ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​រុស្ស៊ី​និង​អ៊ុយក្រែន​ប្រយុទ្ធ​គ្នា​​​​នៅ​តាម​ផ្លូវ​​​ក្នុង​ទីក្រុង Sievierodonetsk នៃ​ប្រទេស​អ៊ុយក្រែន


រូបឯកសារ៖ ជនបរទេស​ដែល​​ស្ម័គ្រចិត្តចូលប្រយុទ្ធ​ក្នុង​ជួរ​យោធា​អ៊ុយក្រែន​ ហាត់សម​ប្រយុទ្ធ នៅ​ក្រុង Sievierodonetsk តំបន់ Luhansk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ ជនបរទេស​ដែល​​ស្ម័គ្រចិត្តចូលប្រយុទ្ធ​ក្នុង​ជួរ​យោធា​អ៊ុយក្រែន​ ហាត់សម​ប្រយុទ្ធ នៅ​ក្រុង Sievierodonetsk តំបន់ Luhansk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២២។

កងទ័ព​រុស្ស៊ីនិង​អ៊ុយក្រែន​បាន​ពើបប្រយុទ្ធគ្នា​យ៉ាង​ខ្លាំង​នៅតាម​ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង Sievierodonetsk ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ហើយ​ប្រធានាធិបតីអ៊ុយក្រែន​បាន​និយាយ​ថា កងកម្លាំង​រុស្ស៊ី​ក៏មាន​បំណង​ដណ្តើមកាន់ កាប់​ទីក្រុង Zaporizhzhia ដែល​ជា​ក្រុង​ដ៏​សំខាន់​មួយ​ទៀត​នៅ​ភាគអាគ្នេយ៍​អ៊ុយក្រែន​ផង​ដែរ។

អ្នក​នាំពាក្យ​រដ្ឋបាល​ក្រុង Sievierodonetsk បាន​ថ្លែង​តាម​ទូរទស្សន៍​ថា ស្ថានភាព​ក្នុង​ទីក្រុង​នេះ​កំពុង​មាន​ការផ្លាស់​ប្តូរ​គ្រប់​ពេលវេលា។

ដោយ​ឡែក​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា កងកម្លាំង​អ៊ុយក្រែន​មានឱកាស​គ្រប់​ពេល​ដើម្បី​បង្កើន​ការគ្រប់​គ្រង​របស់​ខ្លួន​លើ​ទីក្រុង​នេះ។

ការវាយ​តម្លៃ​របស់​លោក​បាន​កើតមាន​ឡើងបន្ទាប់ពី​អភិបាល​តំបន់ Luhansk លោក Serhiy Haidai បាន​និយាយ​ថា កងកម្លាំង​អ៊ុយក្រែន​កំពុង​ចាញ់​ប្រៀប​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង​នោះ។

បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទាំង​រុស្ស៊ី​និង​អ៊ុយក្រែន​បានផ្តល់​ព័ត៌មាន​ពីការខូច​ខាតរបស់​ភាគី​ទាំង​ពីរ​ខុស​គ្នា​យ៉ាង​ខ្លាំង។

លោក Zelenskyy បាន​ប្រាប់​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ចន្ទ​ថា កងកម្លាំង​រុស្ស៊ី​មាន​បំណងដណើ្តម​កាន់កាប់​ទីក្រុង Zaporizhzhia ដែល​ស្ថិត​នៅភាគ​អាគ្នេយ៍​ដើម្បីអនុញ្ញាត​ឱ្យ​ពួក​គេ​ខិត​កាន់​តែ​ជិត​តំបន់​ភាគ​កណ្តាលរបស់​អ៊ុយក្រែន។

ទីក្រុង​នេះជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​មួយ​និង​មាន​ពលរដ្ឋ​រស់​នៅ​ប្រមាណ៧សែន​នាក់។

មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​បាន​ទទួល​ការបញ្ជាក់​ពីនាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ពីការផ្តល់​កញ្ចប់ជំនួយ​ការពារ​ថ្មី​មួយ​ទៀតរបស់​អង់គ្លេស​ហើយ​ថាមេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សាគ្នាដើម្បី​រកវិធីបើក​ច្រក​កំពង់​ផែ​អ៊ុយក្រែន​ដើម្បី​ជៀសវាងកុំ​ឱ្យ​មាន​វិបត្តិ​ស្បៀងអាហារ។

អង់គ្លេស​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទថា ខ្លួន​នឹង​បញ្ជូន​ប្រព័ន្ធ​បាញ់គ្រាប់​រ៉ុក្កែត M270 ដែល​បាញ់​បាន​ច្រើន​គ្រាប់​ទៅ​ឱ្យ​អ៊ុយក្រែន ហើយ​អាវុធ​ប្រភេទ​នេះ​អាច​បាញ់​ចំ​គោលដៅដែល​មាន​ចម្ងាយ​រហូត​ដល់៨០គីឡូម៉ែត្រ។

លោក Boris Johnson និយាយ​ថា៖ «យើង​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ​នៅ​ពេល​ដែល​រុស្ស៊ី​កំពុង​បង្កើន​ការ​បាញ់​ផ្លោង​ទៅ​លើ​ទីក្រុង​នានា​និង​សម្លាប់​ជន​ស៊ីវិល​អ៊ុយក្រែន​នោះ»។

លោក Zelenskyy បាន​ថ្លែងសុន្ទរកថា​តាម​វីដេអូ​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «ខ្ញុំ​សូម​អរគុណ​ដល់​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​លោក Boris Johnson ចំពោះ​ការយោគយល់​របស់​លោកអំពី​ការចង់​បាន​និង​ការត្រៀម​ខ្លួន​របស់​អ៊ុយក្រែន​ហើយ​បាន​ផ្តល់​ឱ្យ​អ៊ុយក្រែន​នូវអាវុធដែល​អ៊ុយក្រែនត្រូវ​ការ​ដើម្បី​ការពារ​អាយុជីវិតប្រជាពលរដ្ឋ​របស់​យើង​នោះ»។

ដោយ​ឡែក​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ប្រកាស​កាលពីថ្ងៃ​ចន្ទម្សិល​មិញ​នេះ​ថា ខ្លួន​បានដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​ជន​ជាតិ​អាមេរិក​ចំនួន៦១នាក់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹងអ្វី​ដែលរុស្ស៊ី​ហៅ​ថា​ «ជា​ការពង្រីក​ការ​ដាក់​ទណ្ឌកម្ម​មិន​ឈប់​ឈរ​ពី​សហរដ្ឋអាមេរិក​នោះ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តីរាយការណ៍​នេះ​ដកស្រង់ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters និងAP

XS
SM
MD
LG