ជនរ៉ូហ៊ីងយ៉ាជាច្រើននាក់បានបាត់ខ្លួន ហើយមានការបារម្ភថា ប្រហែលពួកគេលង់ទឹក បន្ទាប់ពីទូករបស់ពួកគេបានលិចកាលពីថ្ងៃទី១៤ ខែសីហា នៅឈូងសមុទ្រ Bengal ខណៈពួកគេបានរត់គេចចេញពីជំរំជនភៀសខ្លួនមួយកន្លែង នៅលើកោះដាច់ស្រយាលមួយនៅប្រទេសបង់ក្លាដែស។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលរស់នៅលើកោះ Bhasan Char បាននិយាយជាយូរមកហើយថា ពួកគេមិនចង់រស់នៅទីនោះទេ ហើយការលង់ទឹកនេះបង្ហាញពីអារម្មណ៍អន្ទះសាររបស់ពួកគេដែលចង់រត់ចេញពីកោះនេះ។
ប៉ូលិស និងមន្រ្តីផ្សេងទៀតបាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាដែលលង់ទឹកទំនងជាកំពុងព្យាយាមត្រឡប់ទៅ Cox's Bazar ទីដែលពួកគេបានរស់នៅក្នុងជំរំជនភៀសខ្លួនធំបំផុតក្នុងពិភពលោក មុនពេលត្រូវបានផ្លាស់ប្តូរទៅកោះ Bhasan Char។
«យើងរន្ធត់ចិត្តជាខ្លាំងដែលដឹងថា អ្នកដំណើរជាច្រើននៅលើទូកនោះ ដែលរួមមានស្ត្រី និងកុមារ បានលង់ទឹកយ៉ាងអាណោចអាធ័ម។ ចំនួនអ្នកលង់ទឹកទាំងនោះមិនទាន់ដឹងច្បាស់ទេ។ នេះបើតាមការលើកឡើងរបស់លោកស្រី Hannah MacDonald អ្នកនាំពាក្យឧត្តមស្នងការជនភៀសខ្លួនអង្គការសហប្រជាជាតិ ដែលបានប្រាប់វីអូអេតាមអុីមែល។
ប៉ូលិសបង់ក្លាដែសបានរាយការណ៍នៅថ្ងៃទី១៥ ខែសីហាថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន១៤នាក់ ត្រូវបានក្រុមអ្នកនេសាទសង្គ្រោះពីក្នុងសមុទ្រហើយមានជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ២៥នាក់ទៀត នៅបាត់ខ្លួននៅឡើយ ក្រោយសោកនាដកម្មលិចទូកនោះ។ បើទោះបីជាយ៉ាងនេះក្តីប្រភពនានាពីជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បាននិយាយថា ជនរ៉ូហ៊ីងយ៉ាដល់ទៅ៤០នាក់ប្រហែលលង់ទឹកក្នុងសោកនាដកម្មនោះ។
លោក Mohammad Hossain មេដឹកនាំសហគមន៍ជនជាតិរ៉ូហ៊ីងយ៉ានៅ Cox’s Bazar បាននិយាយប្រាប់វីអូអេថា«យើងបានដឹងពីប្រភពជនរ៉ូហ៊ីងយ៉ានៅ Bhasan Char ថា មានជនភៀសខ្លួនប្រហែល៥០នាក់នៅក្នុងទូកដែលបានលិចកាលពីថ្ងៃអាទិត្យទី១៥ ខែសីហា។ ពួកគេមកកំពង់ផែ Cox's Bazar។ បន្ទាប់ពីទូកនោះបានលិចនៅសមុទ្រ អ្នកនេសាទបង់ក្លាដែសខ្លះបានជួយសង្គ្រោះជនជាតិរ៉ូហ៊ីងយ៉ា១៤នាក់»។
លោកបានមានប្រសាសន៍ថា «យើងប៉ាន់ស្មានថា ជនរ៉ូហ៊ីងយ៉ាពី៣៥ទៅ៤០នាក់បានលង់ទឹកស្លាប់នៅថ្ងៃនោះ»។
ជនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមជិត១លាននាក់ក្នុងឆ្នាំ២០១៧ បានរត់គេចពីការធ្វើទុក្ខបុកម្នេញ និងអំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ាទៅCox’s Bazar នៅប្រទេសបង់ក្លាដែស ទីដែលជនភៀសខ្លួនរស់នៅក្នុងជំរំយ៉ាងចង្អៀត លើសចំណុះ៕