ប្រធានទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អ.ស.ប.បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែឧសភាថា ចំនួនមនុស្សភៀសខ្លួនចេញពីផ្ទះពួកគេដោយសារសង្គ្រាម អំពើហិង្សានិងការធ្វើទុក្ខបុកម្នេញមាន១១៤លាននាក់ហើយ ហើយនឹងកើនច្រើនថែមទៀតពីព្រោះអាជ្ញាធរប្រទេសទាំងនេះបរាជ័យក្នុងការដោះស្រាយបុព្វហេតុនៃសង្គ្រាម ហើយក្រុមយុទ្ធជនមិនបានគោរពច្បាប់អន្តរជាតិ។
នៅក្នុងសុន្ទរកថាមួយប្រើពាក្យខ្លាំងៗ លោក Filippo Grandi ឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកជនភៀសខ្លួនបានរិះគន់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ដែលទទួលបន្ទុករក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ដែលបរាជ័យក្នុងការប្រើសំឡេងខ្លួនដើម្បីប្រឹងប្រែងដោះស្រាយសង្គ្រាមចាប់ពីតំបន់ហ្គាហ្សា អ៊ុយក្រែននិងប្រទេសស៊ូដង់រហូតដល់ប្រទេសកុងហ្គោ មីយ៉ាន់ម៉ានិងកន្លែងឯទៀតៗ។
លោកក៏បានចោទប្រកាន់ពួកប្រទេសដែលលោកមិនបញ្ចេញឈ្មោះថាបានធ្វើ«សេចក្តីសម្រេចចិត្តខាងគោលនយោបាយការបរទេសដោយគិតខ្លី ជួនកាលផ្អែកលើស្តង់ដារពីរ ដោយនិយាយតែមាត់អំពីការគោរពច្បាប់ តែមានកម្លាំងតែបន្តិចបន្តួចពីក្រុមប្រឹក្សាសន្តិសុខដើម្បីឱ្យមានការគោរពច្បាប់សម្រាប់ឱ្យមានសន្តិភាពនិងសន្តិសុខ»។
លោក Grandi បានថ្លែងថា ការមិនគោរពច្បាប់មនុស្សធម៌អន្តរជាតិមានន័យថា«ភាគីក្នុងសង្គ្រាម-ដែលកើនច្រើននៅគ្រប់កន្លែងហើយសឹងតែពួកគេទាំងអស់- បានឈប់គោរពច្បាប់សង្គ្រាម»ទោះជាភាគីខ្លះធ្វើជាគោរពក៏ដោយ។
លោកថាលទ្ធផលគឺថាមានការស្លាប់ជនស៊ីវីលច្រើនជាងមុន អំពើហិង្សាខាងផ្លូវភេទត្រូវបានប្រើប្រាស់ជាអាវុធសង្គ្រាម មន្ទីរពេទ្យ សាលារៀននិងហេដ្ឋារចនាសម្ព័ន្ធស៊ីវីលឯទៀតៗត្រូវវាយប្រហារនិងបំផ្លិចបំផ្លាញ ហើយក្រុមអ្នកធ្វើការខាងមនុស្សធម៌បានក្លាយជាទីដៅ។
ដោយហៅខ្លួនលោកថាជាអ្នកមានចិត្តមនុស្សធម៌មានការតប់ប្រមល់ក្នុងចិត្តហើយក្រឡេកមើលចំសមាជិក១៥នាក់នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. លោក
Grandi បានថ្លែងថា ជាជាងប្រើសំឡេងរបស់ខ្លួន«ការមិនចុះសម្រុងគ្នារបស់ក្រុមប្រឹក្សានេះមានន័យថា លោកអ្នកបានបន្តធ្វើជាអធិបតីលើការខ្វែងគំនិតគ្នានៃចលាចលធំជាងមុននៅទូទាំងពិភពលោក»។
ឧត្តមស្នងការអ.ស.ប.ទទួលជនភៀសខ្លួនរូបនេះបាននិយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ថា វាយឺតពេលទៅហើយសម្រាប់មនុស្សរាប់ម៉ឺននាក់ដែលត្រូវបានសម្លាប់នៅហ្កាហ្សា អ៊ុយក្រែន ស៊ូដង់និងក្នុងសង្គ្រាមឯទៀតៗ។
លោក Grandi បានមានប្រសាសន៍ថា«ប៉ុន្តែវាមិនមែនយឺតពេលទេក្នុងការផ្តោតការយកចិត្តទុកដាក់និងថាមពលរបស់យើងលើវិបត្តិនិងសង្គ្រាមដែលនៅមិនទាន់ដោះស្រាយរួច ដើម្បីកុំឱ្យវារីកដាលនិងផ្ទុះឡើងទៀត។ វាមិនទាន់យឺតពេលក្នុងការបង្កើនជំនួយដល់មនុស្សរាប់លាននាក់ដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានឱ្យបានវិលត្រឡប់ទៅផ្ទះពួកគេវិញដោយស្ម័គ្រចិត្ត ដោយសុវត្ថិភាពនិងដោយសេចក្តីថ្លៃថ្នូរ។
ឧត្តមស្នងការអ.ស.ប.ខាងជនភៀសខ្លួនរូបនេះបានពោលដែរថាវាក៏ទាន់យឺតពេលក្នុងការជួយមនុស្សច្រើនលាននាក់ពីសង្គ្រាម។
ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខមានការបែកបាក់គ្នាជាងមុន ហើយសមាជិកអចិន្ត្រៃយ៍៥ប្រទេសដែលមានសិទ្ធិវ៉េតូក៏ខ្វែងគំនិតគ្នាដែរ ដោយជាញឹកញយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេសនិងប្រទេសបារាំងបានជំទាស់ខ្លាំងនឹងការយល់ឃើញរបស់រុស្ស៊ីនិងចិន។
ពាក់ព័ន្ធនឹងសង្គ្រាមនៅហ្កាហ្សា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.មិនបានអំពាវនាវឱ្យមានការឈប់បាញ់ទេដោយសារមានការជំទាស់ពីអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល។ ហើយពាក់ព័ន្ធនឹងអ៊ុយក្រែនវិញ ក្រុមប្រឹក្សានេះគ្មានប្រសិទ្ធភាពទេ ពីព្រោះរុស្ស៊ីដែលជាភាគីសំខាន់មួយក្នុងសង្គ្រាមនេះនៅក្រោយរដ្ឋាភិបាលក្រុងម៉ូស្គូលុកលុយប្រទេសជិតខាងតូចជាងខ្លួននេះកាលពីខែកុម្ភៈ២០២២ បានបោះឆ្នោតវ៉េតូជំទាស់នឹងសេចក្តីសម្រេចចិត្តសឹងតែទាំងអស់។
លោក Grandi បានហៅអ្វីដែលបានកើតមាននៅហ្កាហ្សាតាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧តុលានិងព្រឹត្តិការណ៍«ឃោរឃៅ»កាលពីពេលថ្មីៗនេះក្នុងក្រុង Rafah បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនាំឱ្យមានអគ្គីភ័យដ៏ប្រល័យនៅជំរំមួយសម្រាប់ក្រុមជនជាតិប៉ាឡេស្ទីនខ្ចាត់ព្រាត់ពីលំនៅឋានជាឧទាហរណ៍មួយនៃ«អរិភាពដ៏ឃោរឃៅមិនមែនសម្រាប់តែបំផ្លាញប៉ុណ្ណោះទេ តែក៏ដើម្បីធ្វើឱ្យជនស៊ិវីលភ័យខ្លាំងដែរ»ហើយជនទាំងនេះ ជាញឹកញយជាងមុន គ្មានជម្រើសអ្វីទេក្រៅពីរត់គេចខ្លួននោះ។
លោកបាននិយាយថាបញ្ហាហ្កាហ្សាក៏ជា«ការរំឭកមួយប្រកបដោយសោកនាដកម្មអំពីអ្វីដែលកើតមាននៅពេលសង្គ្រាម (ហើយតមកទៀតវិបត្តិជនភៀសខ្លួន)ត្រូវបានបន្សល់ទុកដោយមិនបានត្រូវគិតគូរ»ជាច្រើនទសវត្សរ៍។ លោកក៏បានចង្អុលបង្ហាញប្រទេសស៊ីរីដែល១៣ឆ្នាំក្រោយសង្គ្រាម ជនភៀសខ្លួនស៊ីរី៥លាន៦សែននាក់ស្ថិតនៅក្នុងប្រទេសជិតខាងមានរួមប្រទេសលីបង់និងហ្ស៊កដានីដែលមានជនភៀសខ្លួនប៉ាឡេស្ទីនដែរ។
លោក Grandhi ថា ការរំលោភលើច្បាប់អន្តរជាតិ មានរួមការបង្ខំមនុស្សឱ្យរត់គេចខ្លួន មានផលប៉ះពាល់ធ្ងន់ធ្ងរលើមនុស្សម្នានៅទូទាំងពិភពលោក។
លោកបានថ្លែងថា ជាឧទាហរណ៍ នៅមីយ៉ាន់ម៉ា មនុស្សជាង១លាន៥សែននាក់បានខ្ចាត់ព្រាត់ពីលំនៅឋានដោយសារមានការប្រយុទ្ធគ្នាតាំងពីខែតុលាមក បណ្តាលឱ្យមានមនុស្សទាំងអស់ជាង៣លាននាក់«ដែលច្រើននាក់ប្រឹងប្រែងទៅជ្រកកោនក្នុងប្រទេសជិតខាង»។
លោកបានពោលថា នៅអ៊ុយក្រែន ច្បាប់មនុស្សធម៌អន្តរជាតិត្រូវបានរំលោភរាល់ថ្ងៃដោយសារការវាយប្រហាររបស់រុស្ស៊ីលើបណ្តាញអគ្គិសនីរបស់ប្រទេស លើផ្ទះនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវីលឯទៀតៗ។
លោក Grandi បាននិយាយថា ហើយនៅកុងហ្គោ«អំពើហិង្សារវាងក្រុមបុរសមានកាំភ្លើងកើតមានជាធម្មតាដែលគ្មានកន្លែងណាមួយនៅលើផែនដីមានគ្រោះថ្នាក់សម្រាប់ក្រុមស្ត្រីនិងកុមារច្រើនជាងផ្នែកខាងកើតនៃប្រទេសនេះទេ»។
ឧត្តមស្នងការអ.ស.ប.ខាងជនភៀសខ្លួនរូបនេះបានសួរថា«តែហេតុដូចម្តេចបានជាសមាជិកអ.ស.ប. ហេតុដូចម្តេចបានជា «យើងជាប្រជាករ» យកចិត្តទុកដាក់តិចតួចម្ល៉េះហើយមិនចាត់វិធានការឱ្យបានច្រើននៅក្នុងកន្លែងមួយដែលការរួមភេទជាមួយកុមារអាចទិញបានដោយអស់លុយតិចជាងតម្លៃភេសជ្ជៈត្រជាក់មួយកែវ?»។ លោក Grandi បានមានប្រសាសន៍ថា«នេះជារឿងដ៏អាម៉ាស់មួយសម្រាប់មនុស្សជាតិ!»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ