ក្រោយពេលដែលកាសែតឌឹខេមបូឌា ដេលី បានបិទលែងដំណើរការបោះពុម្ពផ្សាយ ដោយសារតែបញ្ហាចម្រូងចម្រាសខាងពន្ធដារ អតីតអ្នករាយការណ៍ឲ្យកាសែតនេះ នៅជុំវិញពិភពលោក បានសម្តែងការសោកស្តាយនឹងរដ្ឋាភិបាលកម្ពុជា និងការមិនពេញចិត្តចំពោះការដាក់សម្ពាធពន្ធដារដែលមានលក្ខណៈបែបនយោបាយលើកាសែតនេះ។
យ៉ាងណាក៏ដោយ អតីតអ្នករាយការណ៍ឲ្យកាសែតនេះមួយចំនួន នៅរដ្ឋធានីវ៉ាស៊ីនតោន សង្ឃឹមថា ពលរដ្ឋខ្មែរនឹងបន្តរក្សាទំនៀមទម្លាប់នៃការគោរពសារព័ត៌មានសេរី នៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានការរឹតត្បិតយ៉ាងណាក៏ដោយ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មានជុំវិញពិភពលោក បានផ្សព្វផ្សាយអំពីការបិទដំណើរការបោះពុម្ពផ្សាយរបស់កាសែតមួយដ៏តូច តែមានឥទ្ធិពលនៅកម្ពុជា គឺ កាសែតឌឹខេមបូឌា ដេលី (The Cambodia Daily)។
រីឯនៅរដ្ឋធានីវ៉ាស៊ីនតោន ដែលជាទីស្នាក់ការកណ្តាលនៃនយោបាយអាមេរិក អតីតអ្នករាយការណ៍ឲ្យកាសែតឌឹខេមបូឌា ដេលី មួយចំនួន បាននិយាយថា អ្វីដែលបានកើតឡើងមកលើកាសែតឌឹខេមបូឌា ដេលី គឺជាការបាត់បង់សេរីភាពសារព័ត៌មានមួយនៅក្នុងកម្ពុជា និងនៅក្នុងពិភពលលោក។
លោកស្រី Gretchen Peters អតីតនិពន្ធនាយកម្នាក់នៃកាសែតនេះពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៦ បានប្រាប់ VOA ថាលោកស្រី«ពិតជាសោកស្តាយចំពោះអ្វីដែលបានកើតឡើងនៅកម្ពុជា មិនត្រឹមតែការបិទកាសែតឌឹខេមបូឌា ដេលីទេ តែអ្វីៗទាំងអស់ដែលបានកើតឡើងថ្មីៗនេះនៅកម្ពុជា»។
លោកស្រី Peters បាននិយាយដូច្នេះ នៅក្នុងឱកាសជួបជុំមួយរបស់ក្រុមអតីតអ្នករាយការណ៍ឲ្យកាសែតឌឹខេមបូឌា ដេលី កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ការបិទកាសែតឌឹខេមបូឌា ដេលី នេះកើតឡើង ក្រោយពេលរដ្ឋាភិបាលកម្ពុជាបានទុកពេលមួយខែ ឲ្យកាសែតនេះបង់ពន្ធជូនរដ្ឋចំនួនជាង៦លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលអះអាងថា កាសែតនេះខកខានមិនបានបង់ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ ចាងហ្វាងកាសែតនេះ អះអាងថា នេះគ្រាន់តែជាហេតុផលនយោបាយប៉ុណ្ណោះ។
លោកស្រី Gretchen Peters បានលើកឡើងពីការព្រួយបារម្ភរបស់លោកស្រីបន្ថែមទៀតថា៖ «រដ្ឋាភិបាលកំពុងតែចាត់វិធានការនេះ ដើម្បីលុបបំបាត់សេរីភាពសារព័ត៌មាន និងសេរីភាពរបស់អង្គការសិទ្ធិមនុស្ស និងសង្គមស៊ីវិល។ ខ្ញុំយល់ថា នេះគឺជាសញ្ញាដ៏គួរឲ្យពួ្រយបារម្ភបំផុត»។
រីឯ អ្នកស្រី Molly Ball អតីតអ្នករាយការណ៍របស់កាសែតឌឹខេមបូឌា ដេលី ម្នាក់ទៀត យល់ថា បញ្ហាចម្រូងចម្រាស់លើការបង់ពន្ធរបស់កាសែតឌឹខេមបូឌា ដេលី រហូតដល់កាសែតនេះបានបិទដំណើរការរបស់ខ្លួន ប៉ះពាល់ខ្លាំងដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលបានជម្នះឧបសគ្គជាច្រើនទម្រាំបានលេចចេញជារូបរាងឡើងក្នុងរយៈពេលជាងបីទសវត្សរ៍មកនេះ។
អ្នកស្រី Molly Ball បានលើកឡើងថា៖ «ខ្ញុំពិតជាយល់ថា វាសំខាន់ណាស់ដែលលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដំណើរការទៅមុខបន្តទៀត។ តែនេះក៏ជាបញ្ហាដែលខ្ញុំព្រួយបារម្ភខ្លាំងណាស់ដែរ»។
កាសែតឌឹខេមបូឌា ដេលី បានចាប់ដំណើរការដំបូងនៅប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ១៩៩៣ ដោយផ្តល់ព័ត៌មានលម្អិតស៊ីជម្រៅ និងលាតត្រដាងពីការពិត និងការទទួលខុសត្រូវរបស់មន្ត្រីមានសមត្ថកិច្ច។
កាសែតនេះ មិនមែនគ្រាន់តែដើរតួជាប្រភពព័ត៌មាន ដែលអនុញ្ញតឲ្យប្រជាពលរដ្ឋកម្ពុជា អ្នកជំនួញ អ្នកការទូត និងអ្នកស្រាវជ្រាវបានដឹងពីហេតុការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមក្នុងការជំរុញឲ្យមានដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះបើតាមការលើកឡើងរបស់លោក Douglas Gillison អតីតអ្នករាយការណ៍ឲ្យកាសែតឌឹខេមបូឌា ដេលី នេះ ពីឆ្នាំ២០០៥ដល់ឆ្នាំ២០១១។
លោកបានលើកឡើងថា៖ «បើសិនជាគ្មាន(សេចក្តីរាយការណ៍បែបលម្អិត)ទេ ខ្ញុំយល់ថា កម្ពុជានឹងជួបវិបត្តិមួយ ដែលសាធារណជនកម្ពុជា មិនអាចដឹងថា ពួកគេត្រូវជឿទុកចិត្តលើនរណា តើអ្វីទៅជាការពិត ហើយតើអ្នកគ្រប់គ្រងអំណាចកំពុងធ្វើអ្វីខ្លះ និងថាតើមានអ្វីខ្លះកំពុងតែកើតមានឡើង»។
លោកស្រី Elizabeth Becker អ្នកសារព័ត៌មានអាមេរិកជើងចាស់ម្នាក់ យល់ស្របនឹងការលើកឡើងរបស់លោក Gillison អំពីសារៈសំខាន់របស់កាសែតឌឹខេមបូឌា ដេលី ក្នុងការជំរុញឲ្យមានដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកស្រីបានប្រាប់ VOA ថា៖ «(កាសែតដេលី) មិនត្រឹមតែធ្វើសេចក្តីរាយការណ៍ ហើយធ្វើយ៉ាងណាឲ្យអ្នកអានយល់ពីសេចក្តីរាយការណ៍របស់ខ្លួនតែប៉ុណ្ណោះទេ។ កាសែតនេះបានចូលរួមនៅក្នុងដំណើរការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា»។
លោក Nate Thayer ដែលជាអ្នកសារព័ត៌មានអាមេរិកជើងចាស់ម្នាក់ទៀត យល់ថា ការឈប់ដំណើរការរបស់កាសែតនេះ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ពីព្រោះរដ្ឋាភិបាលកម្ពុជា មិនពេញចិត្តនឹងសេចក្តីរាយការណ៍បែបស៊ើបអង្កេតរបស់កាសែតនេះ លើតួនាទី និងការទទួលខុសត្រូវរបស់មន្ត្រីមានសមត្ថកិច្ច និងអ្នកមានអំណាចនៅកម្ពុជាឡើយ។
ក៏ប៉ុន្តែ លោកបានបន្ថែមថា វិធានការថ្មីៗរបស់រដ្ឋាភិបាលកម្ពុជានាពេលនេះ គឺកាន់តែមិនខ្លាចញញើតនឹងសំឡេងប្រឆាំងដូចមុនឡើយ ហើយការណ៍នេះក៏បង្ហាញថា រដ្ឋាភិបាលកំពុងតែមានភាពភ័យខ្លាច ដែលការពិតនឹងត្រូវបានលាតត្រដាង។
លោកបានប្រាប់ VOA ថា៖ «ការណ៍ដែលរដ្ឋាភិបាលបិទកាសែតដ៏សំខាន់បែបនេះ បង្ហាញឲ្យឃើញពីអំណាចនយោបាយបែបទន់ខ្សោយ និងបង្ហាញឲ្យឃើញថា ពួកគេកំពុងតែភ័យខ្លាច។ ពួកគេខ្លាចការចែករំលែកព័ត៌មានដោយសេរី និងខ្លាចការពិត ត្រូវបានប្រាប់ទៅកាន់ប្រជាពលរដ្ឋកម្ពុជា»។
យ៉ាងណាក៏ដោយ ក៏អតីតអ្នករាយការណ៍ឲ្យកាសែតឌឹខេមបូឌា ដេលី សង្ឃឹមថា អ្នករាយការណ៍ជនជាតិខ្មែរដែលបានបាត់បង់ការងារ ដោយសារកាសែតឌឹខេមបូឌា ដេលី បានបិទលែងដំណើរការ និងអ្នកសារព័ត៌មានជំនាន់ក្រោយរបស់កម្ពុជា នឹងរក្សាទំនៀមទម្លាប់នៃសេរីភាពសារព័ត៌មាននៅកម្ពុជា។ អ្នកស្រី Molly Ball សង្ឃឹមថា អតីតអ្នករាយការណ៍ឲ្យកាសែតឌឹខេមបូឌា ដេលី នឹងបន្តដំណើរទៅមុខទៀត។
អ្នកស្រី Molly Ball បានថ្លែងថា៖ «ពួកគេចាំបាច់ត្រូវចាំនៅក្នុងដួងចិត្តរបស់ពួកគេ អំពីសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាននៅកម្ពុជា»។
លោកស្រី Gretchen Peters បានប្រាប់ VOA ថា លោកស្រីចង់លើកទឹកចិត្តឲ្យយុវជនកម្ពុជា ចាប់ផ្តើមបង្កើតអាជីវកម្មព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណែត ពីព្រោះលោកស្រីយល់ថា ប្រព័ន្ធអ៊ីនធឺណែត គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការផ្សព្វផ្សាយព័ត៌មាន ដោយគ្មានការគាបសង្កត់។
លោកស្រីបានថ្លែងថា៖ «ខ្ញុំយល់ថា ការបោះពុម្ពផ្សាយជាឌីជីថលតាមប្រព័ន្ធអ៊ីនធឺណិត មិនចាំបាច់ចំណាយថវិកាច្រើននោះទេ។ ហើយនេះគឺជាមធ្យោបាយមួយ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន និងមេដឹកនាំកម្ពុជានាពេលអនាគត មិនអាចបញ្ឈប់វាបានទេ»។
លោក Nate Thayer ក៏បានមើលឃើញថា កំណើននៃប្រជាពលរដ្ឋវ័យក្មេងរបស់កម្ពុជា ដែលកើតក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងធំដឹងក្តីដោយប្រើប្រាស់បណ្តាញសង្គម ដូចជាហ្វេសប៊ុក និងអ៊ីនស្តាក្រាម (Instagram) កំពុងចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ដែលរដ្ឋាភិបាលមិនអាចទប់ស្កាត់បានឡើយ។
លោក Thayer បានថ្លែងថា៖ «ព័ត៌មានកំពុងតែត្រូវបានចែករំលែកយ៉ាងទូលំទូលាយតាមរយៈបណ្តាញសង្គម។ នេះគឺជាមធ្យោបាយដ៏មានឥទ្ធិពលខ្លាំង។ ហើយនេះគឺជាសក្តានុពលរបស់អនាគតកម្ពុជា ក្នុងការឲ្យប្រជាពលរដ្ឋស្វែងយល់ពីការពិត តាមរយៈបណ្តាញសង្គម។ លោក ហ៊ុន សែន មិនអាចមិនអាចបញ្ឈប់បណ្តាញសង្គមបានទេ»។
លោកស្រី Elizabeth Becker ក៏យល់ស្របអំពីសក្តានុពលនៃបណ្តាញសង្គម ដែលអ្នកសារព័ត៌មានអាចប្រើប្រាស់បាន ដើម្បីបន្តរក្សាសេរីភាពសារព័ត៌មាននៅកម្ពុជាទៅមុខទៀត។
លោកស្រី Becker បានថ្លែងថា៖ «បណ្តាញសង្គម និងការចូលរួមបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត គឺជាអត្ថប្រយោជន៍មួយ ហើយវាមិនងាយនឹងបញ្ឈប់បានទេ»។
កាសែតឌឹខេមបូឌា ដេលី បានបិទលែងដំណើរការបោះពុម្ពផ្សាយរបស់ខ្លួននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីបានដំណើរការនៅក្នុងប្រទេសកម្ពុជាបានរយៈពេល២៤ឆ្នាំ និង១៥ថ្ងៃ៕