ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​អន្តរជាតិ​ហ្សាម៉ាន់​ត្រូវ​បាន​លក់​ឲ្យ​កូនស្រី​លោក​ ​ជា សុផារ៉ា​ ​ក្រោយ​រងការ​ចោទ​ថា​ពាក់​ព័ន្ធ​នឹង​ក្រុម​ភេរវករ


រូបឯកសារ៖ សាលា​ហ្សាម៉ាន់​អន្តរជាតិ​នៅ​សាខាខ័ណ្ឌចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ​ បន្ទាប់ពី​ស្ថានទូត​តួគីប្រចាំ​ប្រទេស​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ឲ្យ​បិទសាលា​ហ្សាម៉ាន់​ទាំង​អស់​។​ (ឡេង ឡែន/VOA)
រូបឯកសារ៖ សាលា​ហ្សាម៉ាន់​អន្តរជាតិ​នៅ​សាខាខ័ណ្ឌចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ​ បន្ទាប់ពី​ស្ថានទូត​តួគីប្រចាំ​ប្រទេស​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ឲ្យ​បិទសាលា​ហ្សាម៉ាន់​ទាំង​អស់​។​ (ឡេង ឡែន/VOA)

សាកលវិទ្យាល័យ Zaman​ (ហ្សាម៉ាន់)​ ​និង​សាលា​ចំនួន​បួន​ផ្សេង​ទៀត​ ​ដែល​ជា​សាខា​របស់​សាកល​វិទ្យាល័យ​នេះ​ ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុកមួយរបស់​កម្ពុជា​និង​បាន​ប្រែឈ្មោះ សាកល​វិទ្យាល័យ​ ​Zaman​ ​ទៅ​ជា​ International Paragon University ដែល​ការណ៍​នេះ​គឺជាផ្នែក​មួយ​នៃ​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។​ ​នេះ​បើ​យោង​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​របស់​ប្រទេស​តួកគី​ឈ្មោះ​ ​Anadolu Agency។

ទី​ភ្នាក់​ងារ​ព័ត៌មាន​ ​Anadolu Agency​ នេះ​ ​ក៏​បាន​រាយការណ៍​ថា ​សាកល​វិទ្យាល័យ​ ​Zaman​ ​និង​សាខា​របស់​សាកល​វិទ្យាល័យនេះ​ មាន​ទំនាក់​ទំនង​ជាមួយ​អង្គការ​ភេរវករ​ ​Fetullah​ ​ឬ​ហៅ​ថា​ (FETO) ​ដែល​ជា​ក្រុម​ភេរវករ​ស្ថិត​នៅ​ពីក្រោយ​ការ​ធ្វើ​រដ្ឋ​ប្រហារ​មិន​បាន​ជោគជ័យ​នៅ​ប្រទេស​តួកគី​កាល​ពី​ឆ្នាំ​២០១៦។

សេចក្តី​រាយការណ៍​របស់​ ​Anadolu Agency ​ចេញផ្សាយ​កាល​ពី​ថ្ងៃទី​២៥​ ​ខែធ្នូ​ ​បាន​សរសេរ​ថា ​មូលនិធិ​ ​Maarif​ ​របស់​តួកគី​ បាន​បញ្ជាក់​ថា​ វាជា​ផ្នែកមួយ​នៃ​ការ​សហ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​ភេរវករ​ ​FETO​ ​នៅពេល​ដែល​គ្រឹះស្ថាន​អប់រំ​ទាំង​ប្រាំ​របស់​ Zaman ​ត្រូវ​បានទិញ​ដោយ​ក្រុម​ហ៊ុន​ក្នុង​ស្រុកមួយ​របស់​ប្រទេស​កម្ពុជា​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨។

ទី​ភ្នាក់​ងារ​ព័ត៌មាន​ ​Anadolu Agency​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ទិញ​ដូរ​និង​ប្តូរ​ឈ្មោះ​គ្រឹះស្ថាន​អប់រំ​អន្តរជាតិ​ Zaman​ ទៅ​ឲ្យ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​របស់​ប្រទេស​កម្ពុជា​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ ទៅ​កាន់​ប្រទេស​តួកគី​កាល​ពី​ខែតុលា។

សេចក្តី​រាយការណ៍​របស់ទី​ភ្នាក់​ងារ​ព័ត៌មាន​ ​Anadolu Agency​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«នៅ​ប្រទេស​តួកគី​ លោក ​ហ៊ុន សែន​ បាន​អះអាង​ពី​កិច្ច​សហ​ប្រតិបត្តិការ​របស់ប្រទេស​កម្ពុជា​ដើម្បី​ប្រឆាំង​នឹង​ក្រុម​ភេរវករ​ FETO​ ​នៅ​ចំពោះ​មុខ​លោក​ប្រធានាធិបតី​តួកគី​ Recep Tayyip Erdogan»។

ទី​ភ្នាក់ងារ​ព័ត៌មាន​ដដែល​បាន​ឲ្យដឹង​ថា​ ប្រទេស​ទាំងពីរ​ បាន​ចុះ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​អប់រំ ដែល​កិច្ច​ព្រមព្រៀង​នោះ​ បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​១១​ ខែ​ធ្នូ​កន្លង​ទៅនេះ។

លោក​ ​ឌី ខាំបូលី​ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ ​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ការ​ផ្ទេរ​កម្មសិទ្ធិ​ និង​ការ​ផ្លាស់ប្តូរ​ឈ្មោះ​គ្រឹះស្ថាន​អប់រំ​ Zaman​ ​នោះទេ។

លោក​បណ្ឌិត​ ដេត សុខ​ឧត្តម​ សាកល​វិទ្យាធិការ​នៃ​សាកលវិទ្យា​ល័យ​ ​International Paragon Universityបាន​បញ្ជាក់ VOA​ ​ឲ្យ​ដឹងនៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​សាលារៀន​ Zaman ​ទាំងឡាយ​ និង​សាកល​វិទ្យាល័យ​ Zaman ​ត្រូវ​បាន​ផ្ទេរ​ទៅឲ្យ​ក្រុមហ៊ុន​កម្ពុជា​ ​ឈ្មោះ​ថា​ Paragon Education Company ​ដែល​ត្រូវបាន​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួង​ពាណិជ្ជកម្ម។ ក្រុមហ៊ុន​ ​Paragon Education Company ​នេះ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​លោកស្រី ​ជា​ សុផាកន្នី។

លោក ​ដេត សុខឧត្តម​ បាន​សរសេរ​បន្ថែមក្នុងសារ​ឆ្លងឆ្លើយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជា​ភាសា​អង់​គ្លេស​ និង​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖

«សាលារៀន​និង​សាកលវិទ្យាល័យ​បន្ត​ដំណើរការ​ដូចធម្មតា​ និង​បាន​រាយការណ៍​ទៅ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ ដូច​កាលពី​ពេល​មុន»។​

​លោកសាកល​វិទ្យាធិការ​សុំ​មិន​ធ្វើការ​អធិប្បាយ​ពី​ទំនាក់​ទំនង​របស់​គ្រឹះស្ថាន​អប់រំ​អន្តរជាតិ​ Zaman​ ជាមួយ​នឹង​ក្រុម​ភេរវករ​ FETO ដោយ​សារ​វា​គ្រាន់​តែ​ជាការ​ចោទប្រកាន់​ធ្វើ​ឡើង​នៅក្នុង​ប្រទេស​តួកគី ដែល​វា​ជា​នយោបាយ​ក្នុងស្រុក​របស់​ប្រទេស​នេះ។

តាម​សេចក្តីប្រកាស​របស់​សាលា​អន្តរជាតិ​ហ្សាម៉ាន់​ ដែល​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​«សាលា​អន្តរជាតិ​ផារ៉ាហ្គន​ (កម្ពុជា)» បាន​ឲ្យដឹងពីចំនួន​ខុស​គ្នា​នៃសាលា​និងសាកលវិទ្យាល័យ​ ​Zaman ​ដែល​ត្រូវបាន​ផ្ទេរទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​កម្ពុជា។

សេចក្តីប្រកាស​នោះ​បាន​សរសេរ​ថា​ លោក​ ​អ៊ាង សុផល្លែត​ ​ដែល​ជា​រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន​គឺ​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​កិតិ្តយស​ ក្រោម​ការ​ចាត់តាំង​របស់​លោក​ស្រី​ ​ជា សុផាកន្នី​ ​ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ​និង​ជា​ម្ចាស់​តែ​មួយគត់​ ​របស់​សាខា​បី​នៃ​សាលា​អន្តរជាតិហ្សាម៉ាន់​ ​និង​សាកល​វិទ្យាល័យ​ហ្សាម៉ាន់។

លោក​ អ៊ាង សុផល្លែត​ ​គឺ​ជា​ស្វាមីលោកស្រី​ជា សុផាកន្នី ​ដែល​គេ​ស្គាល់​ថា ជា​កូនស្រី​របស់​លោក​ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​នគរូប​នីយកម្ម​ ​និង​សំណង់​ ​និង​ជា​ឧប​នាយករដ្ឋមន្ត្រី​មួយរូប​ផង​ដែរ។​

VOA​ ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ អ៊ាង សុផល្លែត​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ​VOA​ ​ក៏​មិន​ទាន់​អាច​ទាក់​ទង​លោក​ កេត សោផាន់ អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទេស​កម្ពុជា​ និង​លោក សៀង​ ​ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ដែរ​ ​ដោយ​ទូរស័ព្ទ​របស់​ពួក​លោក​ រោទិ៍​តែ​គ្មាន​អ្នក​ទទួល។

​លោក​ ​រ៉ុង ឈុន​ ​អតីត​មន្ត្រី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅកាត់​ថា​ (គ.ជ.ប) ​ដែល​បច្ចុប្បន្ន​នេះ​ជា​ ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ​មាន​ប្រសាសន៍​ថា​ ​ការ​ផ្ទេរ​កម្មសិទ្ធិ​គ្រឹះ​ស្ថាន​អប់រំ​ Zaman ​គឺ​ពិត​ជា​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ​ហ៊ុន សែន​ ទៅ​កាន់​ប្រទេស​តួកគី។

លោក​មិន​ដឹង​ប្រាកដ​ថា​ ​ការ​ផ្លាស់​ប្តូរ​កម្មសិទ្ធិ​ជា​ផ្នែក​មួយ​នៃ​ការប្រឆាំង​អំពើ​ភេរវកម្ម​នោះ​ទេ​ តែ​ថា​អាណា​ព្យាបាល​អតីត​គ្រឹះស្ថាន​អប់រំ​អន្តរជាតិ​មួយនេះ​ ផ្តើម​បារម្ភ​ពី​គុណភាព​សាលា​ ដែល​លែង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ជន​ជាតិ​តួកគី។

«សាលា​ហ្នឹង​វា​នឹង​អាច​មាន​បញ្ហា​ ពីព្រោះ​យើង​ឃើញ​អាណាព្យាបាល​ ពួក​និស្សិត​ហ្នឹង​គាត់​ហាក់​បី​ដូច​ជា​ បាត់​បង់​ទៅលើ​ជំនឿ​ចិត្ត​លើ​សាលា​ហ្នឹង​ ពីព្រោះ​ថា​ មាន​អ្នក​គ្រប់​គ្រង​ថ្មី​ មាន​ការ​បារម្ភ​ខ្លាច​ វា​ពុំមាន​គុណភាព​ ដូច​ពួក​តួកគីគ្រប់​គ្រង​នោះ​បាទ»។

VOA ​មិនទាន់​អាច​ទាក់​ទង​មន្ត្រី​នៅ​ស្ថានទូត​ប្រទេស​តួកគី​ប្រចាំ​កម្ពុជា​ បាន​នៅឡើយទេ​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ។

តាម​សេចក្តី​រាយការណ៍​ដដែល​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ ​Anadolu Agency​ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​តួកគី​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា ក្រុមប្រឹក្សា​ភិបាល​មូលនិធិ​ Maarif របស់​តួកគី​ ​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ទស្សនកិច្ច​របស់​លោក ហ៊ុន​ សែន​ នៅ​ប្រទេស​តួក​គី​កាលពី​ខែ​តុលា ​និង​បាន​ព្រមាន​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​កម្ពុជា​ពី​ការ​គំរាម​កំហែង​របស់​ក្រុម​ភេរវករ​ FETO។

សេចក្តី​រាយការណ៍​ដដែល​នេះ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រុម​មន្ត្រី​កម្ពុជា​ បាន​ប្រាប់​ប្រទេស​តួកគី​ថា​ គ្មាន​ជនជាតិ​តួកគី​សិក្សា​ ឬ​ក៏​បង្រៀន​នៅ​សាលា​អតីត​របស់​ក្រុមហ៊ុន​ Zaman ​ទៀត​ទេ ហើយ​ថា​ ពួកគេ​ទាំង​អស់​បាន​ចាក​ចេញ​ពីប្រទេស​កម្ពុជា។

​ក្រុមហ៊ុន​ Zaman ក៏បាន​អះអាង​ថា ​លោក​ Gulen ​មិន​ដែល​ផ្ដល់​ការ​សម្រេច​ចិត្ត​ណាមួយ​ក្នុង​ការ​បង្កើត ​ឬ​ដំណើរការ​របស់​សាលា​នោះ​ឡើយ​ ហើយ​ថា​ ​ការចោទ​ប្រកាន់​ថា​ ​គឹ្រះស្ថានអប់រំ​នេះ​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ភេរវករ​ ​FETO​នោះ​ គឺ​មិន​ពិត​នោះ​ទេ៕

XS
SM
MD
LG