ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ប្រកាស​ពី​ការរុះរើ​គណៈរដ្ឋមន្ត្រី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ


រូបឯកសារ៖ រដ្ឋមន្ត្រីការពារ​ជាតិ​អ៊ុយក្រែន​លោក Oleksii Reznikov ដែល​នឹង​ត្រូវ​ដក​ចេញ​ពី​តំណែង។
រូបឯកសារ៖ រដ្ឋមន្ត្រីការពារ​ជាតិ​អ៊ុយក្រែន​លោក Oleksii Reznikov ដែល​នឹង​ត្រូវ​ដក​ចេញ​ពី​តំណែង។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ប្រកាស​ថា​ លោកនឹងប្តូរ​រដ្ឋមន្ត្រី​ការពារ​ជាតិ ដោយ​ដាក់​លោក Rustem Umerov អាយុ​៤១​ឆ្នាំដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទទួល​ខុសត្រូវ​ថវិកា​ឯកជនភាវូបនីយកម្ម​របស់​អ៊ុយក្រែន ឱ្យ​ជំនួស​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក Oleksii Reznikov។

ការប្រកាស​របស់​លោកZelenskyyក្នុង​អំឡុង​នៃ​ការថ្លែង​សុន្ទរកថា​តាម​វីដេអូ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​របស់​លោក​ជា​ការ​បញ្ជូន​សញ្ញា​នៃ​ការ​រុះរើ​កាន់តែ​ធំឡើង​នៃ​ស្ថាប័ន​ការពារ​ប្រទេស​ក្នុង​សម័យ​សង្គ្រាម​របស់​អ៊ុយក្រែន។

លោក Zelenskyy បាន​និយាយ​ថា៖ «ខ្ញុំ​បាន​សម្រេច​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​អ៊ុយក្រែន។ លោក Oleksii Reznikov បាន​ឆ្លង​កាត់​សង្គ្រាម​ដ៏​ពេញទី​ក្នុង​រយៈពេល​ជាង ៥៥០ថ្ងៃ។ ខ្ញុំ​ជឿ​ថា​ក្រសួង​នេះ​ត្រូវការ​វិធី​ដោះស្រាយនិង​របៀប​ថ្មី​ផ្សេង​ទៀតដែល​ទាក់ទិន​ជាមួយ​យោធា​និង​សង្គម​ទាំង​មូល»។

លោក Rustem Umerov ដែល​នឹង​ត្រូវ​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​ជំនួស​លោក Oleksii Reznikov។
លោក Rustem Umerov ដែល​នឹង​ត្រូវ​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​ជំនួស​លោក Oleksii Reznikov។

លោក Reznikov បាន​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​រក​បានជំនួយ​យោធា​របស់​ប្រទេស​លោក​ខាង​លិច​ដែល​មាន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​កិច្ច​ប្រឹង​ប្រែង​សង្គ្រាម​នេះ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ក្នុង​អំឡុង​ពេល​នៃ​ការតែងតាំង​របស់​លោក ក្រសួង​ការពារ​ជាតិ​បាន​ប្រឡាក់ប្រឡូស​ដោយការ​ចោទប្រកាន់​ពុករលួយ​ដែល​លោក Reznikov បាន​ពណ៌នា​ថា ​ជា​ការបង្ខូច​កេរ្តិ៍​ឈ្មោះ។

ការ​តែងតាំង​លោក Umerov ដែល​ជា​ជនជាតិ​ភាគ​តិច Tatar នៃ​តំបន់ Crimea និង​ជា​អតីត​សមាជិក​សភា ត្រូវតែ​មាន​ការ​យល់ព្រម​ពី​សភា។

កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន លោក Ihor Kolomoisky ដែល​ជា​បុរស​មាន​ទ្រព្យសម្បត្តិច្រើន​ជាង​គេ​នៅ​អ៊ុយក្រែន ​បាន​ត្រូវនាំ​ខ្លួន​ទៅ​ឃុំឃាំង​លើ​បទ​សង្ស័យ​ពី​ការលួច​បន្លំ​និង​លាង​លុយ​កខ្វក់៕

XS
SM
MD
LG