ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy មានគម្រោងថ្លែងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាអឺរ៉ុបនៅថ្ងៃចន្ទនេះនៅពេលដែលលោកខិតខំស្វែងរកជំនួយកាន់តែច្រើនឡើងពីអឺរ៉ុបនិងដាក់សម្ពាធលើប្រទេសរុស្ស៊ីឱ្យបញ្ចប់ការឈ្លានពានរបស់ខ្លួន។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានបញ្ជាក់នៅក្នុងលិខិតមួយច្បាប់មុនសម័យប្រជុំដែលមានរយៈពេល២ថ្ងៃថា អ៊ុយក្រែនកំពុងបង្ហាញ«ភាពអង់អាចក្លាហាននិងសេចក្តីថ្លៃថ្នូរមិនគួរឱ្យជឿនៅក្នុងការប្រឈមការឈ្លានពាននិងភាពព្រៃផ្សៃរបស់រុស្ស៊ី។
លោក Michel បាននិយាយថា៖ «ភាពបន្ទាន់បំផុតមួយក្នុងចំណោមភាពបន្ទាន់បំផុតនានារបស់យើង រួមជាមួយដៃគូអន្តរជាតិ គឺជួយអ៊ុយក្រែននូវអ្វីដែលខ្លួនត្រូវការជាបន្ទាន់។ យើង ក៏នឹងពិភាក្សាថា តើត្រូវរៀបចំការជួយការគាំទ្ររបស់យើងក្នុងការស្ថាបនាប្រទេសអ៊ុយក្រែនឡើងវិញយ៉ាងដូចម្តេចឱ្យបានល្អដែលជាកិច្ចខំប្រឹងប្រែងសាកលដ៏សំខាន់មួយដែលនឹងត្រូវកសាងប្រទេសនេះឡើងវិញ»។
លោក Michel មានប្រសាសន៍ទៀតថា ជំនួបនោះនឹងរួមបញ្ចូលទាំងសុន្ទរកថាស្តីពីការឡើងថ្លៃប្រេងឥន្ធនៈដែលជាប់ទាក់ទិននឹងជម្លោះហើយនឹងតម្រូវការដើម្បី«បង្កើនអន្តរកាលនៃថាមពលរបស់យើង»ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈរបស់រុស្ស៊ី និងពិភាក្សាវិធីនានាដើម្បីដោះស្រាយបញ្ហានៃសន្តិសុខម្ហូបអាហារ និងតម្លៃទំនិញឡើងថ្លៃ ផងដែរ។
ក្នុងពេលជាមួយគ្នានេះដែរ ដោយកងទ័ពរុស្ស៊ីកំពុងធ្វើការវាយប្រហារយ៉ាងខ្លាំងលើទីក្រុង Sievierodonetsk ដែលជាទីក្រុងគ្រប់គ្រងចុងក្រោយដោយអ៊ុយក្រែន នៅក្នុងតំបន់ Luhansk
នោះ លោកZelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូកាលពីយប់ថ្ងៃអាទិត្យថា ការកាន់កាប់ទីក្រុងនោះ«ជាភារៈកិច្ចដ៏សំខាន់មួយសម្រាប់ពួកឈ្លានពាន»ហើយគឺថា អ៊ុយក្រែននឹងធ្វើអ្វីៗទាំងអស់ដែលខ្លួនអាចដើម្បីទប់ទល់នឹងការរុលទៅមុខរបស់កងទ័ពរុស្ស៊ី។
លោកZelenskyyបាននិយាយទៀតថា ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យខូចខាតអាគារនៅក្នុងទីក្រុងSievierodonetsk ចំនួន៩០ភាគរយ កាត់ផ្តាច់ប្រព័ន្ធទូរគមនាគមន៍និងបំផ្លាញផ្ទះសម្បែងរបស់ទីក្រុងនេះអស់ជាង២ភាគ៣។
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់ទូរទស្សន៍បារាំង FT1 កាលពីថ្ងៃអាទិត្យថា«អាទិភាពដែលគ្មានលក្ខខណ្ឌរបស់រុស្ស៊ី គឺការរំដោះតំបន់ Donetsk និង Luhansk»។ លោកបាននិយាយទៀតថា រុស្ស៊ីចាត់ទុកតំបន់ទាំង២នោះជា«រដ្ឋឯករាជ្យ»៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន AFPនិងទីភ្នាក់ងារព័ត៌មាន Reuters។