ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​អះអាង​ថា​បាន​បំផ្ទុះ​ស្ពាន​ផ្លូវ​រថភ្លើង​​មួយ​កន្លែង​របស់​រុស្ស៊ី


ទាហាន​អ៊ុយក្រែន​បាញ់កាំភ្លើង​ទៅ​កាន់​ទ័ព​រុស្ស៊ី​នៅ​តំបន់ Donetsk region ប្រទេស​អ៊ុយក្រែនកាលពីថ្ងៃទី​០៣ មីនា ឆ្នាំ២០២៤។
ទាហាន​អ៊ុយក្រែន​បាញ់កាំភ្លើង​ទៅ​កាន់​ទ័ព​រុស្ស៊ី​នៅ​តំបន់ Donetsk region ប្រទេស​អ៊ុយក្រែនកាលពីថ្ងៃទី​០៣ មីនា ឆ្នាំ២០២៤។

យោធាអ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​បាន​បំផ្ទុះ​ស្ពាន​ផ្លូវ​រថភ្លើងមួយ​កន្លែង​នៅ​ក្នុង​តំបន់ Samara នៅ​ភាគ​និរតី​ប្រទេស​រុស្ស៊ី។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អ៊ុយក្រែន​បាន​លើកឡើង​ថា ការ​វាយ​ប្រហារ​នេះ​បាន​សំដៅ​លើ​ជើង​សសរ​ស្ពាន​នោះ​ដែល​ឆ្លងកាត់​ពី​លើ​ទន្លេ Chapaevka។

ទីភ្នាក់ងារ​នេះ​បាន​បន្ថែម​ថា រុស្ស៊ី​បាន​ប្រើ​ស្ពាន​នេះ​ដើម្បី​ដឹក​ជញ្ជូន​សម្ភារៈយោធា។

ស្ថានីយ​អយស្ម័យយាន​រុស្ស៊ី​បាន​រាយការណ៍​អំពី​ឧបត្តិហេតុ​នេះ​នៅ​ក្នុង​តំបន់ Samara ដោយ​បាន​បញ្ជាក់​ថា​មិន​មាន​អ្នក​រងគ្រោះ​នៅ​ក្នុង​ហេតុការណ៍​នេះ​ទេ ប៉ុន្តែ​សេវា​រថភ្លើង​ត្រូវបាន​ផ្អាក​នៅ​ក្នុង​តំបន់​នោះ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​អំពាវនាវ​កាលពី​ថ្ងៃ​អាទិត្យ​ទៅកាន់​បណ្ដា​បស្ចិម​ប្រទេស​ឱ្យ​ផ្គត់ផ្គង់​ជំនួយ​ដែល​បាន​ពន្យារពេល​កន្លង​មក​ដល់​អ៊ុយក្រែន។ អ៊ុយក្រែន​កំពុង​ការពារ​ខ្លួន​ពី​ការ​វាយ​ប្រហារ​ខ្លាំងក្លា​ពី​រុស្ស៊ី ទោះបីជា​ខ្វះខាតគ្រាប់​រំសេវ​ក៏ដោយ។

សំឡេង​ធ្ងន់ៗ​របស់​លោក Zelenskyy នៅ​ក្នុង​សុន្ទរកថា​របស់​លោក​បាន​បង្ហាញ​អំពី​ការ​ខកចិត្ត​របស់​លោក នៅ​ពេល​ដែល​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ទីក្រុង Odesa ដែល​ជា​ទីក្រុង​កំពង់ផែ​របស់​អ៊ុយក្រែន បាន​កើន​ដល់ ១២ នាក់ ដែល​ក្នុង​នោះ​មាន​កុមារ ៥ នាក់​ផងដែរ កាលពី​ថ្ងៃ​អាទិត្យ បន្ទាប់ពី​រុស្ស៊ី​បាន​បាញ់​ដ្រូន​ចំ​អគារ​ស្នាក់នៅ​មួយ​កន្លែង​នៅ​ទីនោះ​កាលពី​ថ្ងៃ​សៅរ៍។

អភិបាល​ក្រុង Odesa លោក Oleh Kiper បាន​បញ្ជាក់​តាម Telegram ថា ក្រុម​ជួយ​សង្គ្រោះ​ដែល​ធ្វើការ​ពេល​យប់​បាន​រក​ឃើញ​សាកសព​បន្ថែម​ទៀត។ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ក្រុម​រុករក​ជន​រងគ្រោះ​បាន​ទាញ​សាកសព​ស្ត្រី​ម្នាក់​និង​ទារក​ម្នាក់​ចេញ​ពី​គំនរ​បាក់បែក។

គិត​មក​ទល់​នឹង​ពេល​នេះ​គឺ​មាន​រយៈពេល​ជាង ២ ខែ​មក​ហើយ​តាំងពី​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​ជំនួយ​យោធា​ចុងក្រោយ​ទៅ​ឱ្យ​អ៊ុយក្រែន។ នៅ​សហរដ្ឋ​អាមេរិក មន្ត្រី​នានា​បាន​ចាត់ទុក​កង្វះ​សព្វាវុធ​និង​គ្រាប់​រំសេវ​នៅ​អ៊ុយក្រែន​និង​ការ​ឈប់​បញ្ជូន​គ្រឿង​ផ្គត់ផ្គង់​របស់​អាមេរិក​ទៅ​អ៊ុយក្រែន​ថា​ជា​រឿង​កាន់តែ​គួរ​ឱ្យ​ព្រួយ​បារម្ភ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ AFP។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG