ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​មហា​អំណាច​អឺរ៉ុប បង្កើន​វត្តមាន​នៅ​ទ្វីប​អាស៊ី​ដើម្បី​ទប់ទល់​នឹង​ប្រទេស​ចិន


អធិការបតី​អាល្លឺម៉ង់​អ្នកស្រី Angela Merkel និយាយ​នៅក្នុង​សន្និសីទ​តាមអនឡាញ​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel (កណ្តាល) និង​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​អ្នកស្រី Ursula von der Leyen ក្រោយពី​កិច្ចប្រជុំ​កំពូល​តាម​អនឡាញ​មួយ​ជាមួយ​ប្រធានាធិបតី​ចិន លោក Xi Jinping។
អធិការបតី​អាល្លឺម៉ង់​អ្នកស្រី Angela Merkel និយាយ​នៅក្នុង​សន្និសីទ​តាមអនឡាញ​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel (កណ្តាល) និង​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​អ្នកស្រី Ursula von der Leyen ក្រោយពី​កិច្ចប្រជុំ​កំពូល​តាម​អនឡាញ​មួយ​ជាមួយ​ប្រធានាធិបតី​ចិន លោក Xi Jinping។

ប្រទេសអាល្លឺម៉ង់​ បារាំង ​និង​ចក្រភព​អង់គ្លេសគ្រោង​នឹងបង្កើនវត្តមាន​យោធារបស់​ពួក​គេ​ក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific) ជាវិធានការ​មួយ​ដែល​ពួក​អ្នក​វិភាគនិយាយថា ​មាន​គោលដៅទប់ទល់​នឹង​ប្រទេស​ចិន និង​បង្ហាញ​ការ​គាំទ្រ​ដល់​ស.រ.អ. ជប៉ុន​និងពួក​សម្ព័ន្ធមិត្ត​ឯ​ទៀតៗ​ក្នុង​តំបន់​នោះ។

ប្រទេសអាល្លឺម៉ង់​នឹង​បញ្ជូននាវាហ្វ្រេហ្គាត់មួយ​គ្រឿង​ឱ្យ​ទៅ​យាមល្បាត​ដែន​ទឹក​តំបន់ Indo-Pacific នៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​ឆ្នាំ​នេះ។ ​ចក្រភព​អង់គ្លេស​ នឹង​បញ្ជូនកង​នាវា​ចម្បាំងវាយ​ប្រហារដោយ​មាន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ឈ្មោះ​ HMS Queen Elizabeth ជា​កប៉ាល់​ប្រយុទ្ធ​ធំ​ជាង​គេដោយ​មិន​បាន​ប្រកាស​អំពី​ថ្ងៃ​ខែ​នៃ​ការ​បញ្ជូន​នេះ​នៅ​ឡើយ​ទេ។

ប្រទេស​បារាំង នឹង​ចូល​រួម​ធ្វើការ​ហ្វឹកហ្វឺនយានយន្ត​បើក​លើ​ទឹក​និង​លើ​គោក​ជា​មួយ​ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិកនៅ​ភាគ​និរតី​នៃ​ប្រទេស​ជប៉ុន​ក្នុង​ខែ​ឧសភា។​ ប្រទេស​ទាំង​បី ​ក៏​បាន​ដាក់​ស្នើ​កំណត់​ហេតុ​គ្មាន​ការ​ចុះ​ហត្ថលេខា​រួមគ្នា​មួយ​ជូន​អង្គការ​សហប្រជាជាតិហើយ។

លោក Mark Valencia ជា​អ្នក​ស្រាវជ្រាវជាន់ខ្ពស់នៅ​វិទ្យាស្ថាន​ជាតិសិក្សា​អំពី​សមុទ្រ​ចិន​ខាង​ត្បូង​នៅក្រុង​ Haikou ក្នុង​ខេត្ត​ Hainan ប្រទេស​ចិន។ បើ​តាម​អត្ថបទ​បញ្ចេញ​មតិ​មួយដែល​លោក Valencia បាន​សរសេរ​ចុះ​ផ្សាយ​ក្នុង​កាសែត South China Morning Post ថាកំណត់សម្គាល់​នោះ​សង្កត់​ធ្ងន់លើ​«សារៈសំខាន់​នៃការ​ប្រើ​ដោយ​គ្មាន​ការ​រំខាននូវសេរីភាពនៃនាវាចរណ៍​ក្នុង​ដែន​សមុទ្រ​ជ្រៅ»។

បើ​តាមរបាយការណ៍​មួយដោយ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ និង​សិក្សា​អន្តរជាតិ (CSIS) ដែល​ត្រូវ​រៀប​ចំពីការ​ស្ទង់មតិ​មួយ​ធ្វើ​មុន​ការ​រាតត្បាត​សាកល​នៃ​ជំងឺ​កូវីដ​១៩​ថា «នៅ​ពេល​សព្វ​ថ្ងៃ​នេះ​គេ​ឃើញ​ថា ​ប្រទេស​ចិន​មាន​អំណាច​នយោបាយនិង​ឥទ្ធិពល​បន្តិច​លើស​សហរដ្ឋ​អាមេរិក​ក្នុង​អាស៊ី​អាគ្នេយ៍​ ហើយ​នឹង​មានអំណាច​ច្រើនគួរ​សម​លើស​ស.រ.អ.ក្នុង​ពេល​១០ឆ្នាំ​ទៀត»​ ហើយក្នុងវិស័យ​«អំណាច​និង​ឥទ្ធិពល​សេដ្ឋកិច្ចវិញ​ តំបន់​នោះយល់ឃើញ​ថា​ប្រទេស​ចិន​មាន​ឥទ្ធិពល​ជាង​ស.រ.អ.​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​ ហើយ​គេ​រំពឹង​ថា គម្លាតពី​គ្នា​នេះ​ នឹងមាន​ធំ​ជាង​មុន​ក្នុង​ពេល​១០ឆ្នាំ​ទៀត»។

ក្រុមអ្នក​ជំនាញ​និយាយ​ថា​ ពួក​ប្រទេស​អឺរ៉ុប​ដែល​បង្កើន​វត្តមាន​យោធាក្នុង​តំបន់ Indo-Pacific នឹង​ពង្រឹង​សម្ព័ន្ធភាពពួកគេ​ជាមួយស.រ.អ.​និង​ប្រទេស​ជប៉ុន​និង​ថែរក្សាសេចក្តី​ថ្លៃថ្នូរ​រួម​គ្នា​ព្រម​ទាំងរបៀបរៀប​រយ​ផ្អែក​លើ​បទបញ្ញត្តិ​ក្នុង​តំបន់​នោះផង​ដែរ។

លោក Zachary Hosford ជា​នាយក​ស្តីទី​នៃ​កម្មវិធី​អាស៊ី​នៅ​ឯ​មូលនិធិ Marshall អាល្លឺម៉ង់​នៃ​ស.រ.អ.។​ លោកបាន​និយាយ​ថា ​ពួក​ប្រទេស​អឺរ៉ុប​«ចង់​បង្ហាញ​សញ្ញាដល់​ស.រ.អ.ថា​ ពួក​គេ​សម្រប​តាមរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដោយ​ទទួល​ស្គាល់សេចក្តី​ត្រូវ​ការប្រព្រឹត្ត​តាមរចនាសម្ព័ន្ធ​អន្តរជាតិ​និងការ​ប្រឆាំងរបស់​រដ្ឋាភិបាល​ចិន​នឹង​រចនាសម្ព័ន្ធ​នេះដោយ​មាន​រួម​បញ្ជូល​ការ​កសាង​មូលដ្ឋាន​យោធា​ដោយខុស​ច្បាប់​និង​ធ្វើ​ឱ្យ​អស្ថេរភាពនៅ​លើ​កោះ​សិប្បនិមិត្ត​ផង​ដែរ»។​

អ្នក​ស្រី Elli-Katharina PohlKamp ជាអ្នក​ស្រាវជ្រាវនៃ​កម្មវិធី​អាស៊ីនៅ​ឯ​ក្រុម​ប្រឹក្សាអឺរ៉ុប​ខាង​ទំនាក់ទំនងបរទេស។ អ្នក​ស្រី​បាននិយាយ​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​មានជំនឿថាសម្ព័ន្ធភាព​និងកិច្ច​សហប្រតិបត្តិការខាង​ការពារ​ប្រទេសអាច​ត្រូវ​ពង្រឹង​និងកិច្ច​ប្រតិបត្តិការ​រវាងកងកម្លាំងនៃ​ប្រទេស​ទាំង​នេះអាច​ត្រូវ​ពង្រឹង។ កត្តាចិនបាន​លើក​ទឹកចិត្តឱ្យ​មាន​ការ​ពង្រឹងចំណង​ទាក់ទង​ខាង​សន្តិសុខរវាង​អឺរ៉ុប​និង​ជប៉ុន»។​ ការណ៍​នេះអាស្រ័យ​លើគោល​នយោបាយ​ប្រទេស​ជប៉ុន​ស្តី​ពី​ប្រទេស​ចិន​នៅក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ Yoshihide Suga ដែលបាន​ចូល​កាន់​តំណែងកាល​ពី​ពេល​ថ្មីៗ​នេះដែល​អ្នកស្រី​ PohlKamp បានថ្លែង​ថា «មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយទេ»។

លោក Steven Lamy សាស្ត្រាចារ្យ​ខាង​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ Southern California បាន​និយាយ​ថា៖ «ពួកប្រទេសទាំង​នេះចង់​ឱ្យ​ប្រាកដ​ប្រជា​ថា​ប្រទេស​ចិន​ដឹង​ថាពួក​គេ​នឹងទប់ស្កាត់រាល់សកម្មភាព​ឯកតោភាគី​ណា​មួយ​ដែល​គំរាមកំហែង​ដល់ពាណិជ្ជកម្មនិង​សន្តិសុខ​ក្នុង​ទ្វីប​អាស៊ី»។

តែ​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​ Zack Cooper នៃ​វិទ្យាស្ថាន American Enterprise មាន​ជំនឿ​ថាការ​បញ្ជូន​កង​នាវា​ចម្បាំងដោយ​ប្រទេស​ជាតិ​អឺរ៉ុប​គ្រាន់តែ​ជានិមិត្ត​តែ​ប៉ុណ្ណោះ។

លោក​ Zack Cooper បាននិយាយ៖ ថា«ខ្ញុំពិត​ជា​យល់​ថា មាន​កង្វល់​ថា​ស.រ.អ.​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើតំបន់ Indo-Pacific​ ដូច្នេះប្រទេសខ្លះ​ក្នុង​អឺរ៉ុប​ចង់​បង្ហាញ​ថា ​ពួក​គេ​អាចជួយនៅ​ទ្វីប​អាស៊ី​បាន​ដែរ។​ តាមទស្សនៈ​ខ្ញុំ នេះ​ជាសញ្ញា​វិជ្ជមាន​មួយ។ ការណ៍​នេះមានតម្លៃជា​សញ្ញា​ជាងតម្លៃ​ខាង​យោធា​ តែ​សារ​នៅ​តែ​ជាការ​មាន​ប្រយោជន៍​មួយ។ តែ​ខ្ញុំ​យល់​ថា ជា​ការ​មាន​សារៈសំខាន់​ដែរដែល​កត់​សម្គាល់ថា កិច្ច​ព្រម​ព្រៀង​វិនិយោគរវាង​សហភាព​អឺរ៉ុបនិង​ប្រទេស​ចិនមានសារៈសំខាន់​ជាង​ជា​សញ្ញា​មួយ ជា​ជាងការ​បញ្ជូន​យោធា​ទាំង​នេះ ដូច្នេះយើងគួរ​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថាកិច្ចខិត​ខំប្រឹង​ប្រែងខាង​សន្តិសុខ​និង​ខាង​សេដ្ឋកិច្ច​របស់​យើង​តម្រង់​ទៅ​រក​ទិស​តែ​មួយ​ដូចគ្នា»។

កាល​ពី​ថ្ងៃ​៣០​ ខែ​ធ្នូ សហភាព​អឺរ៉ុប​និងចិនបាន​បញ្ចប់​កិច្ច​ចរចា​គ្នាអំពីសន្ធិសញ្ញា​បណ្តាក់​ទុន​ទូលំ​ទូលាយ​មួយ។

លោកស្រី​ Ursula von der Leyen ប្រធានគណៈកម្មការ​អឺរ៉ុប​បាន​មាន​ប្រសាសន៍​ថា៖ «កិច្ច​ព្រមព្រៀង​នៅ​ថ្ងៃ​នេះ​ជា​ព្រឹត្តការណ៍សំខាន់​មួយ​នៅ​ក្នុងទំនាក់ទំនងរបស់​យើងជា​មួយ​ប្រទេស​ចិន​ និង​ដើម្បីរបៀបវារៈ​ពាណិជ្ជកម្ម​យើង​ផ្អែកលើសេចក្តី​ថ្លៃ​ថ្នូរ»។

គោលដៅ​ឯ​ទៀតៗ

ការ​បញ្ជូន​កង​នាវា​ចម្បាំង​អង់គ្លេស​និង​អាល្លឺម៉ង់​ទៅ​កាន់​តំបន់ Indo-Pacific មាន​គោលដៅហួស​ពី​ការទប់ទល់​នឹង​ការ​ពង្រីក​ឥទ្ធិពល​ចិន​ក្នុងតំបន់​នោះ។

លោក Jamie Shea អតីត​មន្ត្រី​អង្គការ​អូតង់​និង​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅឯ​អង្គការ​ស្រាវជ្រាវ​ Friends of Europe បាន​និយាយ​ថា ​សកម្មភាព​របស់ចក្រភព​អង់គ្លេស​មាន​គោលដៅបង្ហាញសេចក្តី​ប្រាថ្នា​ជា​«ចក្រភព​អង់គ្លេសសាកល»​នៅ​ក្រោយ​ការ​ចាកចេញ​របស់​ខ្លួនពី​សហភាព​អឺរ៉ុប ដែល​គេ​ស្គាល់​ថា Brexit។

លោក Jamie Shea បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «សេចក្តី​ប្រាថ្នា​នេះ​ផ្តោត​ភាគច្រើន​ទៅ​លើ​តំបន់ Indo-Pacific ពីព្រោះអង់គ្លេសយល់​ថា​កិច្ច​ព្រម​ព្រៀង​ពាណិជកម្ម​ថ្មីៗ​ជាមួយបណ្តាប្រទេស​ក្នុង​តំបន់​នោះមាន​សារៈសំខាន់​ដល់ការ​លូតលាស់សេដ្ឋកិច្ច​ក្នុង​ពេល​អនាគតរបស់​អង់គ្លេស។​ ដូច្នេះ​សមត្ថភាព​យោធាដើម្បី​បង្ហាញ​កម្លាំងក្នុង​តំបន់ Indo-Pacific ផ្អែក​លើនាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ថ្មីៗ​ពីរ​គ្រឿង​ដែល​ខ្លួន​ទើប​មានកាល​ពី​ពេល​ថ្មីៗនេះ ​ជា​គន្លឹះបង្ហាញយុទ្ធសាស្ត្រ​អង់គ្លេស​ក្នុង​តំបន់​នោះ។​ កង​រាជនាវីអង់គ្លេសជា​អាទិភាព​នៅ​ទី​នោះដោយសារ​កង​នាវា​ចម្បាំង​អាច​ត្រូវ​បញ្ជូន​ហើយ​ជា​វិធីល្អ​មួយដើម្បី​បង្ហាញ​វត្តមានអង់គ្លេស​នៅ​ទី​នោះ»។

លោក Shea បានថ្លែង​បន្ថែម​ថា ការ​ទិញអាវុធ​ការពារ​ប្រទេសរបស់អង់គ្លេស​និង​សេចក្តី​សម្រេច​របស់​ប្រទេស​នេះក្នុង​ការបញ្ជូនកប៉ាល់​ដឹក​យន្តហោះ​ចម្បាំង​ឈ្មោះ​ HMS Queen Elizabeth ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូងក៏​ជា​សញ្ញាដល់​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ដែរ​ថា​ ​អង់គ្លេស​នៅ​តែ​ជា​សម្ព័ន្ធមិត្ត​ធំមួយ​របស់អាមេរិកាំង។

លោក Shea បាន​កត់​សម្គាល់​ថា​ ទោះ​ណា​ជា​ប្រទេស​អាល្លឺម៉ង់មិន​ចង់ក្លាយ​ជាមហាអំណាច​យោធា​សាកលមួយ​ក៏​ដោយ​ ក៏​ប្រទេស​នេះ​មាន​ផល​ប្រយោជន៍ខាង​សេដ្ឋកិច្ច​និង​ខាង​ពាណិជ្ជកម្មក្នុងទ្វីបអាស៊ីដែល​ខ្លួន​ចង់​ការពារ។

លោក Shea បានថ្លែង​ថា៖ «ប្រទេស​អាល្លឺ​ម៉ង់គ្មានបំណង​ទៅពាក់ព័ន្ធ​នឹ​ង​ជម្លោះ​ក្នុង​អាស៊ី​ទេ​ដូចជា​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​និង​សមុទ្រ​ចិន​ខាង​កើត​ជា​ដើម​ តែការ​បញ្ជូននាវា​ហ្វ្រេហ្គាត់មួយគ្រឿង​ទៅ​ចួលរួម​ក្នុងសមយុទ្ធ​ក្នុង​សមុទ្រ​ជា​វីធី​មួយ​សម្រាប់​កសាង​ទំនុក​ចិត្តនិង​អភិវឌ្ឍភាព​ដៃគូ​និងកិច្ចប្រតិបត្តិការ​ជាមួយដៃគូ​ពាណិជ្ជកម្មធំៗ​របស់​អាល្លឺម៉ង់​ក្នុង​តំបន់​នោះ»។

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Kyodo News នៃ​ប្រទេស​ជប៉ុន​ថា កាល​ពី​ខែ​ធ្នូ លោក Nobuo Kishi រដ្ឋមន្ត្រី​ការពារប្រទេស​ជប៉ុន​បាន​សម្តែង​បំណង​លោក​ចង់​ឱ្យ​កង​នាវា​ហ្វ្រេហ្គាត់​អាល្លឺម៉ង់ចូល​រូម​ក្នុងសមយុទ្ធជាមួយកងកម្លាំងការពារ​ខ្លួន​ឯង​របស់​ជប៉ុនដែល​លោក​សង្ឃឹម​ថា​នឹង​បើកកាត់​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ​

XS
SM
MD
LG