ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​បាញ់​ទម្លាក់​ដ្រូន ១៨ គ្រឿង​និង​បាញ់​ចំ​នាវា​ល្បាត​មួយ​គ្រឿង​របស់​រុស្ស៊ី


ទាហាន​អ៊ុយក្រែន​ម្នាក់បាញ់កាំជ្រួច​ផ្លោង​នៅ​ទីក្រុង Bakhmut​ ប្រទេស​អ៊ុយក្រែន​កាលពីថ្ងៃទី​០៥
មីនា ឆ្នាំ២០២៤។
ទាហាន​អ៊ុយក្រែន​ម្នាក់បាញ់កាំជ្រួច​ផ្លោង​នៅ​ទីក្រុង Bakhmut​ ប្រទេស​អ៊ុយក្រែន​កាលពីថ្ងៃទី​០៥ មីនា ឆ្នាំ២០២៤។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បំផ្លាញ​ដ្រូន ១៨ គ្រឿង​ដែល​រុស្ស៊ី​បាន​បាញ់​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន​កាលពី​យប់មិញ រី​ឯ​កងទ័ព​ជើង​ទឹក​អ៊ុយក្រែន​វិញ​បាន​ប្រើ​ដ្រូនសមុទ្រវាយ​ប្រហារ​លើ​នាវា​ល្បាត​របស់​យោធា​រុស្ស៊ី​មួយ​គ្រឿង​នៅ​ជិត​ឧបទ្វីប​គ្រីមា (Crimea)។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​យោធា​របស់​អ៊ុយក្រែន​បាន​កំណត់​អត្តសញ្ញាណ​នាវា​រុស្ស៊ី​នោះ​ថា​នាវា Sergey Kotov និង​បាន​បញ្ជាក់​ថា ដ្រូន​របស់​អ៊ុយក្រែន​បាន​បាញ់​ចំ​នាវា​នោះ​នៅ​ជិត​ច្រក​សមុទ្រ Kerch ដោយ​បណ្ដាល​ឱ្យ​មាន «ការ​ខូចខាត​ផ្នែក​ខាង​ក្រោយ ខាង​ស្ដាំ និង​ខាង​ឆ្វេង»។
ការ​វាយ​ប្រហារ​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ថ្មី​ចុងក្រោយ​បង្អស់​របស់​អ៊ុយក្រែន​លើ​កង​នាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី។

កងទ័ព​អ៊ុយក្រែន​បាន​រាយការណ៍​ថា រុស្ស៊ី​បាន​ប្រើ​ដ្រូន​សរុប​ចំនួន ២២ គ្រឿង​កាលពី​យប់មិញ ដោយ​ដ្រូន ១៨ គ្រឿង​ត្រូវ​បាន​បាញ់​កម្ទេច​នៅ​តំបន់ Odesa។

អភិបាល​តំបន់ Odesa លោក Oleh Kiper បាន​និយាយ​ថា​មិន​មាន​នរណា​ម្នាក់​រងគ្រោះ​នៅ​ក្នុង​ហេតុការណ៍​នេះ​ទេ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា មន្ត្រី​អ៊ុយក្រែន​ដឹង​អំពី «ផែនការ​បន្ទាប់» របស់​រុស្ស៊ី និង​ថា​អ៊ុយក្រែន «នឹង​ទប់ទល់​តបត​ទៅ​វិញ»។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ផងដែរ រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​លោក Rustem Umerov បាន​ពិភាក្សា​អំពី​ស្ថានការណ៍​នៅ​សមរភូមិ​តាម​ទូរសព្ទ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin។

ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា លោក Austin បាន​បញ្ជាក់​ជាថ្មី​អំពី​ការ​គាំទ្រ​ជា​បន្ត​របស់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​ដែល​បាន​រួម​ចំណែក​គាំទ្រ​ចំពោះ​យោធា​អ៊ុយក្រែន។ លោក Austin និង​លោក Umerov ក៏​បាន​ព្រមព្រៀង​ផងដែរ​លើ «តម្រូវការ​បន្ទាន់» សម្រាប់​សភា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការអនុម័តកញ្ចប់​ជំនួយ​សន្តិសុខ​ថ្មី​សម្រាប់​អ៊ុយក្រែន។

លោក Dmitry Medvedev ដែល​ជា​អនុ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី​និង​ជា​សម្ព័ន្ធមិត្ត​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អ៊ុយក្រែន​គឺ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​និង​ថា​ផ្នែក​ជា​ប្រវត្តិសាស្ត្រ​របស់​រុស្ស៊ី​នេះ​ចាំបាច់​ត្រូវតែ «ក្លាយជា​របស់​រុស្ស៊ី​វិញ»៕


ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters, AP និង​ AFP។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG