ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អៀង សារី​បានស្លាប់ ​ហើយ​សព​របស់​លោក​ត្រូវ​បញ្ជូន​ទៅ​ស្រុក​ម៉ាឡៃ


លោក​អៀង សារី ​អាយុ​៨៧​ឆ្នាំ​គឺ​ជា​អតីត​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​ខ្មែរក្រហម។​ (Documentation Center of Cambodia)
លោក​អៀង សារី ​អាយុ​៨៧​ឆ្នាំ​គឺ​ជា​អតីត​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​ខ្មែរក្រហម។​ (Documentation Center of Cambodia)
«លោកអៀង សារី​បាន​ទទួល​មរណភាព​នៅវេលា​ម៉ោង៨​និង៤៥​នាទីព្រឹក​ម៉ិញ​នេះ​ នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ​សូវៀត»។​ ​

លោកស្រី​ជា លាង សហ​ព្រះរាជ​អាជ្ញា​កម្ពុជា ​បាន​ប្រកាស​យ៉ាង​ដូច្នេះ​ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​មិន​ដល់​ដប់​នាទី​ផង ​ក្រោយពី​សាក​សព​របស់​អៀង សារី​ត្រូវ​បាន​ដឹក​តាម​រថយន្ត​មន្ទីរពេទ្យ​ឆ្ពោះ​ទៅកាន់​ស្រុក​ម៉ាឡៃ ​ខេត្តបន្ទាយ​មានជ័យ ​ដែល​នៅ​ទីនោះ​កូនៗ​និង​សាច់​ញាត្តិ​របស់​ជន​ជាប់ចោទ​រូប​នេះ​នឹងធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​របស់​ខ្មែរ។​

ដោយ​មិនបាច់​រង់ចាំ​ការ​ចោទ​សួរ ​លោកស្រី​ជា លាង​បានបង្ហាញ​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​អៀង សារី ​ដែល​គេ​មិន​បាន​ដឹង​ចាប់​តាំងពី​គាត់​ត្រូវ​ដឹក​ចូល​មន្ទីរពេទ្យ​យ៉ាង​ប្រ​ញ៉ាប់​ប្រញ៉ា​ល់​កាលពី​ថ្ងៃទី៤​ខែ​មិនា។​

«គ្រូពេទ្យ​ព្យាបាល​លោក​អៀង សារី​បាន​បញ្ជាក់​ថា​ មូលហេតុ​នៃ​មរណភាព​របស់​លោក​គឺ​បណ្តាល​មកពី​អសមត្ថ​ភាព​នៃ​បេះដូង»។​

លោកស្រី​ព្រះរាជ​អាជ្ញា​ជាតិ​បញ្ជាក់ថា​ ការចោទ​ប្រកាន់​លោក​អៀង សារី​«ត្រូវ​រំលត់»​ ដោយ​យោងតាម​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។​

លោក​អៀង សារី ​អាយុ​៨៧​ឆ្នាំ​គឺ​ជា​អតីត​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​ខ្មែរក្រហម។​

គាត់​គឺ​ជា​ជនជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់ចោទ​បី​នាក់​ក្នុង​សំណុំ​រឿង​០០២​ដែល​កំពុង​បន្ត​ដំណើរ​ការ​កាត់ទោស។​

គាត់​ត្រូវ​ចោទ​ចាប់ខ្លួន​កាលពី​ខែវិច្ឆិកា ​ឆ្នាំ​២០០៧ ​ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​ប្រល័យ​ពូជសាសន៍ ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ដែល​ទាក់ទង​នឹង​ការ​ស្លាប់​របស់​ពលរដ្ឋ​កម្ពុជា​យ៉ាងតិច​១,៧​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ១៩៧៩។​

កង​សន្តិសុខ​ត្រូវបាន​ពង្រាយ​យ៉ាងច្រើន​ ទាំង​នៅ​ជុំវិញ​បន្ទប់​ដែល​អៀង សារី​បាន​ស្នាក់​នៅ​ព្យាបាល​ នៅ​ពីមុខ​បន្ទប់ ​និង​នៅតាម​ជាន់​លើ​នៃ​អគារ​របស់​មន្ទីរពេទ្យ។​

អ្នក​យក​ព័ត៌មាន​ត្រូវគេ​ដាក់​ឲ្យ​នៅ​ឆ្ងាយ​ពី​កន្លែង​សាកសព។​

លោក​វីលាម ស្ម៊ីត ​សហ​ព្រះរាជ​អាជ្ញា​រង​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​ ថ្លែង​ក្នុង​សន្និសីទ​កាសែត​អម​ជាមួយ​អ្នកស្រី​ជា លាង​ថា​ ការ​ស្លាប់​របស់​អៀង ​សារី​មិនមែន​ជា​បរាជ័យ​របស់​តុលាការ​នោះ​ទេ។​
ហើយ​តុលាការ​ក៏​មិន​ឈប់​ទ្រឹង​នៅត្រឹម​នេះដែរ។​

«តុលាការ​នឹង​មិន​បញ្ឈប់​ការ​ជំនុំជម្រះ​របស់​ខ្លួន​នោះ​ទេ​រហូតដល់​មានការ​ទទួល​ខុសត្រូវ​ពេញលេញ​ណាមួយ​ចំពោះ​ជន​ដែល​ទទួល​ខុស​ត្រូវ​នេះ»។​

មុនពេល​ដែល​សាកសព​ត្រូវ​ដឹក​ចេញ ​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​អៀង សារី​បាន​ប្រកាស​ប្រាប់​ក្រុម​អ្នក​កាសែតថា ​«រឿង​ក្តី​របស់​អៀង សារី​ចប់​ហើយ»។​

លោក​អាង ឧត្តម ​សហ​មេធាវី​កម្ពុជា​ និយាយ​យោង​ដល់​ផ្លូវច្បាប់ថា​ «តាម​នីតិវិធី​ សំណុំ​រឿង​របស់​គាត់​តាមច្បាប់​ជាតិ ​ឬ​អន្តរជាតិ ​សំណុំរឿង​របស់គាត់​ត្រូវ​ចប់​ហើយ»។​

ដោយឡែក​ លោក​ម៉ាយ​ឃើល ​ខាណាវ៉ាស ​សហ​មេធាវី​អន្តរជាតិ​របស់​អៀង សារី​ និយាយ​ថា ​ជា​ការ​ក្រៀមក្រំ​ដែលអៀង សារី​បាន​ស្លាប់​ទៅ។ ​ប៉ុន្តែ​អៀង សារី​បាន​«ទៅកាន់​សុខ​គតិ​ភព»​ហើយ។​

លោក​បង្ហាញ​ថា​ លោក​យល់​ថា ​ការស្លាប់​នេះ​នឹង​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ខកចិត្ត ​ក៏ប៉ុន្តែ​ការ​កាត់​ទោស​បាន​ចាប់ផ្តើម​ឡើង​យឺត​ពេល​ពេក​គឺ​៣០​ឆ្នាំ​ក្រោយពី​ឧក្រិដ្ឋកម្ម​បាន​កើត​ឡើង។​

យ៉ាងណាក៏​ដោយ​លោក​គិត​ថា ​នេះ​ជា​ជោគជ័យ​ក្នុង​ការ​ការពារ​ក្តី​របស់​លោក។​

សព​របស់​អៀង សារី​ត្រូវ​ដឹក​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​នៅ​វេលា​ម៉ោង​ប្រមាណ​២​និង​៣០នាទី​រសៀល​ឆ្ពោះ​ទៅកាន់​ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយ​មានជ័យ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៤០០​គីឡូម៉ែត្រ​ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ។​

សមាជិក​គ្រួសារ​សាកស​ព​ និង​មេធាវី​និយាយ​ថា​ សព​របស់​អៀង សារី​នឹងត្រូវ​តម្កល់​ក្នុង​រយៈ​ពេល​ប្រហែល​មួយ​សប្តាហ៍។​

ប៉ុន្តែ​លោក​អៀង វុធ​ កូន​ប្រុស​របស់​អៀង សារី​បាន​ប្រាប់​វីអូអេ​ស​ម្លេង​សហ​រដ្ឋ​អាមេរិក​ខណៈ​ដែល​លោក​កំពុង​អម​ដំណើរ​សព​ឪពុក​របស់​លោក​ថា​ ​គេ​នៅ​ត្រូវ​កំណត់​ថ្ងៃ​បូជា​សព​លោក​អៀង សារី​នៅ​ឡើយ។​

«មិន​ទាន់​ដឹង​ទេ ​រង់ចាំ​មើល​ ជជែក​គ្នា​នៅក្នុង​គ្រួសារ​សិន»។​
សហគមន៍​អន្តរជាតិ​ និង​រដ្ឋាភិបាល​កម្ពុជា​មិនទាន់​បាន​បង្ហាញ​ប្រតិកម្ម​យ៉ាងណា​ចំពោះ​ការ​ស្លាប់​របស់​ជន​ជាប់ចោទ​ដែល​ជា​អតីត​បងធំ​ទី៣​នៃ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម​នេះ​ទេ។​
មេធាវី​ការពារ​ក្តី​របស់​នួន ជា​បានចេញ​សារ​រំលែក​ទុក្ខ​ការចូល​មរណភាព​របស់​អៀង សារី​នេះ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG