ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនាគត​នយោបាយ​របស់​​ស៊ីមបាវ៉េ​នៅ​តែ​​ស្រពេចស្រពិល​ដដែល​ក្រោយ​ពី​លោក​ប្រធានាធិបតី Mugabe ត្រូវ​បាន​ទម្លាក់​ពី​តំណែង


ទាហាន​ប្រដាប់អាវុធ​កំពុង​យាមល្បាត​ផ្លូវ​នៅ​ក្នុង​ទីក្រុង​ Harare ប្រទេស​ស៊ីមបាវ៉េកាលពី​ថ្ងៃទី​១៥ វិច្ឆិកា ២០១៧។
ទាហាន​ប្រដាប់អាវុធ​កំពុង​យាមល្បាត​ផ្លូវ​នៅ​ក្នុង​ទីក្រុង​ Harare ប្រទេស​ស៊ីមបាវ៉េកាលពី​ថ្ងៃទី​១៥ វិច្ឆិកា ២០១៧។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រជាពលរដ្ឋ​ស៊ីមបាវ៉េ​នៅតែ​ប្រឈម​នឹង​ភាព​ស្រពេចស្រពិល​ផ្នែក​នយោបាយ​ដដែល ដោយ​មាន​ពាក្យ​ចចាមអារ៉ាម​លេច​ឭ​ឡើង​អំពី​ថា​តើ​លោក​ប្រធានាធិបតី Robert Mugabe នឹង​លះបង់​ការ​គ្រប់គ្រង​របស់​ខ្លួន​នៅ​ពេល​ណា និង​តាម​វិធី​ណា​នោះ ក្រោយ​ពី​បាន​កាន់​អំណាច​អស់​រយៈពេល​ជិត ៤០ ឆ្នាំ​មក​ហើយ។

លោក Mugabe ត្រូវ​បាន​កង​កម្លាំង​យោធា​ដាក់​ឃុំ​ក្នុង​គេហដ្ឋាន​របស់​លោក​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ពេល​ដែល​ពួក​យោធា​បាន​ដណ្ដើម​គ្រប់គ្រង​ប្រទេស​ស៊ីមបាវ៉េ​នៅ​ក្នុង​ប្រតិបត្តិការ​គ្មាន​ការ​បង្ហូរ​ឈាម​ដ៏​បន្ទាន់​មួយ។

ប្រភព​នានា​បាន​បញ្ជាក់​ថា លោក Mugabe វ័យ ៩៣ ឆ្នាំ ដែល​ជា​ប្រមុខ​រដ្ឋ​មាន​វ័យ​ចំណាស់​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក បដិសេធ​មិន​ចុះ​ចេញ​ពី​តំណែង និង​ប្រគល់​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​អន្តរកាល។ សេចក្ដី​រាយការណ៍​នានា​បាន​លើក​ឡើង​ថា លោក Emmerson Mnangagwa ដែល​ជា​អតីត​អនុ​ប្រធានាធិបតី​របស់​លោក Mugabe និង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក Morgan Tsvangirai បាន​ត្រឡប់​មក​ពី​ការ​និរទេស​ខ្លួន​របស់​ពួកគេ ដើម្បី​ចូលរួម​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​មួយ។

វិបត្តិ​នយោបាយ​នេះ​បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ នៅ​ពេល​ដែល​លោក​ឧត្ដមសេនីយ៍ Constantino Chiwenga ដែល​ជា​មេបញ្ជាការ​កង​កម្លាំង​របស់​ប្រទេស​ស៊ីមបាវ៉េ បាន​ព្រមាន​ថា លោក​នឹង​លូក​ដៃ​ចូល ដរាប​ណា​លោក Mugabe មិន​បញ្ឈប់​ការ​ព្យាយាម​កម្ចាត់​អ្នក​គាំទ្រ​របស់​លោក Emmerson Mnangagwa នៃ​គណបក្ស​កាន់​អំណាច ZANU-PF នោះ​ទេ។

មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​នានា​នៅ​ទ្វីប​អាហ្វ្រិក​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​បុតស្វាណា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ។ សេចក្ដី​ថ្លែងការណ៍​រួម​ដែល​ចុះ​ហត្ថលេខា​ដោយ​មេដឹកនាំ​មក​ពី​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០ បាន​ជំរុញ​ឲ្យ​លោក Mugabe ចុះ​ចេញ​ពី​តំណែង​ដោយ​សន្តិវិធី និង​បើក​ផ្លូវ​ឲ្យ​មាន «ដំណើរការ​មួយ​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ដែល​នឹង​កំណត់​អំពី​អនាគត​របស់​ប្រទេស​ស៊ីមបាវ៉េ»៕

XS
SM
MD
LG