​សារី​ ផង​ដែរ។ ​ហើយ​លោក​ឡុង ​នរិន្ទ​ក៏​បាន​ទទួល​ខុសត្រូវ​ផ្នែក​លិខិត​ឆ្លង​ដែន ​និង​ជា​អ្នក​កត់ត្រា​លិខិត​ឆ្លង​ដែន​ជន​បរទេស​ដែល​ចេញ-ចូល​មក​កម្ពុជាក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ៕