ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ថស្វានគីរាយ​នៃ​ប្រទេស​ស៊ីមបាវ៉េ​រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​លោក​មូកាបេ


នាយក​រដ្ឋ​មន្ត្រី​ Tsvangirai ​នៃ​ប្រទេស​ស៊ីម​បាប​វ៉េ
នាយក​រដ្ឋ​មន្ត្រី​ Tsvangirai ​នៃ​ប្រទេស​ស៊ីម​បាប​វ៉េ

នាយករដ្ឋមន្រ្តី​ស៊ីមបាវ៉េ (Zimbabwe) លោក មូរកាន ថស្វានគីរាយ (Morgan Tsvangirai) បាន​ថ្កោល​ទោស​ប្រឆាំង​នឹង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​វិទ្យុ​ថ្មី​២​ ដែល​វិទ្យុ​ទាំង​នេះ​ត្រូវ​បាន​គេ​សម្គាល់​ថាជា​អ្នក​រាយការណ៍​គាំទ្រ​គណបក្ស​កាន់​អំណាច។​ កិច្ច​ព្រងព្រៀង​ឆ្នាំ​២០០៨​ដែល​បាន​នាំ​ឲ្យរដ្ឋាភិបាល​ចម្រុះនេះ​ឡើង​កាន់​អំណាច​បាន​ចែង​ថា ​ការ​ផ្សាយ​តាម​រលក​អាកាស ​គួរ​តែ​បើក​ចំហ​ឲ្យ​ដល់​ក្រុម​ដែល​មិន​មែន​ពី​បណ្តាញ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​លោក​ប្រធានា​ធិប​តី​ រូបឺត មូកាបេ (Robert Mugabe)។

ក្នុង​ពេល​ថ្លែង​ទៅ​កាន់​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ នាយករដ្ឋមន្រ្តី​ ថស្វានគីរាយ បាន​និយាយ​ពី​ការ​អភិវឌ្ឍមិន​មាន​សមភាព​របស់​ប្រទេស​ស៊ីមបាវ៉េ​ក្នុង​ឆ្នាំ​ទី៣​នៃ​រដ្ឋាភិបាល​ចម្រុះ​ ដែល​រួម​មាន​គណបក្ស​របស់​លោក​ គឺ​គណបក្ស​ចលនា​សម្រាប់​ការ​ផ្លាស់ប្តូរ​ប្រជាធិបតេយ្យ​ MDC (Movement for Democratic Change party) ​និង​គណបក្ស​កាន់​អំណាច​របស់​ប្រធានាធិបតី​ មូកាបេ គឺ​សហភាព​ប្រជាជាតិ​អាហ្រ្វិក​ស៊ីមបាវ៉េ រណសិរ្ស​សេ្នហា​ជាតិ​ (Zimbabwe African National Union – Patriotic Front ឬ ZANU-PF)។

លោក​ថស្វានគីរាយ​ បាន​រិះគន់​ជា​ពិសេសពី​ការ​ផ្តល់អាជ្ញាប័ណ្ណ​ផ្សព្វផ្សាយ​ទៅ​ឲ្យ​ក្រុម​ផ្សាយ​ព័ត៌មាន​ចំនួន​២ ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ ​ZANU-PF។ អាជ្ញាធរ​ខាង​ផ្សព្វ​ផ្សាយ​នៃ​ប្រទេស​ស៊ីមបាវ៉េ គឺ​ត្រូវ​បង្កើត​ដោយ​មិន​បាន​និយាយ​អ្វី​ពី​គណបក្ស MDC ហើយ​បើ​តាម​ការ​វិភាគ​ផ្នែក​នយោបាយ​មួយ​ចំនួន​បាន​និយាយ​ថា​ នេះ​គឺ​ជា​ការ​ល្មើស​នឹង​កិច្ច​ព្រម​ព្រៀង​នយោបាយ​ជា​សាកល​ ឬ GPA។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក​តែ​មួយ​គត់​ដែល​មាន​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ គឺ​ជា​ស្ថាប័ន​ផ្សព្វផ្សាយ​របស់​រដ្ឋ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​សាជីវកម្ម​បណ្តាញ​ផ្សព្វផ្សាយ​ស៊ីមបាវ៉េ (Zimbabwe Broadcasting Corporation, ZBC) ដែល​មាន​វិទ្យុ​៤​និង​ស្ថានីយ៍​ទូរទស្សន៍​ចំនួន​២។ វិទ្យុ​និង​ទូរទស្សន៍​ទាំង​អស់​សុទ្ធ​តែ​ជា​អ្នក​ប្រកាន់​គណបក្ស​ និង​ជា​អ្នក​គាំទ្រ​គណបក្ស​ ZANU-PF នេះ​បើ​យោង​តាម​គម្រោង​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ស៊ីមបាវ៉េ (Media Monitoring Project of Zimbabwe)។

អាជ្ញាធរ​បណ្តាញ​ផ្សព្វផ្សាយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ BAZ ថ្មីៗ​នេះ​បាន​ពិនិត្យ​មើល​នូវ​សំណុំ​ពាក្យសុំ​អាជ្ញាប័ណ្ណ​ទាំង​១៣​សម្រាប់​ការ​បង្កើត​ស្ថានីយ៍​វិទ្យុ​ជាតិ​ថ្មី​ចំនួន​២។

ដោយ​មិន​បាន​ប្រាប់​ពី​មូលហេតុ​ អាជ្ញាប័ណ្ណ​មួយ​ត្រូវ​បាន​គេ​ផ្តល់​ទៅ​ឲ្យ​ការិយាល័យ​ថ្មី​មួយ​របស់​កាសែត​ស៊ីមបាវ៉េ​ (Zimbabwe Newspapers) ដែល​បោះពុម្ព​ផ្សាយ​ជា​រៀងរាល់​ថ្ងៃ​និង​ផ្តល់​នូវ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ទៅ​ឲ្យ​ ZANU-PF។ រីឯ​អាជ្ញាប័ណ្ណ​មួយ​ទៀត​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​មួយ​ដែល​ដឹកនាំ​ដោយ​អតីត​បុគ្គលិក​ ZBC ដែល​បាន​គាំទ្រ​យ៉ាង​បើក​ចំហ​ចំពោះ​ប្រធានាធិបតី​មូកាបេ។

«ក្នុង​គ្រប់​លក្ខខណ្ឌ​ទាំង​អស់​ វា​បាន​ក្លាយ​ជា​ឆាក​កំប្លែង​ថ្នាក់​ជាតិ​មួយ។ គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា​ កំណែ​ទម្រង់​ដ៏​ទូលំទូលាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​ក្នុង​នោះ​រួម​មាន​ការ​បញ្ចូល​និង​ការ​បន្ថែម​នូវ​ការ​ចូល​រួម​ពី​បុគ្គល​និង​ភ្នាក់ងារ​ព័ត៌មាន​ផេ្សងៗ​ឲ្យ​កាន់​តែ​ច្រើន​ទាំង​ខាង​ផ្នែក​កាសែត​និង​បណ្តាញ​ព័ត៌មាន​អេឡិចត្រូនិក​ និង​ធ្វើ​ការ​បញ្ឈប់​ភ្លាមៗ​នូវ​ការ​ប្រើ​ពាក្សញុះញង់​ឲ្យ​ស្អប់​គ្នា​ គឺ​ជា​ចំណុច​សំខាន់​មួយ​ក្នុង​ចំណោម​ចំណុច​កែ​ទម្រង់​សំខាន់ៗ​ទំាង​អស់​ដែល​ត្រូវ​បាន​រំពឹង​ទុក​នៅ​ក្នុង​កិច្ច​ព្រមព្រៀង GPA និង​ត្រូវ​បាន​យល់​ព្រម​ដោយ​មេដឹកនាំ​សំខាន់ៗ។ មក​ទល់​នឹង​ពេល​នេះ គឺ​មាន​ការ​មានះ​មិន​គោរព​តាម​យ៉ាង​ដាច់​អហង្ការ​ពី​សំណាក់​រដ្ឋមន្ត្រី​និង​មន្ត្រី​របស់​គាត់​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ។»

លោក​ថស្វានគីរាយ​ បាន​និយាយ​ថា BAZត្រូវ​បាន​បង្កើត​ដោយ​មិន​ស្រប​ច្បាប់​ នេះ​បើ​យោង​តាម​គោលការណ៍​នៃ​ការ​កែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បាន​ចែង​នៅ​ក្នុង​ GPA។

«គណៈនាយក​របស់​ស្ថាប័ន​មិន​ស្រប​ច្បាប់​ BAZ សព្វ​ថ្ងៃ​នេះ​កំពុង​តែ​សម្រេច​សេចក្តី​និង​យល់​ព្រម​ផ្តល់​ឲ្យ​អាជ្ញាប័ណ្ណ​ដោយ​មិន​ស្រប​ទៅ​តាម​ការ​ចែង​របស់​ច្បាប់។ ​គេ​ត្រូវ​តែ​បញ្ឈប់​ការងារ​របស់​គណៈនាយក​បច្ចុប្បន្ន​របស់​ BAZ​ ភ្លាម ហើយ​អាជ្ញាបណ្ណ័​ដែល​បាន​ចេញ​ត្រូវ​តែ​ទុក​ជា​និរាករណ៍​ឬ​លុប​ចោល​ឲ្យ​បាន​ភ្លាមៗ»។

មាន​គណៈនាយក​សាធារណៈ​មួយ​ចំនួន​ទៀតទទួល​ខុសត្រូវ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ស៊ីមបាវ៉េ​ ហើយ​លោក​ថស្វានគីរាយ បាន​ប្រាប់​ឲ្យ​រដ្ឋមន្រ្តី​ព័ត៌មាន​របស់ ZANU-PF ឲ្យ​រៀបចំ​គណៈនាយក​ឡើង​វិញ​ឲ្យ​ស្រប​តាម​ការ​ព្រមពៀង​ដែល​ធ្វើ​ឡើង​ជាមួយ​នឹង​លោក​មូកាបេ​ កាល​ពី​ឆ្នាំ​មុន។

«គោល​នយោបាយ​លើ​ខ្លឹមសារ​ព័ត៌មាន​របស់​កាសែត​ជាតិ​និង​អ្នក​ផ្សព្វផ្សាយ​នៅ​តែ​មាន​សភាព​ប្រកាន់​គណបក្ស​ និង​មិន​មាន​ការ​កែប្រែ​ ហើយ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​តែ​សិ្ថត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច​ដដែល។ រដ្ឋមន្រ្តី​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ព័ត៌មាន​ និង​ការ​បោះពុម្ព​ផ្សាយ​ គួរ​តែ​ពិនិត្យ​សម្រេច​នូវ​ការ​ចាត់​តាំង​គណៈ​នា​យក​ផ្នែក​នេះ​ទាំង​អស់។»

ចាប់​តាំង​ពី​រដ្ឋាភិបាល​ចម្រុះ​ឡើង​កាន់​អំណាច​មក​កាល​ពី​ជិត​៣​ឆ្នាំ​មុន គេ​ឃើញ​មាន​ក្រុម​ហ៊ុន​សារព័ត៌មាន​ឯកជន​ចំនួន​បី​បាន​បង្កើត​ឡើង​និង​ចាប់​បោះពុម្ព​ផ្សាយ។ ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​នោះ​បាន​បិទ​ទ្វារ​រួច​ទៅ​ហើយ​ដោយ​សារ​បញ្ហា​ហិរញ្ញវត្ថុ​ ហើយ​ក្រុមហ៊ុន​ពីរ​ទៀត​បាន​និយាយ​ថា​ការងារ​របស់​គេ​ធ្វើ​បាន​យ៉ាង​ប្រសើរ​ទាំង​ការ​បោះ​កាសែត​និង​ការ​ផ្សាយ​ពាណិជ្ជកម្ម៕

ប្រែសម្រួល​ដោយ៖ សៀក អេង

XS
SM
MD
LG