ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានរិះគន់ដោយប្រយោលលើការលើកឡើងកាលពីពេលថ្មីៗនេះរបស់សម្ដេចប៉ាប Francis ដែលថា អ៊ុយក្រែនគួរតែ «មានសេចក្ដីក្លាហានក្នុងការលើកទង់ជ័យស» ដែលមានន័យថា អ៊ុយក្រែនគួរតែចរចាជាមួយនឹងរុស្ស៊ីក្រោយពេលដែលរុស្ស៊ីបានឈ្លានពានជាង២ឆ្នាំកន្លងមកនេះ។
នៅក្នុងការថ្លែងសុន្ទរកថាកាលពីយប់ថ្ងៃអាទិត្យ លោក Zelenskyy បានអរគុណថ្នាក់ដឹកនាំសាសនាអ៊ុយក្រែនដែលនៅសមរភូមិមុខ «ការពារជីវិតនិងមនុស្សជាតិ» និងអ្នកដែលបង្ហាញការគាំទ្រតាមរយៈការ«បន់ស្រន់ ការសន្ទនា និងអំពើល្អ»។
លោកបាននិយាយថា៖ «នេះជាអ្វីដែលវិហារគ្រិស្ដសាសនាគួរធ្វើដោយរួមសុខរួមទុក្ខជាមួយនឹងប្រជាពលរដ្ឋ។ មិនមែនស្ថិតនៅចម្ងាយ ២.៥០០ គីឡូម៉ែត្រឆ្ងាយពីទីនេះ ហើយចង់អធិដ្ឋានពីចម្ងាយឲ្យអ្នកដែលចង់មានដង្ហើមបន្តរស់នៅនិងអ្នកដែលចង់បំផ្លាញគេនោះទេ»។ ការថ្លែងរបស់លោក Zelenskyy នេះគឺចង់សំដៅលើការលើកឡើងរបស់សម្ដេចប៉ាប Francis ក្នុងអំឡុងកិច្ចសម្ភាសន៍មួយជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ RSI របស់ស្វីស។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ក៏បានរិះគន់ផងដែរលើការលើកឡើងរបស់សម្ដេចប៉ាប Francis នេះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញ ដោយបាននិយាយថា «ទង់ជាតិរបស់យើងគឺពណ៌លឿងនិងខៀវ។ នេះគឺជាទង់ជាតិដែលយើងនឹងស្លាប់រស់ជាមួយ។ យើងនឹងមិនលើកទង់ណាមួយផ្សេងទៀតទេ»។ លោកបានសច្ចាថានឹងមិនចុះចាញ់ជាដាច់ខាត។
លោក Kuleba បានស្នើឱ្យសម្ដេចប៉ាប Francis ឈរ «នៅជ្រុងល្អ» និងមិនត្រូវចាត់ទុកភាគីម្ខាងទៀតថា «មានឋានៈស្មើគ្នានិងហៅការធ្វើដូច្នេះថាជាការចរចានោះទេ»។
លោកក៏បានអរគុណផងដែរដល់សម្ដេចប៉ាប Francis សម្រាប់«ការបន់ស្រន់ជាបន្តដើម្បីសន្តិភាព» និងបាននិយាយថា អ៊ុយក្រែនសង្ឃឹមថាព្រះអង្គនឹងធ្វើព្រះរាជទស្សនកិច្ចទៅអ៊ុយក្រែន។
អ្នកនាំពាក្យវិមានវ៉ាទីកង់លោក Matteo Bruni បានឆ្លើយតបចំពោះការរិះគន់នេះដោយនិយាយថា សម្ដេចប៉ាប Francis បានជំរុញឱ្យមាន «ការបញ្ឈប់អរិភាព [និង] ឱ្យមានកិច្ចព្រមព្រៀងសន្តិភាពមួយដែលសម្រេចឡើងតាមរយៈភាពក្លាហាននិងការចរចា» ជាជាងការចុះចាញ់ទាំងស្រុងរបស់អ៊ុយក្រែន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters, AP និង AFP។
វេទិកាបញ្ចេញមតិ