ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ុយក្រែន​លោក Zelenskiy បំពេញ​ទស្សនកិច្ច​នៅ​សេតវិមាន​ដើម្បី​ចរចា​អំពី​សន្តិសុខ​និង​ថាមពល


រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy ចូលរួម​ទស្សនា​ពិធី​ដើរ​ដង្ហែ​ក្បួន​យោធា​​ក្នុង​ទិវា​ឯករាជ្យអ៊ុយក្រែន នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។​

ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន​លោក Volodymyr Zelenskiy ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សេតវិមាន​នៅ​ថ្ងៃ​ពុធ​ដើម្បី​ចរចា​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​នេះជា​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​បានគ្រោង​ធ្វើ​អស់​រយៈ​ពេល​២ឆ្នាំ​កន្លង​ទៅ ​ហើយ​បាន​ពន្យារពេល​មួយ​ថ្ងៃ​ដោយ​សារ​ការ​ប្រជុំ​ពិគ្រោះយោបល់​ស្តីពីព្រឹត្តិការណ៍​នានា​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋបាលសហរដ្ឋ​អាមេរិក​បាន​និយាយ​ថា សារ​នៅ​ពី​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​នោះ​គឺ​ការ​តាំងចិត្ត​របស់«សហរដ្ឋ​អាមេរិក»ដល់​អធិបតេយ្យភាព បូរណភាព​ទឹក ដី​អ៊ុយក្រែន ​និង​ស្មារតី​អឺរ៉ុប​និង​មហាសមុទ្រ​អាត្លង់ទិក​។

ក្រុម​មន្ត្រី​នោះ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា របៀបវារៈ​នោះ រួមមាន​បញ្ហា​សន្តិសុខ ថាមពល ​និង​គោលនយោបាយ​បរិស្ថាន ​និង​ការខំប្រឹងប្រែង​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ក្រុម​មន្ត្រី​នោះ ក៏បាន​និយាយផង​ដែរ​ថា ភាគី​ទាំង២ នឹង​ប្រកាស​កិច្ចព្រមព្រៀង​ជាច្រើន រួម មាន​ការ​ជួយ​ឧបត្ថម្ភ​ខាង​សន្តិសុខ​សម្រាប់​ប្រទេស​អ៊ុយក្រែន ជំនួយ​មនុស្សធម៌​សម្រាប់​អ្នក​ដែល«រង​ផលប៉ះពាល់​ដោយ​វិបត្តិ​ជាមួយ​រុស្ស៊ី​នៅ​ក្នុង​តំបន់​ខាង​កើត» និង​ជំនួយ​ប្រឆាំង​វីរុស​កូរ៉ូណា។

ក្នុង​អំឡុង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី Donald Trump អ្នក​តំណាង​លោក Trump បាន​ដាក់​ការ​គាបសង្កត់​លើ​ប្រទេស​អ៊ុយក្រែន ​ឲ្យ​បើក​ការស៊ើបអង្កេត​សកម្មភាព​នានា​ដែល​ទាក់ ទិន​នឹង​កូនប្រុស​របស់​លោក Joe Biden ដែល​កាលនោះ​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក។

ឧបទ្ទវហេតុ​នេះ​បាន​នាំ​ឲ្យ​មាន​ការប្តឹង​ចោទប្រកាន់​ប្រធានាធិបតី Trump លើក​ទីមួយ​ដោយ​រដ្ឋសភា​និង​មាន​ការប៉ះពាល់​ទំនាក់ទំនង​ខាង​នយោបាយ​ជាមួយ​អ៊ុយក្រែន។

ពួក​អ្នក​វិភាគ​នយោបាយ និយាយ​ថា ​ទាំង​បញ្ហា​ប្រឈមនិង​ឱកាស​ នឹង​កើតមាន​ឡើង​នៅ​ក្នុង​ជំនួប​រវាង​លោក​ប្រធានាធិបតី Biden និង​លោក Zelenskiy នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក Oksana Markarova ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​អំពី​ដំណើរ​ទស្សនកិច្ច​នេះ ដោយ​និយាយ​ថា ដំណើរ​ទស្សនកិច្ច​នេះ​បញ្ជូន​សារ​ដ៏​មាន​សារៈសំខាន់​មួយអំពី​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អ៊ុយក្រែន៕

XS
SM
MD
LG