ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​និង​សហរដ្ឋ​អាមេរិក​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​សមុទ្រ​ខ្មៅ​ ក្រោយ​ឧបទ្ទវហេតុ​នាវា​ចម្បាំង​អង់គ្លេស


នាវា​ពិឃាដ HMS របស់​អង់គ្លេស បាន​មក​ដល់​កំពង់ផែ Batumi នៅ​ប្រទេស​ Georgia ថ្ងៃ​សៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។
នាវា​ពិឃាដ HMS របស់​អង់គ្លេស បាន​មក​ដល់​កំពង់ផែ Batumi នៅ​ប្រទេស​ Georgia ថ្ងៃ​សៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។

ប្រទេស​អ៊ុយក្រែន​ និង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​មួយនៅ​ក្នុង​សមុទ្រ​ខ្មៅ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដើម្បី​បង្ហាញកិច្ច​សហ​ប្រតិបត្តិការ​រវាងរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ទីក្រុង​កៀវ ខណៈ​ដែលប្រទេស​អ៊ុយក្រែន​កំពុង​ប្រឈម​ជា​មួយ​ប្រទេស​រុស្សី។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សមយុទ្ធ​យោធា​នេះ​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​នាវា​ចម្បាំង​របស់​កង​ទ័ព​ជើង​ទឹក​អង់គ្លេស​ បាន​ឆ្លង​កាត់​ជិត​តំបន់​គ្រីមមៀ(Crimea)ដែល​ជា​តំបន់​រណបមួយ​របស់​រុស្សីក្នុង​សមុទ្រ​ខ្មៅ​នោះ​ ដោយ​រដ្ឋាភិបាល​ទី​ក្រុង​មូស្គូ​និយាយ​ថា​ ខ្លួន​បាន​បាញ់​គ្រាប់​ព្រមានលើ​នាវា​ចម្បាំង​អង់គ្លេស​នោះ​ឲ្យ​ចាក​ចេញ​ពី​តំបន់​នេះ។ ​

សមយុទ្ធ​យោធា​អាមេរិក​និង​អ៊ុយក្រែន​ក្នុង​តំបន់​សមុទ្រ​ខ្មៅ​នេះ​ បាន​កើត​មាន​ឡើង​ចំនួន​២១​លើក​រួច​មក​ហើយ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧​មក​ ​ដោយ​នៅ​ពេល​នេះ​មាន​បុគ្គលិក​យោធាចូល​រួម​ប្រមាណ​៥.០០០​នាក់​មក​ពី​ប្រទេសចំនួនជាង​៣០។

សមយុទ្ធ​យោធា​នេះ​មាន​រយៈពេល២​សប្តាហ៍ និង​មាន​នាវា​ចម្បាំង​ចូលរួម​ប្រមាណ​៣០គ្រឿង​ដែលក្នុង​នោះ​ក៏​រួម​មាន​នាវា USS Ross ដែល​បំពាក់​ទៅ​ដោយ​កាំជ្រួច​មីស៊ីល​ផង​ដែរ។

មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក​អ៊ុយក្រែន​លោក Oleksiy Neizhpapaបាន​និយាយក្នុង​ពិធី​បើក​សមយុទ្ធ​យោធា​ក្នុង​ទី​ក្រុង​កំពង់​ផែ Odessa នៃ​ប្រទេស​អ៊ុយក្រែន​ថា សមយុទ្ធ​នេះ​នឹងផ្ញើ«សារ​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​ការ​ថែរក្សា​ស្ថិរភាព និង​សន្តិភាព​នៅ​ក្នុង​តំបន់​របស់​យើង»។

ប្រទេស​រុស្សី​បាន​និយាយ​ថា ខ្លួន​បាន​បាញ់​គ្រាប់​ព្រមាន​ទៅ​លើ​នាវា​ចម្បាំង​អង់គ្លេស​កាល​ពី​ថ្ងៃ​ពុធសប្តាហ៍​មុន​ ដោយ​សារ​តែ​នាវាចម្បាំង​នេះ​បាន​រំលោភ​ទៅ​លើអធិបតេយ្យ​ភាព​ដែន​ទឹក​របស់​ខ្លួន។

ដោយ​ឡែក​ប្រទេស​អង់គ្លេស​វិញ​លើក​ឡើង​ថា «នាវា​ចម្បាំង​របស់​ខ្លួន​បាន​ឆ្លង​កាត់​តំបន់អធិបតេយ្យ ភាព​ដែន​ទឹក​ប្រទេស​អ៊ុយក្រែន​ដោយ​ស្រប​ទៅ​តាមច្បាប់អន្តរជាតិ»។

ប្រទេស​រុស្សី​បាន​ដាក់​តំបន់​គ្រីមមៀ ​ដែលធ្លាប់ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អ៊ុយក្រែន​ មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​វិញ​ក្នុង​ឆ្នាំ​២០១៤​ ហើយ​បាន​អះ​អាង​ថា ដែន​ទឹកជុំវិញ​តំបន់​នោះ​ ជា​ផ្នែក​មួយ​នៃអធិបតេយ្យភាព​របស់​ខ្លួន។ ប្រទេស​ជា​ច្រើន​មិន​បាន​ទទួល​ស្គាល់​ការគ្រប់​គ្រង​របស់​រុស្សី​នៅ​ក្នុង​តំបន់​នោះ​ទេ ហើយបាន​គាំទ្រ​ការទាម​ទារ​របស់​អ៊ុយក្រែនលើ​អធិបតេយ្យ​ភាព​ដែន​ទឹកក្នុង​តំបន់​នោះ​ផង​ដែរ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ជម្លោះ​ជា​មួយ​ប្រ ទេស​រុស្សី​ ជុំវិញ​បញ្ហា​តំបន់​គ្រីមមៀ​ និង​តំបន់​បំបែក​ខ្លួន​ភាគ​ខាង​កើត​អ៊ុយក្រែន​ ដែល​គាំទ្រ​រុស្សី​នោះ៕

XS
SM
MD
LG