ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​បញ្ជាក់​ថា​ តំបន់​គ្រីមៀ​ជា​របស់​ប្រទេស​អ៊ុយក្រែន


រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថ្លែងនៅក្នុងកិច្ចប្រជុំមួយ នៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

មួយ​ថ្ងៃ​មុន​ខួប​ទី ៧ ​នៃ​ការលុកលុយ​របស់​រុស្ស៊ី​និង​ការដណ្តើម​យក​តំបន់​គ្រីមៀ​ សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ បាន​បញ្ជាក់​ជាថ្មី​នូវ​ជំហរ​របស់​ពួកគេ​ថា ​តំបន់​គ្រីមៀ​ជា​របស់​ប្រទេស​អ៊ុយក្រែន។​

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken ​បាន​និយាយ ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖​ «ការឈ្លានពាន​និង​ការដណ្តើម​យក​តំបន់​គ្រីមៀ​ដោយ​រុស្ស៊ី​ គឺ​ជា​ការមាក់ងាយ​នឹង​សណ្តាប់​ធ្នាប់​អន្តរជាតិ​ទំនើប»។​

លោក​ Blinken​ បាន​ថ្លែង​ថា៖​ «យើង​បញ្ជាក់​ការណ៍​ពិតនេះ​ជាមូលដ្ឋាន​ថា ​គ្រីមៀ​ជា​របស់​ប្រទេស​អ៊ុយក្រែន។​ សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​ថា សហ​រដ្ឋ​អាមេរិក​ «នឹង​មិន​ទទួល​ស្គាល់​ការអះអាង​បញ្ចូល​គ្រីមៀ​របស់​ប្រទេស​រុស្ស៊ី​នោះ​ទេ»។​

សហ​រដ្ឋ​អាមេរិក​អំពាវនាវ​ជាថ្មី​ទៀត​ឱ្យ​ប្រទេស​រុស្ស៊ី​ បញ្ឈប់​ការកាន់កាប់​តំបន់​គ្រីមៀ​ជាបន្ទាន់ និង​ដោះលែង​អ្នកទោស​នយោបាយ​អ៊ុយក្រែន​ទាំងអស់​ និង​ប្រគល់​ការគ្រប់គ្រង​ឧបទ្វីប​នេះទៅឲ្យ​អ៊ុយក្រែន​វិញ។​ សហ​រដ្ឋ​អាមេរិក​ក៏​អំពាវនាវ​ឱ្យ​ប្រទេស​រុស្ស៊ី​ បញ្ឈប់​ការឈ្លានពាន​របស់​ខ្លួន​ នៅ​ភាគ​ខាងកើត​អ៊ុយក្រែន​ផងដែរ។​

លោក​ Blinken​ បាន​និយាយ​ថា ​ដរាបណា​ប្រទេស​រុស្ស៊ី​មិន​ផ្លាស់ប្តូរ​ទិសដៅ​របស់ខ្លួន​ ទាក់ទង​នឹងអ៊ុយក្រែន​និង​គ្រីមៀ​ទេ នោះ​ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក​លើ​ប្រទេស​នេះ​ នឹង​នៅតែ​បន្ត។​

ក្នុង​ឋានៈ​ជា​ប្រធាន​គណៈ​រដ្ឋមន្រ្តី​នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប​ លោក​ Heiko Maas ​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​ បាន​រំលឹក​ឡើងវិញ​នូវ​ការថ្កោលទោស​របស់​សហភាព​អឺរ៉ុប​ ចំពោះ​ការបញ្ចូល​ឧបទ្វីប​គ្រីមៀ​ជា​របស់​រុស្ស៊ី​ ដែល​ជាការរំលោភ​ច្បាប់​អន្តរជាតិ៕

XS
SM
MD
LG