កាលពីថ្ងៃព្រហស្បត៍កន្លងមកនេះ ស្រ្តីកាន់សាសនាឥស្លាមលើកដំបូងដែលក្លាយជាសមាជិកសភាគឺលោកស្រី Ilhan Omar នៃរដ្ឋ Minnesota ខាងគណបក្សប្រជាធិបតេយ្យនិងលោកស្រី Rashida Tlaibនៃរដ្ឋMichigan បានស្បថចូលកាន់តំណែងនៅពេលដែលពលរដ្ឋអាមេរិកាំងកាន់សាសនាឥស្លាមនិងពួកជនភៀសខ្លួនតាមមើលយ៉ាងរំភើប។
នៅល្ងាចថ្ងៃនោះដែរ ក្រុមបុរស និងស្រ្តីក្មេងៗកាន់សាសនាឥស្លាមមកពីរដ្ឋ Minnesota រដ្ឋ Ohio និងតំបន់ក្រុងវ៉ាស៊ីនតោន បានអបអរសាទរព័ត៌មាននៅពេលពួកគេបានប្រមូលផ្តុំគ្នានៅឯពិធីមួយក្នុងទីក្រុងMcLean រដ្ឋVirginiaដើម្បីអបអរសាទរដំណើរជីវិតរបស់លោកស្រី Omarពីជនភៀសខ្លួនសូម៉ាលីក្លាយជាតំណាងរាស្រ្តសហរដ្ឋអាមេរិក។
នៅឯពិធីនោះ លោកស្រី Omar បានប្រាប់ហ្វូងមនុស្សដែលអបអរសាទរអំពីខ្សែជីវិតរបស់លោកស្រីចេញពីជំរំជនភៀសខ្លួនDadaab នៅក្នុងប្រទេសកេនយ៉ាមកសហរដ្ឋអាមេរិកកាលពី២៣ឆ្នាំមុន។
លោកSuud Olatអាយុ២៨ឆ្នាំ ជាពលរដ្ឋអាមេរិកាំងដើមកំណើតសូម៉ាលី ជាអ្នកកាសែតនិងជាអ្នកគាំទ្រជនភៀសខ្លួន។លោក បានមកសហរដ្ឋអាមេរិកកាលពី៥ឆ្នាំមុនជាជនភៀសខ្លួនម្នាក់ដែលគេចចេញពីការអស់សង្ឃឹម និងភាពក្រីក្រនៅក្នុងជំរំដដែលនោះក្នុងប្រទេសកេនយ៉ាជាទីកន្លែងដែលលោកស្រី Omar បានចំណាយពេល៤ឆ្នាំនៅក្នុងជំរំនោះមុនមកប្រទេសអាមេរិក។
លោកSuudបាននិយាយថា «ក្នុងសករាជប្រធានាធិបតីត្រាំ នៅពេលដែលវោហាសាស្រ្តប្រឆាំងជនអន្តោប្រវេសន៍ និងអ្នកកាន់សាសនាឥស្លាម មានភាពខ្លាំងក្លាបំផុតនោះ ពេលខ្ញុំបានឃើញលោកស្រី Ilhan Omarដែលមានកិត្តិយសនិងមានប្រវត្តិដូចខ្ញុំ អង្គុយនៅវិមានរដ្ឋសភា Capitol Hillហើយបានធ្វើពិធីអបអរសាទរជាមួយលោកស្រីគឺជាព្រឹត្តិការណ៍និងការលើកទឹកចិត្តដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ»។
នាង Kowthar Yabarow អាយុ២៤ឆ្នាំដើមកំណើតសូម៉ាលី ដែលបានជ្រើសរើសពាក់ស្បៃគ្របក្បាលយល់ថា ព័ត៌មានអំពីលោកស្រី Omar ឆ្លុះបញ្ចាំងអំពីជំនឿ សហគមន៍ និងភាពស្មោះត្រង់របស់លោកស្រី។
នាងបាននិយាយថា «ថ្វីបើ ឪពុកម្តាយខ្ញុំមកពីប្រទេសសូម៉ាលីមករស់នៅប្រទេសក៏ដោយ តែខ្ញុំបានកើតនិងធំដឹងក្តីនៅទីនេះជាក្មេងស្រីកាន់សាសនាឥស្លាម ហើយមើលឃើញស្រ្តីកាន់សាសនាអ៊ីស្លាមពាក់ស្បៃគ្របក្បាលដូចជាខ្ញុំក្លាយជាសមាជិកសភាជាការឆ្លុះបញ្ចាំងយ៉ាងខ្លាំងមួយ»។
Omer Arain អាយុ២៣ឆ្នាំជាជនជាតិអាមេរិកាំងដើមកំណើតប៉ាគីស្ថានបាននិយាយថា «ការណ៍នេះជាការបញ្ជាក់យ៉ាងច្បាស់ឡើងវិញថា ជនជាតិអាមេរិកាំងកាន់សាសនាឥស្លាមដូចជាខ្ញុំ អាចមានតំណែងមានអំណាចបែបនេះ»។
លោក Ibrahim Ismailមានកូន៤នាក់ ។ដូចជាលោកស្រី Omarដែរ លោកបានមកសហរដ្ឋអាមេរិកក្នុងនាមជាជនភៀសខ្លួននៅឆ្នាំ១៩៩៦ បន្ទាប់ពីរត់គេចខ្លួនចេញពីសង្គ្រាមក្នុងប្រទេសសូម៉ាលី។ កូនស្រីច្បងបំផុតរបស់លោកឥឡូវនេះ បានស្ថិតនៅក្នុងសាលាបណ្តុះបណ្តាលសម្រាប់ការជ្រើសរើសប៉ូលិសថ្មីនៅរដ្ឋ Virginia។ លោកនិយាយថា ព័ត៌មានអំពីស្រ្តីសមាជិកសភាកាន់សាសនាឥស្លាម២នាក់នេះមានន័យថា វាជារឿងពិសេសមួយសម្រាប់ខ្ញុំ។
លោកនិយាយថា «ការណ៍នេះជាការលើកទឹកចិត្តនិងជារឿងពិសេសមួយសម្រាប់ខ្ញុំដែលនៅទីបញ្ចប់ ខ្ញុំអាចបង្ហាញដល់កូនស្រីរបស់ខ្ញុំថា មានស្រ្តីកាន់សាសនាឥស្លាមម្នាក់ដូចជាលោកស្រី Ilhan Omar ជាជនអន្តោប្រវេសន៍ និងជាស្រ្តីជនជាតិភាគតិច ជាជនជាតិសូម៉ាលី ដែលតំណាងឲ្យកិត្តិយសអ្នកកាន់សាសនាឥស្លាម បង្ហាញសាធារណជនអាមេរិកាំងតាមរយៈសំឡេងដ៏ខ្លាំងមួយនៅក្នុងសភា»។
លោកស្រី Tahira Khanana អាយុ៣៨ឆ្នាំ មានកូន៣នាក់ធ្វើការនៅសាខាក្រុមប្រឹក្សាស្តីពីទំនាក់ទំនងអាមេរិកាំងអ៊ីស្លាមនៅក្រុងCincinnati រដ្ឋ Ohio បាននិយាយថា «ខ្ញុំមានមោទនភាពយ៉ាងខ្លាំងបំផុតដោយបានឃើញមនុស្សដូចជាលោកស្រី Omar និង Tlaib បានក្លាយជាមេដឹកនាំនៅក្នុងនយោបាយសហរដ្ឋអាមេរិកហើយខ្ញុំរីករាយដែលកូនស្រីខ្ញុំធំដឹងក្តីនៅសម័យកាល ដែលមានមេដឹកនាំកាន់សាសនាអ៊ីស្លាមនៅក្នុងនយោបាយអាមេរិកក្លាយជាព័ត៌មានធម្មតា»។
នៅឯពិធីរបស់លោកស្រី Omar លោកស្រីបានផ្តោតលើបញ្ហាផ្សេងទៀត។ លោកស្រីបាននិយាយថា ពិធីអបអររបស់លោកស្រីកើតមាននៅពេលដែលរដ្ឋាភិបាលសហព័ន្ធ នៅបិទទ្វាមួយផ្នែក ហើយមាតុភូមិរបស់លោកស្រីគឺប្រទេសសូម៉ាលី នៅទទួលរងផលប៉ះពាល់ដោយការរឹតត្បិតដែលបានធ្វើឡើងដោយប្រធានាធិបតីត្រាំលើជនអន្តោប្រវេសន៍។
លោកស្រីបាននិយាយដោយការទប់ទឹកភ្នែកថា «ខ្ញុំមកពីប្រទេសមួយនៅក្រោមការហាមឃាត់ខាងជនអន្តោប្រវេសន៍របស់ប្រធានាធិបតីយើង។ បើការណ៍ហាមឃាត់នេះបានកើតមានឡើងកាលពី២៣ឆ្នាំមុន ខ្ញុំនឹងមិនអាចតំណាងឲ្យលោក អ្នកទាំងអស់នៅក្នុងសភាពេលសព្វថ្ងៃនេះទេ»។
លោកស្រីនិយាយទៀតថា ភារៈចម្បងមួយនៃភារៈចម្បងនានារបស់លោកស្រីជាតំណាងម្នាក់នៅក្នុងសភាគឺ ប្រយុទ្ធដើម្បីបញ្ចប់ការបិទរដ្ឋាភិបាល។
លោកស្រីនិយាយថា «ខ្ញុំបានមករដ្ឋធានីវ៉ាស៊ីនតោននេះ នៅពេលដែលរដ្ឋាភិបាលសហព័ន្ធរបស់យើងនៅបិទទ្វារនៅឡើយដោយសារតែរបងព្រំដែនឆ្កួតៗ។ ខ្ញុំត្រូវតែចូលរួមប្រយុទ្ធដើម្បីឲ្យបើករដ្ឋាភិបាលឡើងវិញ»៕
ប្រែសម្រួលដោយជឹង ប៉ូជីន