ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ថា អ៊ុយក្រែននឹងបង្កើនផលិតកម្មសព្វាវុធរបស់ខ្លួន


រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zenlenskyy ថ្លែអនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅ​រដ្ឋធានីរីហ្គា ប្រទេសឡេតូនី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zenlenskyy ថ្លែអនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅ​រដ្ឋធានីរីហ្គា ប្រទេសឡេតូនី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

នៅមុន​កិច្ចប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ​របស់​ក្រុម​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​ផ្ដោត​លើ​ការ​គាំទ្រ​ផ្នែក​យោធា​ដល់​អ៊ុយក្រែន​សម្រាប់​ការ​ប្រយុទ្ធ​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា ប្រទេស​របស់​លោក​នឹង​ស្វះស្វែង​ដើម្បី​បង្កើន​ជា​អតិបរមា​នូវ​ផលិតកម្ម​សព្វាវុធ​របស់​ខ្លួន។

លោក Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា វា​គឺជា​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​របស់​អ៊ុយក្រែន​នៅ​ក្នុង​ការ​ពង្រីក​សក្ដានុពល​ផលិតកម្ម​របស់​ខ្លួន​ជា​រៀងរាល់​ឆ្នាំ។

ការ​លើកឡើង​របស់​លោក​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក Lindsey Graham ដែល​ធ្វើ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន នៅ​ចំ​ពេល​ដែល​ជំនួយ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ត្រូវបាន​ជាប់​គាំង​ដោយសារ​ការ​ខ្វែង​គំនិត​គ្នា​ផ្នែក​នយោបាយ​នៅ​ក្នុង​រដ្ឋសភា​អាមេរិក។

លោក Zelenskyy បាន​និយាយ​ថា លោក​និង​លោក Graham បាន​ពិភាក្សា​អំពី «សារៈសំខាន់​នៃ​ជ័យជម្នះ​ផ្នែក​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​សង្គ្រាម​នេះ​នា​ពេល​បច្ចុប្បន្ននៅ​អ៊ុយក្រែន ដោយសារតែ​បើ​មិន​ដូច្នេះ​ទេ ភាព​គឃ្លើន​ឈ្លានពាន​របស់​រុស្ស៊ី​និង​ភាព​ចលាចល​នឹង​រីក​រាលដាល​នៅ​ទូទាំង​ពិភពលោក»។

លោក Zelenskyy បាន​បញ្ជាក់​ថា យោធា​អ៊ុយក្រែន​ត្រូវការ​កាំភ្លើង​ធំ យន្តហោះ​ចម្បាំង F-16 មីស៊ីល Patriot និង​ប្រព័ន្ធ​មីស៊ីល​យុទ្ធវិធី​យោធា (ATACMS)។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ស្នើ​ជំនួយ​ថ្មី​សម្រាប់​អ៊ុយក្រែន​ចំនួន ៦០ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​កញ្ចប់​ថវិកា​សន្តិសុខ​ដែល​ព្រឹទ្ធសភា​អាមេរិក​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បាន​អនុម័ត​រួចហើយ។ រដ្ឋសភា​អាមេរិក​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​មិន​ទាន់​បាន​ចាប់ផ្ដើម​បោះឆ្នោត​លើ​សំណើច្បាប់​នេះ​នៅឡើយទេ ដោយ​ប្រធាន​រដ្ឋសភា​លោក Mike Johnson បាន​ទទូច​ថា​កញ្ចប់​ថវិកា​សន្តិសុខ​នេះ​គួរ​មាន​បញ្ចូល​ថវិកា​សម្រាប់​សន្តិសុខ​ព្រំដែន​អាមេរិក​ផងដែរ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG