ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ថា សមរភូមិ​ទីក្រុង Sievierodenetsk ជា​សង្គ្រាម​មួយ​ដែល​មាន​ការពិបាក​បំផុត


ផ្សែង​ហុយ​ចេញ​ពី​ការ​ឆេះអគារ​នៅ​ក្នុង​ក្រុង Sievierodonetsk ក្នុង​អំឡុងពេល​ប្រយុទ្ធ​គ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន​ក្នុង​តំបន់​ Luhansk កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។
ផ្សែង​ហុយ​ចេញ​ពី​ការ​ឆេះអគារ​នៅ​ក្នុង​ក្រុង Sievierodonetsk ក្នុង​អំឡុងពេល​ប្រយុទ្ធ​គ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន​ក្នុង​តំបន់​ Luhansk កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Zelenskyy និយាយ​ថា សមរភូមិនៅ​ទីក្រុង Sievierodenetsk ភាគ​ខាង​កើតអ៊ុយក្រែន​ ​ជា​សង្គ្រាម​ដ៏​ពិបាក​បំផុត​មួយ ខណៈដែល​លោក​បាន​បញ្ជាក់​ពី​សារៈ សំខាន់របស់​សង្គ្រាម​នោះ​នៅ​ក្នុង​តំបន់ Donbas។

លោក Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​កាលពី​យប់​ថ្ងៃ​ពុធ​ថា «ក្នុង​វិធី​ជា​ច្រើន ជោគវាសនា​របស់​តំបន់ Donbas របស់​យើង ​នឹង​ត្រូវ​សម្រេច​នៅ​ទីនោះ»។

កងកម្លាំង​អ៊ុយក្រែន​បាន​ត្រូវ​បង្ខំ​ដកចេញ​ទៅកាន់​ជាយ​ក្រុង Sievierodonets កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ការប្រឈម​ការវាយ​ប្រហារ​ដ៏​ខ្លាំង​ពី​កងទ័ព​រុស្ស៊ី។

កាលពី​ប៉ុន្មាន​ថ្ងៃ​មុន កង​ទ័ព​អ៊ុយក្រែន​បាន​ចាប់ផ្តើម​ធ្វើការ​វាយ​ប្រហារ​តបត​វិញ​ ដែល​បាន​ធ្វើ​ឱ្យ​ពួកគេ​ត្រួតត្រា​ទីក្រុង​នោះ​ប្រហែល​ពាក់​កណ្តាល ក៏ប៉ុន្តែ អភិបាល​តំបន់ Luhansk លោក Serthiy Haidai បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​អ៊ុយក្រែន RBC ថា នៅពេល​ដែល​រុស្ស៊ី​ចាប់ផ្តើម​កម្ទេច​ទីក្រុង​នោះ​ដោយ​ការបាញ់​ផ្លោងនិង​ការវាយ​ប្រហារ​តាម​អាកាស យើងមិន​ត្រូវ​ស្ថិត​នៅ​ទីនោះ​ទេ។

លោក Haidai បាន​និយាយ​ថា «កងទ័ព​របស់​យើង​ឥឡូវ​នេះ​បាន​ត្រួតត្រា​ជាយ​ក្រុង​នោះ​ម្តង​ទៀត​តែប៉ុណ្ណោះ។ ក៏ប៉ុន្តែការប្រយុទ្ធ​នៅ​កំពុង​បន្ត ហើយ​កងទ័ព​របស់​យើង​កំពុង​ការពារទីក្រុង​នេះ ដូច្នេះ​គេ​មិន​ទាន់​អាច​និយាយ​ថា ពួក​រុស្ស៊ី​ត្រួតត្រា​ទីក្រុង​នោះ​ទាំង​ស្រុងនោះ​ឡើយ»។

លោក​បាន​ទទួល​ស្គាល់​ពី​ការលំបាក​របស់​កងទ័ព​អ៊ុយក្រែន​ដោយ​លោកបាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ថា «អ្វី​ដែល​ទាហាន​រុស្ស៊ី​មាន​ដូចជា​កាំភ្លើង​ធំ កាំភ្លើង​ត្បាល់ រថក្រោះ យន្តហោះ ពួកគេ​កំពុង​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង Sievierodonetsk ដើម្បី​កម្ទេចយើង​ចេញពី​ផែនដី​ ហើយ​ដណ្តើម​កាន់កាប់​ទីក្រុង​នោះ​ទាំង​មូល»។

បន្ទាប់ពី​ការផ្តោត​ការវាយ​ប្រហារ​របស់​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន​មក រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ីលោក Sergei Shoigu បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា កងទ័ព​រុស្ស៊ី​ឥឡូវនេះ​បាន​ត្រួតត្រា​ខេត្ត Luhansk ចំនួន៩៧ភាគរយ​ហើយ។ ទីក្រុង Sievierodonetsk ជា​ទីក្រុង​ដ៏​សំខាន់​ចុងក្រោយ​បង្អស់​នៅ​ក្នុង​តំបន់​ ដែល​មិន​ទាន់​បាន​កាន់កាប់​ទាំង​ស្រុង​ ​នៅ​ក្នុង​ការវាយ​ប្រហារ​រយៈពេល៣ខែ​កន្លះ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​នោះ។

លោក Shoigu បាន​និយាយ​ទៀត​ថា កងទ័ព​រុស្ស៊ី​បាន​រុល​ឆ្ពោះ​ទៅកាន់​ទីប្រជុំជន Popasna ហើយ​លោក​បាន​និយាយ​ថា កងទ័ព​រុស្ស៊ី​បាន​ត្រួតត្រា​ទីប្រជុំជន Lyman និង Sviatohirsk ហើយ​នឹង​ទីប្រជុំជន១៥ផ្សេង​ទៀត​នៅ​ក្នុង​តំបន់៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters

XS
SM
MD
LG