កាលពីថ្ងៃសុក្រ លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានអំពាវនាវដល់ប្រទេសជាតិនានាក្នុងពិភពលោកឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីដោះស្រាយវិបត្តិដែលកើតឡើងដោយចំនួនច្រើននៃក្រុមជនភៀសខ្លួនដោយសារសង្គ្រាមដែលមិនធ្លាប់មានច្រើនដូចនេះកាលពីពេលមុនៗ ការជួយក្រុមជនរងគ្រោះដោយសារវិបត្តិសាកលឯទៀតៗ និងឱ្យប្រយុទ្ធប្រឆាំងនឹងកំណើននៃការគំរាមកំហែងនៃភេរវកម្មនៅកម្រិតជាមូលដ្ឋានមួយ។
ដោយថ្លែងសុន្ទរកថាមួយទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកក្នុងក្រុង Davos ប្រទេសស្វ៊ីស លោក Kerry បានប្រកាសថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលមួយនៅឯអ.ស.ប.ក្នុងបុរីញូវយ៉ក នៅពេលបន្ទាប់មកទៀតនៅឆ្នាំនេះ ដើម្បីជាការឆ្លើយតបនឹងវិបត្តិជនភៀសខ្លួនសាកល។
គោលដៅនៃសន្និសីទនេះមានដូចជា ការបង្កើនចំនួនប្រទេសជាតិដែលឆ្លើយតបនឹងការអំពាវនាវខាងមនុស្សធម៌របស់អ.ស.ប. និងកំណើននៃចំនួនប្រទេសដែលចង់ជួយទទួលគ្រួសារជនភៀសខ្លួនឱ្យទៅតាំងទីលំនៅជាថ្មីដោយសុវត្ថិភាព។
លោក Kerry បានមានប្រសាសន៍ថា «វិស័យឯកជន សង្គមស៊ីវិល និងអង្គការសាសនាក៏នឹងត្រូវបានគេអំពាវនាវឱ្យជួយបញ្ចូលក្រុមជនភៀសខ្លួនទៅក្នុងសហគមន៍ជាម្ចាស់ផ្ទះខាងសង្គមកិច្ច ខាងការសិក្សាអប់រំ និងតាមរយៈការមានការងារធ្វើផងដែរ។ លោកបានមានប្រសាសន៍បន្ថែមថា «យើងដឹងថាយើងអាចធ្វើដូចម្តេចអំពីការណ៍នេះក្នុងវិធីមួយដែលការពារសន្តិសុខរបស់ប្រទេសយើង»។
ស.រ.អា.បានប្រកាសផែនការទទួលជនភៀសខ្លួន៨ម៉ឺន៥ពាន់នាក់មិនឱ្យហួសពីខែវិច្ឆិកានិង១សែននាក់នៅឆ្នាំក្រោយ។
លោក Kerry ក៏បានផ្តោតការយកចិត្តទុកដាក់លើបញ្ហាពុករលួយនៅក្នុងសុន្ទរកថាដែលលោកបានថ្លែងទៅកាន់ក្រុមមេដឹកនាំរដ្ឋាភិបាល និងសាជីវកម្មនៅទូទាំងពិភពលោក។ លោកបានមានប្រសាសន៍ថា ការប្រព្រឹត្តអំពើពុករលួយបាន «លូតលាស់ក្នុងល្បឿនគួរឲ្យភ្ញាក់ផ្អើល ហើយបានគំរាមកំហែងដល់ការលូតលាស់សាកលថែមទៀតផង»។
លោក Kerry បានមានប្រសាសន៍ថា អំពើពុករលួយក្នុងរដ្ឋាភិបាលជា «កត្តាមួយនាំឱ្យមានភាពជ្រុលនិយម» ជា «គ្រោះថ្នាក់សង្គមមួយ» និងជា «កត្តាបំផ្លាញឱកាសមួយ»។ វាបំផ្លាញជំនឿទុកចិត្តលើអាជ្ញាធរត្រឹមត្រូវតាមច្បាប់។ ហើយគ្មាននរណាដឹងច្បាស់លាស់អំពីការណ៍នេះជាងពួកជ្រុលនិយមឃោរឃៅ ដែលជាទៀងទាត់ បានប្រើអំពើពុករលួយជាឧបករណ៍មួយសម្រាប់ជ្រើសរើសសមាជិកពួកគេ»។
សុន្ទរកថានេះកាលពីថ្ងៃសុក្របានបញ្ចប់ការប្រជុំពីរថ្ងៃរបស់លោក Kerry នៅក្នុងក្រុង Davos៕