ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ពេល​ដែល​រុស្ស៊ី​អះអាង​ពី​ការរុលទៅមុខ លោក Zelenskyy និយាយ​ពី​ការបន្ត​ការការពារ​ដ៏​អង់អាច​ក្លាហាន​នៅ​តំបន់ Donbas


ផ្សែង​ហុយ​ចេញ​ពី​ការ​ឆេះអគារ​នៅ​ក្នុង​ក្រុង Sievierodonetsk ក្នុង​អំឡុងពេល​ប្រយុទ្ធ​គ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន​ក្នុង​តំបន់​Luhansk ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២២។
ផ្សែង​ហុយ​ចេញ​ពី​ការ​ឆេះអគារ​នៅ​ក្នុង​ក្រុង Sievierodonetsk ក្នុង​អំឡុងពេល​ប្រយុទ្ធ​គ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន​ក្នុង​តំបន់​Luhansk ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​សរសើរ​ការងារ​របស់​កងទ័ព​លោក​នៅ​ក្នុង​តំបន់ Donbas ភាគ​ខាង​កើត​ហើយ​បាន​និយាយ​ថា រុស្ស៊ី​មិន​បាន​រំពឹង​នឹង​ជួប​ការតស៊ូ​បែប​នេះ​ទេ ខណៈដែល​រុស្ស៊ី​បាន​អះអាង​ថា​បាន​ត្រួតត្រា​ខេត្ត​មួយ​ស្ទើរតែ​ទាំង​អស់​នៅ​ក្នុង​តំបន់ Donbas។

បន្ទាប់ពី​ការផ្តោត​ការវាយ​ប្រហារ​របស់​ខ្លួន​អស់​រាប់​សប្តាហ៍​នៅ​ផ្នែក​ខាង​កើត​ប្រទេស​អ៊ុយក្រែនមក រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ីលោក Sergei Shoigu បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិល មិញ​ថា កងទ័ព​រុស្ស៊ី​ឥឡូវនេះ​បាន​ត្រួតត្រា​ខេត្ត Luhansk ៩៧ភាគរយ​ហើយ។

លោកZelenskyyបាន​និយាយនៅ​សុន្ទរកថា​តាម​វីដេអូ​នៅពេល​យប់​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ថា «ការការពារ​ដ៏​អង់អាច​ក្លាហាន​នៅតំបន់ Donbasកំពុង​បន្ត»។ លោក​បាន​បន្ថែម​ទៀត​ថា រុស្ស៊ី​មិន​បាន​រុល​ទៅមុខ​ជា​ដុំ​កំភួននៅ​ក្នុង​តំបន់​នោះទេ​ ក្នុង​រយៈពេល​មួយ​ថ្ងៃ​កន្លង​មក​នេះ​ទេ។

តំបន់ Donbas ក៏​រួម​បញ្ចូល​ខេត្ត Donetsk ផងដែរ​ហើយ​បាន​ក្លាយ​ជា​គោលដៅ​ដ៏​សំខាន់​មួយ​សម្រាប់​រុស្ស៊ី​ ចាប់តាំង​ពី​រុស្ស៊ី​បង្វែរ​ការខំប្រឹងប្រែង​រុលទៅមុខ​ឆ្ពោះទៅ​កាន់​រដ្ឋធានី​កៀវ​កាល ពី២ខែ​មុន។

ការប្រយុទ្ធ​បាន​រីក​កាន់តែ​ធំ​ឡើង​នៅ​ក្នុង​ទីក្រុង Sievierodonetsk នៃ​ខេត្តLuhansk ជា​ទីកន្លែង​ដែល​កងទ័ព​រុស្ស៊ី​និង​អ៊ុយក្រែន​បាន​ពើបប្រយុទ្ធ​គ្នា​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ។

លោក Shoigu បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា កងទ័ព​រុស្ស៊ី​បាន​កាន់កាប់​តំបន់នានា​នៃ​ទីក្រុង ខណៈដែល​អភិបាល​ខេត្ត Luhansk លោក Serhiy Haidai បាន​និយាយ​ថា រុស្ស៊ី​បាន​ត្រួតត្រា​តំបន់​ជាយ​ក្រុង​ឧស្សាហកម្ម​មួយ​នេះ។

លោក Shoigu និយាយ​ថា កងទ័ព​រុស្ស៊ី​ក៏​បាន​រុលទៅ​មុខ​ឆ្ពោះ​ទៅកាន់​ទីប្រជុំជន Popasna ហើយ​លោក​បាន​និយាយ​ទៀត​ថា ពួកគេ​បាន​ត្រួតត្រា​ទីប្រជុំជន Lyman និង Sviatohirsk និង​ទីប្រជុំជន​១៥ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​នោះ។

លោក Shoigu បាន​ថ្លែង​ថា កងទ័ព​អ៊ុយក្រែន៦ពាន់៤រយ៨៩នាក់​ត្រូវ​បាន​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​ចាប់តាំងពី​កិច្ចប្រតិបត្តិការ​យោធា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែនកាល​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​មក រួម​ទាំង​ទាហាន​ចំនួន១២៦នាក់​ក្នុង​រយៈពេល៥ថ្ងៃ​កន្លង​មក​នេះ​ផង​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា សហរដ្ឋ​អាមេរិក​បាន​ចាប់ផ្តើម​ហ្វឹកហាត់​ទាហាន​អ៊ុយក្រែន​ឱ្យ​ចេះ​ប្រើ​ប្រព័ន្ធ​រ៉ុក្កែតដែល​ទំនើប​ជាង​មុនដែលត្រូវបាន​បញ្ជូន​ទៅឱ្យប្រទេស​អ៊ុយក្រែន​ដែល​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​ដែល​មាន​ទឹក​ប្រាក់៧០០លាន​ដុល្លារ​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​សប្តាហ៍​មុន៕

XS
SM
MD
LG