ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស ២ នាក់​ស្លាប់ ២៦ នាក់​បាត់​ខ្លួន នៅពេល​ព្យុះ​ទីហ្វុង Molave បោកបក់​ចំ​ប្រទេស​វៀតណាម


ទិដ្ឋភាព​​មួយ​កន្លែង​នៅក្នុង​ខេត្ត​ Quang Tri នៃ​ប្រទេស​វៀតណាម មើល​ពីលើដំបូល​នៃសណ្ឋាគារ​មួយ។

មនុស្ស ២ នាក់​ត្រូវ​បាន​រាយការណ៍​ថា​ បាន​ស្លាប់ ហើយ ២៦ នាក់​ទៀត ​បាន​បាត់​ខ្លួន នៅពេល​ដែល​ខ្យល់​ព្យុះ​ទីហ្វុង Molave បាន​បោកបក់​ចំ​តំបន់​ភាគ​កណ្តាល​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​បាន​គាស់​រំលើង​ដើមឈើ និង​បំប៉ើង​ដំបូល​ផ្ទះ ដែល​ជា​ការ​បំផ្លិច​បំផ្លាញ​ដ៏​អាក្រក់​បំផុត​ ដែល​គេ​មិន​ធ្លាប់​បាន​ឃើញ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ នេះ ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អាជ្ញាធរ​វៀតណាម​ បាន​ជម្លៀស​មនុស្ស​ប្រហែល ៣៧៥.០០០ នាក់​ទៅកាន់​កន្លែង​សុវត្ថិភាព លុបចោល​ជើង​ហោះហើរ​រាប់រយ និងបិទ​សាលារៀន​និង​ឆ្នេរសមុទ្រ មុន​ពេល​ខ្យល់ព្យុះ​នេះ​មក​ដល់។

ខ្យល់ព្យុះ​នេះ​ បាន​បង្ក​ឲ្យ​មាន​ព្យុះ​ភ្លៀង​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ដាណាង ដែល​មាន​ល្បឿន​ខ្យល់​រហូត​ដល់ ១៤៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

បណ្តាញ​ព័ត៌មាន​រដ្ឋ​ក្នុង​ប្រទេស​វៀតណាម​បាន​រាយការណ៍​ថា មនុស្ស​យ៉ាង​ហោចណាស់ ២ នាក់ បាន​ស្លាប់​នៅ​ក្នុង​ខេត្ត Quang Ngai នៅ​ពេល​ដែល​ព្យាយាម​ការពារ​ផ្ទះ​សម្បែង​របស់​ពួកគេ​ពី​ខ្យល់​ព្យុះ​នេះ។

អ្នកស្រី Nguyen Thi Xuan Thu ប្រធាន​កាកបាទ​ក្រហម​វៀតណាម បាន​និយាយ​ថា «ពលរដ្ឋ​វៀតណាម​មិន​ងាយ​ទ្រុឌទ្រោម​ទេ ប៉ុន្តែ​នេះ​ជា​ព្យុះ​មួយ​ក្នុង​ចំណោម​ព្យុះ​ដ៏​បំផ្លិច​បំផ្លាញ​ខ្លាំង​បំផុត ដែល​គេ​មិន​ធ្លាប់​បាន​ឃើញនៅ​តាម​តំបន់​ជា​ច្រើន»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ព្យុះ​និង​ទឹក​ជំនន់​ឥត​ឈប់​ឈរ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស បំផ្លាញ​ជីវភាព​រស់នៅ​បន្ថែម​ទៀត និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ស្ថិត​ក្នុង​ភាព​ឯកោ។

អាជ្ញាធរ​ ក៏​បាន​ស្វែង​រក​អ្នក​នេសាទដែល​បាន​បាត់​ខ្លួន​ដោយសារ​ខ្យល់​ព្យុះ​នេះ​ទាំង ២៦ នាក់​ផងដែរ។

ខ្យល់​ព្យុះ​នេះ​ គឺជា​ខ្យល់​ព្យុះ​ទី ៤ នៅ​ក្នុង​ខែ​នេះ​ដែល​បោកបក់​ចំ​ប្រទេស​វៀតណាម ដែល​បាន​ធ្វើ​ឲ្យ​មាន​រលក​សមុទ្រ​កម្ពស់​រហូត​ដល់ ៦ ម៉ែត្រ ហើយ​ចរន្ត​អគ្គិសនី​ត្រូវ​បាន​កាត់ផ្តាច់​នៅ​ទូទាំង​តំបន់៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG