ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ឆាំង យុ​ ជំរុញ​ឲ្យ​ប្រទេស​អាមេនី​បង្កើត​កម្មវិធី​អប់រំ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍


លោក​ ឆាំង​ យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ជួប​ជាមួយ​លោក Edward Nalbandian រដ្ឋមន្ត្រី​ការ​បរទេស​អាមេនី។ (រូបថត​ផ្តល់​ឲ្យ)​

កាល​ពី​ថ្ងៃ​សៅរិ៍​កន្លង​ទៅ​ ប្រទេស​អាមេនី ​បាន​រៀបចំ​វេទិកា​ពិភពលោក​«ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នៃ​អំពើ​ប្រល័យ​ពូជសាសន៍»​ ដែល​បាន​និយាយ​ដល់​ការ​ស្លាប់​មនុស្ស​១.៥លាន​នាក់​ នៅ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​មួយ កើត​ឡើង​ពី​ឆ្នាំ​១៩១៥​ដល់​ឆ្នាំ​១៩២៣។

កាល​ពី​ជាង​១០០​ឆ្នាំ​មុន ​ជនជាតិ​អាមេនី (Armenia)​ ប្រមាណ​ ១,៥​លាន​នាក់​បាន​ស្លាប់​ដោយ​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ក្នុង​អតីត​ចក្រភព​ Ottoman​ ដោយ​ការ​កៀងគរ​ប្រមូល​ផ្តុំ​គ្នា​ ការ​ចាប់​ខ្លួន​ និង​ការ​បណ្ដេញ​ចេញ។​ ស្ថាបនិក​វិទ្យាស្ថាន​ស្លឹករឹត លោក​ ឆាំង យុ​ ចង់​ឃើញប្រទេស​នេះ ជា​ប្រមុខ​នៃ​ការ​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍។​

លោក​ ឆាំង យុ​ ដែល​ជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ផង​ដែរ​នោះ បាន​ស្នើ​ឲ្យ​ប្រទេស​អាមេនី ធ្វើ​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​ការ​បង្កើត​កម្មវិធី​អប់រំ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​នេះ​ ព្រោះ​ប្រជាជន​នៃ​ប្រទេស​ដែល​ស្ថិត​នៅ​ទិស​ខាង​លិច​នៃ​ទ្វីប​អាស៊ី​នេះ​ ធ្លាប់​រងគ្រោះ​ដោយ​អំពើ​ប្រល័យ​ពូជសាសន៍​ កាល​ពី​ជាង​១០០​ឆ្នាំមុន។​ នេះ​បើ​យោង​ទៅ​តាម​សេចកី្ត​រាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​អាមេនី​ កាល​ពី​សប្តាហ៍​មុន។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ជា​មជ្ឈមណ្ឌល​ដែល​បាន​ធ្វើ​ការ​ប្រមូល​ឯកសារ​នានា​ ទាក់​ទិន​នឹង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម។​ មជ្ឈមណ្ឌល​ក៏​បាន​ផ្តើម​ការ​សាងសង់​វិទ្យាស្ថាន​ស្លឹករឹត​ ដែល​ជា​កន្លែង​រក្សា​ទុក​ឯកសារ​នានា​ពាក់ព័ន្ធ​ជាមួយ​នឹង​របប​ខ្មែរ​ក្រហម​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ។

ភ្នាក់ងារ​ព័ត៌មាន ​ARMENPRESS​ បាន​ដកស្រង់​សម្តី​ដើម​របស់​លោក ឆាំង​ យុ​ ដែល​បាន​ចូល​រួម​វេទិកា​ពិភពលោក​ «ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​នៃ​អំពើ​ប្រល័យ​ពូជសាសន៍»​ (Against the Crime of Genocide) នៅ​ទីក្រុង​ Yerevan​ (យ៉េរ៉េវ៉ាន់)​ យ៉ាង​ដូច្នេះ​ថា៖​ «ការ​អប់រំ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​ គឺ​ជា​តម្រូវការ​ចាំ​បាច់​ សម្រាប់​សន្តិភាព​ និង​ភាព​ចម្រើន​រុងរឿង​ ក្នុង​នោះ​មាន​ការ​ការពារ​សិទ្ធិ​មនុស្ស​ផង​ដែរ»។

(វីដេអូបង្ហាញ​ពី​ពិធីរំឭក​អំពើប្រល័យពូជសាសន៍មកលើ​ប្រជាជន​អាមេនី Armenia ដោយ RFE/RL)

​លោក​ ឆាំង យុ​ ត្រូវ​បាន​ ARMENPRESS ដក​ស្រង់​សម្តី​ដើម​បន្ថែម​ថា៖​ «ប្រទេស​អាមេនី​គួរ​តែ​នាំ​មុខ​ និង​សហការ​ជាមួយ​ ប្រទេស​ដទៃ​ទៀត​ ដែល​ធ្លាប់​ឆ្លង​កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍​ និង​យើង​ទាំង​អស់​គ្នា​ដែល​ធ្លាប់​ទទួល​ការ​ឈឺ​ចាប់​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ត្រូវ​ឆក់​យក​ឱកាស​នេះ​ បង្កើត​កម្មវិធី​អប់រំ​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​ដំបូង​គេ​របស់​ពិភពលោក»។

កាល​ពី​ថ្ងៃ​សៅរិ៍​កន្លង​ទៅ​ ប្រទេស​អាមេនី ​បាន​រៀបចំ​វេទិកា​ពិភពលោក​«ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នៃ​អំពើ​ប្រល័យ​ពូជសាសន៍»​ ដែល​បាន​និយាយ​ដល់​ការ​ស្លាប់​មនុស្ស​១.៥លាន​នាក់​ នៅ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​មួយ កើត​ឡើង​ពី​ឆ្នាំ​១៩១៥​ដល់​ឆ្នាំ​១៩២៣ និង​ត្រូវ​បាន​ទទួល​ស្គាល់​ ដោយ​ប្រទេស​ជិត​៣០​ ក្នុង​នោះ​មាន​ប្រទេស​ប្រេស៊ីល​ រុស្សី​ បារាំង​ និង​អាល្លឺម៉ង់។​ អំពើ​ប្រល័យ​ពូជ​សាសន៍​នេះ​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ ដោយ​ប្រទេស​ជាច្រើន​ រួមមាន​ ប្រទេស​បារាំង​ អ៊ីតាលី​ ប៊ែលហ្ស៊ិក​ រុស្ស៊ី និង​ហូឡង់។​ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​រាយការណ៍​របស់​ភ្នាក់ងារ​ព័ត៌មាន​ ARMENPRESS

សាធារណរដ្ឋ​តួកគី​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​ចក្រភព​ Ottoman នៅ​ឆ្នាំ​១៩២២​ ត្រូវ​គេ​ចោទ​ថា​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​កាប់​សម្លាប់​នេះ។​ ចក្រភព​ Ottoman ​ត្រូវ​គេ​ចោទ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​នេះ​ នៅ​ក្នុង​ឆ្នាំ​១៩១៥។​ យ៉ាង​ណា​ក៏​ដោយ​ រហូត​មកដល់​ពេល​នេះ​ សាធារណរដ្ឋ​តួកគី​ ប្រកាន់​យក​គោល​នយោបាយ​ បដិសេធ​មិន​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​នេះ​ទេ។​

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ប្រទេស​អាមេនី​បាន​រៀបចំ​ពិធី​ថ្ងៃ​ចងចាំ​អំពើ​ប្រល័យ​ពូជសាសន៍នេះ​ ហើយ​ការ​តវ៉ា ​ក៏​បាន​កើត​ឡើង​ផង​ដែរ។​ យុវជន​អាមេនី ​ជា​ច្រើន​បាន​ចេញ​ដើម​តាម​ដង​ផ្លូវ​ និង​បាន​ដុត​ទង់ជ័យ​ប្រទេស​តួកគី​ទៀត​ផង។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​លោក​ ឆាំង​ យុ​ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​អាមេនី។

សារមន្ទីរ​ប្រល័យ​ពូជសាសន៍​អាមេនី​នៅ​រដ្ឋធានី​យ៉េរ៉វ៉ាន់ (Yerevan) កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៦។ (រូបថតផ្តល់​ឲ្យ​ដោយ ឆាំង យុ)
សារមន្ទីរ​ប្រល័យ​ពូជសាសន៍​អាមេនី​នៅ​រដ្ឋធានី​យ៉េរ៉វ៉ាន់ (Yerevan) កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៦។ (រូបថតផ្តល់​ឲ្យ​ដោយ ឆាំង យុ)

លោក ឆាំង យុ​ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ និង​ជា​ស្ថាបនិក​វិទ្យាស្ថាន​ស្លឹករឹត​ បាន​ឲ្យ ​VOA​ ដឹង​តាម​សារ​អេឡិចត្រូនិក​ ឬ អ៊ីមែល​ថា ការ​ប្រកែក​មិន​ទទួល​ស្គាល់​អំពើ​ប្រល័យ​ពូជ​សាសន៍​ពី​ប្រទេស​តួកគី​ បាន​បង្ក​ជា​ភាព​តាន​តឹង។​ លោក​បាន​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​ការ​បរទេស​ប្រទេស​អាមេនី បង្កើត​កម្ម​វិធី​អប់រំ​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​ពិភពលោក​ ដែល​អាច​ទាញ​ការ​ចូលរួម​ពី​យុវជន​តួកគី​ ឲ្យ​និយាយ​គ្នា​អំពី​បញ្ហា​ដ៏​សំខាន់​នេះ។​

លោក​បាន​សរសេរ​ថា៖«យុវជន​ប្រទេស​ទាំង​ពីរ​ចាំបាច់​ត្រូវ​មាន​ការ​ចងចាំ​ត្រឹមត្រូវ​មួយ​នៃ​សង្គម​របស់​ពួកគេ»។

លោក​ ឆាំង​ យុ​ បាន​ឲ្យ​ដឹង​បន្ត​ថា​ លោក​ George Clooney​ តារា​ភាពយន្ត​ហូលីវូដ​ ដ៏​ល្បី​ល្បាញ​ បាន​អញ្ជើញ​ទៅ​ចូលរួម​នៅ​ក្នុង​វេទិកា​ពិភពលោក​ «ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​នៃ​អំពើ​ប្រល័យ​ពូជសាសន៍»​ផង​ដែរ។​ លោក​បញ្ជាក់​ថា​ លោក​ George Clooney​ តែងតែ​និយាយ​ពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការ​ថ្លែង​របស់​លោក។​ លោក​បាន​ជួប​សន្ទនា​ជាមួយ​តារា​ភាពយន្ត​រូបនេះ។​ នៅ​ក្នុង​ការ​សន្ទនា​នោះ​ លោក​បាន​ស្នើ​ឲ្យ​លោក​ George Clooney​ គួរ​មក​លេង​ប្រទេស​កម្ពុជា​ ហើយ​លោក ​George Clooney បាន​ឆ្លើយ​តប​ថា​ លោក​គួរ​តែ​មក​ប្រទេស​កម្ពុជា។​

លោក​ George Clooney ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ ក្រុម​ស្ត្រី​ ក្នុង​ដំណើរ​របស់​លោក​ចូលរួម​ វេទិកា​ពិភពលោក​ «ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍»​ នៅ​ក្នុង​ប្រទេសអាមេនី (Armenia) ​នា​ចុង​ខែ​មេសា​ឆ្នាំ​២០១៦​នេះ។ (រូបថតផ្តល់ដោយ លោក​ ឆាំង យុ)​
លោក​ George Clooney ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ ក្រុម​ស្ត្រី​ ក្នុង​ដំណើរ​របស់​លោក​ចូលរួម​ វេទិកា​ពិភពលោក​ «ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍»​ នៅ​ក្នុង​ប្រទេសអាមេនី (Armenia) ​នា​ចុង​ខែ​មេសា​ឆ្នាំ​២០១៦​នេះ។ (រូបថតផ្តល់ដោយ លោក​ ឆាំង យុ)​

ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​អំពើ​ប្រល័យ​ពូជ​សាសន៍​ផង​ដែរ​ ពី​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩​ បន្ទាប់​ពី​ការ​ឡើង​កាន់​អំណាច​របស់​ក្រុម​កុម្មុយនិស្ត​ជ្រុលនិយម​ខ្មែរ​ក្រហម​ កាល​ពី​ថ្ងៃ​១៧​ មេសា​ ឆ្នាំ​១៩៧៥។​ មនុស្ស​ប្រមាណ​១.៧​លាន​នាក់​ បាន​ស្លាប់​នៅ​ក្នុង​របប​នោះ។

របប​ដែល​គេ​តែង​ហៅ​ថា ​របប​ ប៉ុល ពត​ នោះ​ ​បាន​ដួល​រលំ​ទៅ​វិញ​នៅ​ថ្ងៃ​ទី៧ ខែ​មករា​ឆ្នាំ​១៩៧៩​ ដោយ​ការ​វាយ​ប្រយុទ្ធ​ពី​កងទ័ព​បដិវត្តន៍​ប្រជាជន​កម្ពុជា​ ក្រោម​ការ​ជួយ​គាំទ្រ​កម្លាំង​យោធា​ពី​ប្រទេស​វៀតណាម។ មូល​ហេតុ​ចម្បង​នៃ​ការ​កាប់​សម្លាប់​នៅ​ក្នុង​របប​នោះ ​នៅ​តែ​ស្ថិត​ជា​អាថ៌កំបាំង​នៅ​ឡើយ។

​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​របស់​របប​ខ្មែរក្រហម​ពីរ​រូប​គឺ​ លោក​ ខៀវ​ សំផន​ និង ​នួន​ ជា​ កំពុង​ទទួល​ការ​កាត់​ទោស​ពី​សាលាក្តី​ខ្មែរក្រហម។​ អតីត​មេដឹកនាំ​មួយ​ចំនួន​ទៀត​ ក៏​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​នេះ​ដែរ។

លោក​ ឆាំង​ យុ​ បាន​មានប្រសាសន៍​បន្ថែម​ថា​ អំពើ​ប្រល័យ​ពូជសាសន៍​បាន​កើត​មាន​ម្តង​ហើយ​ម្តង​ទៀត​ ចាប់​តាំង​ពី​ការ​ផ្ទុះ​នៃ​ការ​សម្លាប់​រង្គាល​លើ​ជនជាតិ​អាមេនី។​ លោក​ថា​ នេះ​ ​ជា​មេរៀន​សម្រាប់ប្រទេស​កម្ពុជា​ ជា​ពិសេស​យុវជន​កម្ពុជា​ មិន​ត្រូវ​ឈប់​និយាយ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​កម្ពុជា​នោះ​ទេ។​ វា​អាច​នឹង​កើត​មាន​ឡើង​ម្តង​ទៀត​ ប្រសិន​បើ​មាន​ការ​បរាជ័យ​ក្នុង​ការ​កត់ត្រា​រឿងរ៉ាវ​នេះ​ទុក​ និង​អប់រំ​ប្រជាពលរដ្ឋ​ពី​ពេល​ឥឡូវ​នេះ​ទៅ៕

XS
SM
MD
LG