ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​រាយការណ៍​ពី​ការបាញ់​ទម្លាក់​ដ្រូន​១៥គ្រឿង​នៅ​ជិត​ព្រំដែន​អ៊ុយក្រែន


ទាហាន​រុស្ស៊ី​ម្នាក់ត្រូវបានមើលឃើញនៅអគារផ្ទះល្វែងដែលរងការខូចខាតបន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើទីក្រុង Belgorod ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
ទាហាន​រុស្ស៊ី​ម្នាក់ត្រូវបានមើលឃើញនៅអគារផ្ទះល្វែងដែលរងការខូចខាតបន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើទីក្រុង Belgorod ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​បាន​បំផ្លាញ​ដ្រូន​អ៊ុយក្រែន​ចំនួន១៥ គ្រឿង​និង​កាំជ្រួច​មីស៊ីល​៨​ដើម ​ខណៈដែល​ពួក​មន្ត្រី​នៅ​ក្នុង​តំបន់​រុស្ស៊ី​មួយ​នៅ​ជាប់​ព្រំដែន​អ៊ុយក្រែន​បាន​និយាយ​ថា​មនុស្ស​ម្នាក់​បាន​ត្រូវ​សម្លាប់​ហើយ​៧​នាក់​ផ្សេង​ទៀត​បាន​រងរបួស​ដោយ​ការវាយ​ប្រហារ​ដ្រូន​របស់​អ៊ុយក្រែន។

លោកVyacheslav Gladkov​អភិបាល​តំបន់​ Belgorod​បាន​និយាយ​ថា​ព័ត៌មាន​បថម​បាន​បង្ហាញ​ថា​បុរស​ម្នាក់​នោះ​ស្ថិត​នៅ​ក្នុង​រថយន្ត​មួយ​គ្រឿង​បាន​ត្រូវ​សម្លាប់​ខណៈដែល​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាន​រងរបួស។

លោកGladkovបាន​និយាយ​ថា​ដ្រូន​មួយ​គ្រឿង​ទៀតបាន​ធ្លាក់​ត្រូវ​ដើម​ឈើ ដោយ​រលក​នៃ​ការផ្ទុះ​នោះ​បាន​ធ្វើ​ឱ្យ​ខូច​ផ្ទះ​សម្បែង​២ខ្នង ​ក៏ប៉ុន្តែ​មិន​បាន​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ទេ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​ថា​ខ្លួន​បាន​បាញ់​ស្ទាក់​ដ្រូន​១២​គ្រឿង​ដែល​ហោះ​លើ​តំបន់ Belgorod​ហើយ​ដ្រូន​៣​គ្រឿង​ទៀត​បាន​ហោះ​លើ​តំបន់ ​ Kursk​នៃ​ភាគ​ខាង​លិច​ប្រទេស​រុស្ស៊ី។

ក្នុង​នៅ​ប្រទេស​អ៊ុយក្រែន លោកOleh Synehubov​អភិបាល​តំបន់ Kharkiv​ភាគ​ខាង​កើត​បាន​រាយការណ៍​ពី​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី។

លោកSynehubov​បាន​និយាយ​ថា​មិន​មាន​សេចក្តី​រាយការណ៍​ពី​មនុស្ស​ស្លាប់​ឬ​រងរបួស​ពី​ការវាយ​ប្រហារ​នោះ​ទេ។

ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​រដ្ឋាភិបាល​ក្រុង​មូស្គូ​ប្រុងប្រៀប​ប្រើប្រាស់​អាវុធ​នុយក្លែអ៊ែរ ​ប្រសិនបើ​អធិបតេយ្យភាព​ឬ​ឯករាជ្យភាព​របស់​ខ្លួន​ត្រូវ​បាន​គំរាម​កំហែង ​ដោយ​បាន​ព្រមាន​សហរដ្ឋ​អាមេរិក​ជា​ថ្មី​ម្តង​ទៀត​ថា ប្រសិនបើ ​អាមេរិក​បញ្ជូន​ទាហាន​ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ការណ៍​នេះ​នឹង​ត្រូវ​ចាត់ទុក​ជា​ការរាលដាល​យ៉ាង​ធំ​មួយ​នៃ​ជម្លោះ​នេះ៕

អ្នក​ស្រី Patsy Widakuswaraអ្នក​យកព័ត៌មាន​របស់​វីអូអេ​ប្រចាំ​សេតវិមាន​រាយការណ៍​រឿង​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់ពី​ទីភ្នាក់ងារ​សារព័ត៌មាន AFPនិង Reuters។

XS
SM
MD
LG