ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ុយក្រែន ធ្វើ​ទស្សនកិច្ច​ខ្សែត្រៀម​​ជួរមុខ​ក្នុងតំបន់ Kharkiv


នៅក្នុងរូបថតដែលបានបង្ហោះនៅលើគណនី X របស់លោកនៅថ្ងៃទី 29 ខែកក្កដាឆ្នាំ 2024 ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដើរជាមួយមន្រ្តីយោធានៅក្នុងតំបន់ដែលត្រូវបានគេកំណត់ថានៅជិត ក្រុង Vovchansk ក្នុងតំបន់ Kharkiv របស់អ៊ុយក្រែន។
នៅក្នុងរូបថតដែលបានបង្ហោះនៅលើគណនី X របស់លោកនៅថ្ងៃទី 29 ខែកក្កដាឆ្នាំ 2024 ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដើរជាមួយមន្រ្តីយោធានៅក្នុងតំបន់ដែលត្រូវបានគេកំណត់ថានៅជិត ក្រុង Vovchansk ក្នុងតំបន់ Kharkiv របស់អ៊ុយក្រែន។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​Vovchansk នៅ​ខ្សែត្រៀម​ជួរមុខ ក្នុង​តំបន់​ Kharkiv ប៉ែក​ឦសាន ក្បែរ​ព្រំដែន​រុស្ស៊ី ទី​ដែល​កង​កម្លាំង​រុស្ស៊ី​ កំពុង​ព្យាយាម​ទម្លុះចូល។ នេះ​បើ​ផ្អែក​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ចន្ទ។

កងកម្លាំង​រុស្ស៊ី បាន​បើក​សមរភូមិ​ថ្មី​មួយ​នៅ​ភាគ​ខាង​ជើង​តំបន់​នោះ​កាល​ពី​ខែ​ឧសភា ដោយ​បាន​រុល​ចូល​យ៉ាង​លឿនចម្ងាយ​រហូត​ដល់​១០​គីឡូម៉ែត្រ។ ក្រោយ​មក​ យោធា​អ៊ុយក្រែន ក៏​បាន​ទប់​ស្កាត់​ការ​រុលចូល​នោះ ដែល​ជា​ការ​រុលចូល​សំខាន់​មួយ​ឆ្ពោះ​ទៅ​រកក្រុង Vovchansk។

លោក Zelenskyy បាន​សរសេរ​តាម​បណ្តាញ​ Telegram​ថា«សមរភូមិ​ជួរ​មុខ Kharkiv ។ ប៉ុស្តិ៍​បញ្ជាការ​ឆ្ពោះ​ទៅមុខ​របស់​កងកម្លាំង​ប្រតិបត្តិការ​ពិសេស​នៃ​កងកម្លាំង​ប្រដាប់អាវុធ​អ៊ុយក្រែន នៅ​តំបន់​នៃ​ក្រុង​ Vovchansk ​»។

​រូបថត​ដែល​បាន​បង្ហាញ​ឃើញ​លោកកំពុងផ្តល់​រង្វាន់ថ្នាក់រដ្ឋ​ដល់​ទាហាន​និង​ចាប់ដៃរបស់​ពួកគេ​ក្នុង​វីដេអូ​មួយ​ដែល​គេ​បង្ហោះ​អម​ជាមួយ​នឹង​សំណេរ​នោះ។

កងទ័ព​អ៊ុយក្រែន​ថា​រុស្ស៊ី បាន​បន្ត​វាយប្រហារ​តាម​អាកាស​តាម​តំបន់​ព្រំដែន​ក្នុង​តំបន់​នោះហើយ​ថា​ក្នុង​ពេល​២៤​ម៉ោង​ចុងក្រោយ កងកម្លាំង​អ៊ុយក្រែន បានវាយរុញ​ច្រានការ​វាយ​លុក​៦​ដង​ក្បែរ​ក្រុង​ Vovchansk និង​ភូមិ Hlyboke ចម្ងាយ​ជាង​៣០​គីឡូម៉ែត្រ​ពី​ប៉ែក​ខាង​លិច។

ទោះជា​ការ​វាយប្រហារ​របស់​រុស្ស៊ី​នៅ​តំបន់​ Donetsk​ប៉ែក​ខាង​កើត នៅ​តែ​ការ​វាយលុក​ដ៏​សំខាន់​របស់​កងកម្លាំង​រុស្ស៊ី​ក៏​ដោយ ក៏​ការ​វាយ​ប្រហារ​លើ​តំបន់​ Kharkiv បាន​ធ្វើ​ឲ្យ​បាក់​កម្លាំង​ការពារ​របស់​អ៊ុយក្រែន​ដែល​មាន​គ្នា​តិច​ជាង ហើយ​បាន​បង្ខំ​រដ្ឋាភិបាល​អ៊ុយក្រែន ឲ្យ​បញ្ចូន​កម្លាំង​បន្ថែម។

បន្ទាប់​មក អ៊ុយក្រែន ក៏​បាន​ជោគជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្តអនុញ្ញាត​ឲ្យ​ខ្លួន​ប្រើប្រាស់​សព្វាវុធ​បស្ចិមប្រទេស ដើម្បី​វាយប្រហារ​ខ្លះៗ​ឆ្លង​ព្រំដែន​ពី​តំបន់ Kharkiv វិញ។ អ៊ុយក្រែន​ថា​ការណ៍​នេះ​បាន​ជួយ​ខ្លួន​ការពារ​ការ​រុល​ចូល​ពី​សំណាក់​កងកម្លាំង​រុស្ស៊ី ដែល​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​២៩​ខែ​ហើយ​នៃ​ការ​ឈ្លានពាន​ពេញទំហឹង​របស់​រុស្សី​លើ​អ៊ុយក្រែន៕

XS
SM
MD
LG