តុលាការព្រហ្មទណ្ឌអន្តរជាតិច្រានចោលសំណើរបស់ជាតិសាសន៍អ៊ុយហ្គ័រដែលចង់ឲ្យស៊ើបអង្កេតលើប្រទេសចិន

រូបឯកសារ៖ អគារតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទោះបីជា​មាន​ការ​អំពាវនាវ​ពី​ក្រុម​ជាតិ​សាសន៍​អ៊ុយហ្គ័រ (Uighur) ដែល​និរទេស​ខ្លួន​ក៏​ដោយ ក៏​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​ឲ្យ​ដឹង​ថា ពួកគេ​នឹង​មិន​ស៊ើបអង្កេត​លើ​ប្រទេស​ចិន ចំពោះ​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ប្រល័យ​ពូជសាសន៍និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ឡើយ។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

ជាតិសាសន៍​អ៊ុយហ្គ័រ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត និង​បាន​ផ្ដល់​ភស្តុតាង​ដល់​តុលាការ ICC កាល​ពី​ខែ​កក្កដា ដែល​ពួកគេ​ថា​ជា​ភស្តុតាង​នៃ​ការ​រំលោភ​បំពាន​របស់​រដ្ឋាភិបាល​ចិន​លើ​ជាតិសាសន៍​ភាគតិច​អ៊ុយហ្គ័រ។

កាល​ពី​ថ្ងៃ​សុក្រ បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត The Guardian តុលាការ​នេះ​បាន​ស្នើសុំ​ភស្តុតាង​បន្ថែម​ទៀត។

ប៉ុន្តែ​ការិយាល័យ​របស់​អ្នកស្រី​រដ្ឋអាជ្ញា Fatou Bensouda បាន​ឲ្យ​ដឹង​ថា ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​មិន​អាច​ធ្វើ​បាន​ទេ ដោយសារតែ​ប្រទេស​ចិន​មិនមែន​ជា​ប្រទេស​ហត្ថលេខី​របស់​តុលាការ ICC។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

តុលាការ ICC ក៏​បាន​ឲ្យ​ដឹង​ផងដែរ​ថា «គ្មាន​មូលដ្ឋាន​នៅ​ក្នុង​ការ​ចាត់​នីតិវិធី» លើ​ករណី​អះអាង​ដែល​ថា ជាតិសាសន៍​អ៊ុយហ្គ័រ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ប្រទេស​តាហ្សីគីស្ថាន​និង​ប្រទេស​កម្ពុជា ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ​នោះ​ទេ។

ជាតិសាសន៍​អ៊ុយហ្គ័រ​បាន​បញ្ជាក់​ថា ដោយសារតែ​ប្រទេស​តាហ្សីគីស្ថាន​និង​ប្រទេស​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​របស់​តុលាការ ICC តុលាការ​នេះ​មាន​យុត្តាធិការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ប្រទេស​ចិន​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភស្តុតាង៕