ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកគ្រប់គ្រងសាលាហ្សាម៉ាន់រំពឹងថា រដ្ឋាភិបាលនឹងមិនបិទគ្រឹះស្ថានខ្លួន


លោក​ Gurkan Cil​ នាយក​សាលា​អន្តរជាតិ​ហ្សាម៉ាន់​ថ្នាក់​អនុវិទ្យាល័យ​ និង​វិទ្យាល័យ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​​នា​ថ្ងៃ​ទី០១ ខែ​កញ្ញា នេះ​ថា រដ្ឋាភិបាល​នឹង​មិន​សម្រេច​ចិត្ត​បិទ​សាលា​ Zaman។ (ហ៊ុល រស្មី/VOA)

ថ្លែងនៅក្នុងសន្និសីទព័ត៌មានដែលរៀបចំឡើងនៅសាលា Zaman ស្ថិតក្នុងខណ្ឌចំការមន លោកនិយាយថា រដ្ឋាភិបាលនឹងមិនធ្វើការសម្រេចចិត្តបិទគ្រឹះស្ថានសិក្សាZaman នោះទេ។

លោក​ Gurkan Cil​ នាយក​សាលា​អន្តរជាតិ ​Zaman​ (ហ្សាម៉ាន់) ​ថ្នាក់​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ថា​ ស្ថានទូត​សាធារណ​រដ្ឋ​តួក​គី​នៅតែ​មិន​អាច​បង្ហាញ​ភ័ស្តុតាង​ជាក់​លាក់​សម្រាប់​គាំទ្រ​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​ដែល​ថា ក្រុម​ហ៊ុន​ Zaman ជា​បណ្តាញ​នៃ​អង្គការ​ភេរវកម្ម។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ដែល​រៀបចំ​ឡើង​នៅ​សាលា Zaman ស្ថិត​ក្នុង​ខណ្ឌ​ចំការមន​ លោក​និយាយ​ថា រដ្ឋាភិបាល​នឹង​មិន​ធ្វើ​ការ​សម្រេច​ចិត្ត​បិទ​គ្រឹះ​ស្ថាន​សិក្សា​Zaman ​នោះ​ទេ។​ លោក​បន្ត​ថា​ សាលា ​Zaman មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ថា​ ការ​ចោទ​ប្រកាន់​គ្មាន​ភ័ស្តុតាង​នេះ​មិន​អាច​បង្អាក់​ដំណើរ​ការ​របស់សាលា​បាន​នោះ​ឡើយ។លោក​និយាយ​ថា៖​

«ដូច​ដែល​ខ្ញុំ​បាន​និយាយ​រួច​ហើយ​ថា ​យើង​មាន​ការ​ជឿជាក់​យ៉ាង​ខ្លាំង​អំពី​ចំណុច​នេះ។ ​យើង​ជឿ​ថា ​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​សម្រេច​ចិត្ត​បិទ​សាលា​នេះ​ទេ»។​

យ៉ាងណាក៏​ដោយ​ លោក​មិន​ទាន់​អាច​បញ្ជាក់​ថា​ សាលា​ Zaman ​នឹង​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​របស់​ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​តួកគី​បាន​នៅ​ឡើយ​នោះ​ទេ។​

កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​មួយ​នៅ​ក្នុង​ប្រទេស​តួកគី។​ រដ្ឋ​ប្រហារ​នេះ​ត្រូវ​បាន​បង្ក្រាប​ដោយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ Recep Tayyip Erdogan។​

ក្រោយ​រដ្ឋប្រហារ​នោះ​ ឯក​អគ្គរដ្ឋទូត​សាធារណរដ្ឋ​តួកគី​ប្រចាំ​កម្ពុជា​បាន​ចាត់​ទុក​ក្រុម​ Zaman Group ​ថា បាន​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ធ្វើ​រដ្ឋ​ប្រហារ​នោះ។​

លោក​អ៊ីល ហាន​ ខេម៉ាល់ធូ​ (Ilhan Kemal Tug)​ ឯក​អគ្គរដ្ឋទូត​សាធារណរដ្ឋ​តួកគី​ប្រចាំ​នៅ​កម្ពុជា​ ដែល​ធ្លាប់​ស្នើ​ឲ្យ​លោក​ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ បិទ​គ្រឹះ​ស្ថាន​សិក្សា Zaman​ បាន​ប្រាប់​ VOA កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ស្ថានទូត​នឹង​នៅ​តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បិទ​គ្រឹះស្ថាន​សិក្សា​ Zaman ដោយសារ​ក្រុមហ៊ុន ​Zaman​ ជា​បណ្តាញ​ភេរវកម្ម។ នៅពេល​ VOA ​សួរ​អំពី​ភ័ស្តុតាង លោក​ឯក​អគ្គរដ្ឋ​ទូត​ និយាយ​ថា ស្ថានទូត​មិន​ចេះ​តែធ្វើ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​នោះ​ទេ។​

លោក​ជុំ សុន្ទរី​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ប្រាប់​ VOA​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្រសួង​ពុំទាន់​មានព័ត៌មាន​បន្ថែម​ទាក់​ទិន​ការ​ស្នើ​បិទ​គ្រឹះស្ថាន​សិក្សា​ Zaman​ ទេ ហើយ​ក្រសួង​កំពុង​ធ្វើការ​លើ​រឿង​នេះ។​

ប្រទេស​តួកគី​បាន​ចោទ​ថា ​ភេរវកម្ម​កាល​ពី​ខែ​កក្កដា​បង្ក​ឡើង​ដោយ​ក្រុម​អង្គការ​ភេរវកម្ម​ FETO ​ដែល​មាន​លោក​ Fethullah ​Gulen ​ជា​មេដឹក​នាំ។​ លោក​ Gulen ​គឺ​ជា​បព្វជិត​ឥស្លាម​ និង​កំពុង​និរទេស​ខ្លួន​ក្នុង​រដ្ឋ​ Pennsylvania ​ប៉ែក​ខាង​កើត​ស.រ.អា.៕

XS
SM
MD
LG