ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែនថាខ្លួនបាញ់ទម្លាក់ដ្រូនរុស្ស៊ី ១៧ គ្រឿងក្នុងចំណោម ២២ គ្រឿង


ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញដោយសារ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ភូមិ Kamenka ក្នុងតំបន់ Kharkiv នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។
ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញដោយសារ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ភូមិ Kamenka ក្នុងតំបន់ Kharkiv នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។

យោធា​អ៊ុយក្រែន​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន ១៧ គ្រឿង​ក្នុង​ចំណោម ២២ គ្រឿង​ដែល​រុស្ស៊ី​បាន​បាញ់​នៅ​ក្នុង​ការវាយ​ប្រហារ​កាលពី​យប់មិញ​សំដៅ​លើ​តំបន់​នានា​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន។

កងទ័ព​អ៊ុយក្រែន​បាន​បញ្ជាក់​ថា រុស្ស៊ី​ក៏​បាន​ប្រើ​មីស៊ីល ៥ គ្រាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​ខ្លួន​សំដៅ​លើ​តំបន់ Kharkiv ស្ថិត​នៅតាម​បណ្ដោយ​ព្រំដែន​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី និង​មីស៊ីល ២ គ្រាប់​ទៀត​សំដៅ​លើ​តំបន់ Sumy ដែល​នៅ​ក្បែរ​នោះ​ផងដែរ។

ដ្រូន​ដែល​រុស្ស៊ី​បាញ់​មក​គឺ​មាន​គ្រប់​កន្លែង​ទាំងអស់​ដោយ​យោធា​អ៊ុយក្រែន​បាន​និយាយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន ១៧ គ្រឿង​នោះ​នៅ​លើ​តំបន់​រដ្ឋធានី​កៀវ តំបន់ Poltava, Khmelnytskyi, Cherkasy, Kirovolhrad, Dnipropetrovsk, Vinnytsia, Zaporizhzhya និង​តំបន់ Rivne។

លោក Serhiy Lysak អភិបាល​តំបន់ Dnipropetrovsk បាន​រាយការណ៍​ថា​កម្ទេចកំទី​បាក់បែក​របស់​ដ្រូន​បាន​ធ្លាក់​ចំ​ដំបូល​អគារ​លំនៅដ្ឋានមួយ​ខ្នង​និង​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ។

ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី​នេះ​ក៏​បាន​បំផ្លាញ​អគារ​លំនៅដ្ឋាន​និង​អគារ​ឧស្សាហកម្ម​នានា​នៅ​ក្នុង​តំបន់ Kirovohrad ផងដែរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អភិបាល​តំបន់​នេះ​លោក Andriy Raykovych។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា កងទ័ព​របស់​លោក​មាន​ប្រៀប​ជាង​នៅ​ក្នុង​សមរភូមិ​នៅ​អ៊ុយក្រែន និង​ថា​វា​អាច​ចាំបាច់​សម្រាប់​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​ការ​បង្កើត​តំបន់​ទ្រនាប់​នៅ​ផ្នែក​ខាង​អ៊ុយក្រែន​នៃ​ព្រំដែន​ដើម្បី​បង្ការ​ការ​វាយ​ប្រហារ​លើ​ទឹកដី​រុស្ស៊ី។

លោក Putin បាន​លើកឡើង​ដូច្នេះ នៅ​ក្រោយ​ពេល​ដែល​អ៊ុយក្រែន​បាន​ប្រើ​ដ្រូន​វាយ​ប្រហារ​ថ្មី​ចុងក្រោយ​បង្អស់​លើ​រោងចក្រ​ចម្រាញ់​ប្រេង​របស់​រុស្ស៊ី និង​បន្ទាប់ពី​លោក Putin បាន​ឈ្នះ​ការ​បោះឆ្នោត​មួយ​អាណត្តិ​ទៀត​ដែល​មាន​រយៈពេល ៦ ឆ្នាំ ដែល​អន្តរជាតិ​មិន​ទទួលស្គាល់៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG