មូលនិធិសាកលមួយដែលបានបង្កើតឡើងដើម្បីជួយកុមារក្នុងប្រទេសមានវិបត្តិឲ្យទទួលបានការអប់រំ បានបញ្ជាក់ថា កុមារជាង ១ ពាន់លាននាក់មិនបានទៅរៀនដោយសារផលវិបាកដោយផ្ទាល់ដែលបណ្ដាលមកពីការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
អង្គការ Education Cannot Wait ដែលចាត់ចែងដោយអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ បានព្រមានថា កុមារទាំងនេះជាច្រើនប្រហែលជាមិនអាចត្រឡប់ទៅសាលារៀនវិញជារៀងរហូត។ ក៏ប៉ុន្តែអង្គការនេះបានបន្ថែមថា កុមារជាច្រើនទៀតអាចទៅរៀនវិញបាន ប្រសិនបើពួកគេមានជំនួយ។
អ្នកស្រី Yasmine Sherif នាយិកាប្រតិបត្តិនៃមូលនិធិនេះ បានប្រាប់ VOA ថា អង្គការ Education Cannot Wait ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ការជួយជ្រោមជ្រែងក្នុងរឿងនេះ។
អ្នកស្រី Sherif និយាយថា៖ «វាមិនមែនថាតើយើងអាចធ្វើវាតាមរបៀបណានោះទេ ដោយសារតែយើងកំពុងធ្វើកិច្ចការនេះហើយ។ យើងកំពុងផ្តល់ការសិក្សាអប់រំ ហើយយើងកំពុងធ្វើការងារនេះដោយផ្អែកលើទស្សនៈនៃស្ថានការណ៍មានវិបត្តិ»។
អ្នកស្រី Sherif បានពន្យល់ថា មូលនិធិនេះត្រូវបានបង្កើតឡើងសម្រាប់ដំណើរការនៅក្នុងស្ថានការណ៍មានវិបត្តិ និងស្ថានការណ៍អាសន្នបន្ទាន់។
អ្នកស្រី Sherif ថ្លែងដូច្នេះថា៖ «អង្គការ Education Cannot Wait ជាមូលនិធិមួយត្រូវបានរៀបចំឡើងដើម្បីដោះស្រាយបញ្ហាសិក្សាអប់រំនៅពេលមានគ្រោះមហន្តរាយកើតឡើង នៅពេលមានការរីករាលដាលនៃសង្គ្រាម និងសូម្បីតែនៅពេលមានការរាតត្បាតជាសាកលនៃជំងឺឆ្លងផងដែរ»។
មូលនិធិនេះត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំកំពូលស្ដីពីបញ្ហាមនុស្សធម៌ពិភពលោកក្នុងទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសទួរគី កាលពីឆ្នាំ ២០១៦។
ចាប់តាំងពីពេលនោះមក មូលនិធិនេះបានជួយកុមារ ៣ លាន ៥ សែននាក់ដែលបានជួបប្រទះសង្គ្រាម រស់នៅក្នុងជំរំជនភៀសខ្លួន ភៀសខ្លួនពីផ្ទះសម្បែងនៅក្នុងប្រទេសរបស់ខ្លួន ឬរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនានាទាក់ទិននឹងបញ្ហាអាកាសធាតុ។
អ្នកដែលទទួលបានប្រយោជន៍ពីមូលនិធិនេះមានដូចជា កុមារនៅក្នុងតំបន់ Sahel នៅភាគខាងលិចនៃទ្វីបអាហ្វ្រិក កុមារនៅតំបន់ភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ាក្នុងទ្វីបអាហ្វ្រិក កុមារក្នុងប្រទេសអាហ្វហ្គានីស្ថាន ប្រទេសបង់ក្លាដេស និងតំបន់មជ្ឈិមបូព៌ា។
អ្នកស្រី Sherif និយាយថា នៅពេលនេះ មូលនិធិនេះធ្វើប្រតិបត្តិការក្នុងប្រទេសចំនួន ៣៥។ អ្នកស្រីបន្ថែមថា ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ បានបង្ខំឱ្យអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលជាដៃគូ កែប្រែវិធីរបស់ពួកគេក្នុងការផ្តល់ការសិក្សាអប់រំដល់កុមារ។
អ្នកស្រីលើកឡើងថា ពួកគេត្រូវតែសម្របសម្រួលតាមស្ថានភាពជាក់ស្តែងនៃការរក្សាគម្លាតពីគ្នា ដោយវិធីថ្មីៗត្រូវបានបង្កើតឡើងសម្រាប់សិស្សជាច្រើនដែលមិនមានលទ្ធភាពសិក្សាតាមអនឡាញនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍនានា ក្នុងអំឡុងពេលបិទសាលាររៀនដោយសារវិបត្តិជំងឺកូវីដ១៩។
អ្នកស្រី Sherif បញ្ជាក់ដូច្នេះថា៖ «យើងប្រើបច្ចេកវិទ្យា ប្រើវិទ្យុ ប្រើគ្រូបង្រៀន ប្រើអាគារសាលារៀន ដើម្បីដោះស្រាយបញ្ហាសុខភាពនិងអនាម័យ ព្រមទាំងបញ្ហាផ្តល់អាហារក្នុងសាលារៀនដល់សិស្ស ដើម្បីឲ្យសិស្សមានអាហារបរិភោគប្រចាំថ្ងៃ ដែលសំខាន់សម្រាប់ពួកគេ»។
មុនពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ កុមារនិងយុវជនប្រមាណ ៧៥ លាននាក់ដែលស្ថិតក្នុងប្រទេសមានវិបត្តិ មិនអាចទទួលបានការសិក្សាអប់រំនោះទេ។ អ្នកស្រី Sherif បាននិយាយថា ចំនួននេះបានកើនថែមទៀត ដោយសារវិបត្តិជំងឺកូវីដ១៩។
អ្នកស្រីបានបន្ថែមដូច្នេះថា អង្គការ Education Cannot Wait ស្នើឲ្យមានការផ្ដល់ថវិកាជាបន្ទាន់ចំនួន ៣១០ លានដុល្លារ ដើម្បីជួយកុមារងាយរងគ្រោះនានា ដែលប្រឈមនឹងការមិនទទួលបានការសិក្សាអប់រំ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ