អតីតអ្នកតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាមួយរូប បានថ្លែងថា មូលហេតុនៃសោកនាដកម្មនៃការសម្លាប់រង្គាលក្នុងប្រទេសកម្ពុជា នាសម័យខ្មែរក្រហមនោះ គឺបណ្ដាលមកពីសង្គ្រាមត្រជាក់រវាងប្រទេសមហាអំណាចសំខាន់ៗមួយចំនួន ដែលរួមមានចិន និងសហរដ្ឋអាមេរិកជាដើម។
លោកបណ្ឌិត ប៊ែននី វីដយ៉ូណូ (Benny Widyono) ដែលជាជនជាតិឥណ្ឌូនេស៊ី ហើយបច្ចុប្បន្នជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Connecticut (University of Connecticut) ក្នុងសហរដ្ឋអាមេរិក បាននិយាយថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសឥណ្ឌូនេស៊ីដែរ បានរងគ្រោះដោយសារតែមនោគមវិជ្ជារបស់មហាអំណាចក្នុងប្លុកសេរី និងប្លុកកម្មុយនិស្ត។
«[ប្រធានាធិបតីអាមេរិក] អៃសិនហៅវរ (Eisenhower) និង លីនដុន ចនសុន (Lyndon Johnson)ចង់កម្ចាត់[ប្រធានាធិបតីឥណ្ឌូនេស៊ី] ស៊ូកាណូ នៅឥណ្ឌូនេស៊ី ពីព្រោះពួកគេចង់កម្ចាត់ពួកកុម្មុយនិស្តចោល។ ដូច្នេះ នៅឥណ្ឌូនេស៊ី ពួកគេចង់កម្ចាត់លោកស៊ូកាណូ ដោយសារគាត់ទោរទន់ទៅរកពួកកុម្មុយនិស្តខ្លាំងពេក។ ចំណែកនៅកម្ពុជាវិញ ក៏មានសមាសធាតុនៃសង្គ្រាមត្រជាក់ដែរ ដោយសារ ក្រុមខ្មែរក្រហមត្រូវបានគាំទ្រដោយប្រទេសចិន ហើយអាមេរិកគាំទ្រ លន់ នល់។ ហេតុដូច្នេះហើយ ទាំងកម្ពុជា ទាំងឥណ្ឌូនេស៊ីសុទ្ធតែជាជនរងគ្រោះនៃសង្គ្រាមត្រជាក់»។
លោក វីដយ៉ូណូ (Widyono) បានថ្លែងយ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយ VOA បន្ទាប់ពីលោកធ្វើបទឧទ្ទេសនាមមួយស្តីពីសោកនាដកម្មនៃការសម្លាប់រង្គាលក្នុងប្រទេសពីរគឺឥណ្ឌូនេស៊ី និងកម្ពុជា។ បទឧទ្ទេសនាមនេះត្រូវបានរៀបចំឡើងនៅឯសាកលវិទ្យាល័យ រ៉ាត់ហ្គើ (Rutgers) ក្នុងរដ្ឋញួជើស៊ី (New Jersey) កាលពីពេលថ្មីៗនេះ។
«ខ្ញុំក៏បានធ្វើបទឧទ្ទេសនាមជាច្រើននៅក្នុងទីក្រុងភ្នំពេញដែរ។ គេសួរខ្ញុំ តើយើងគួរតែដាក់ទោសទៅលើប្រទេសចិនទេ ហើយគេអាចនិយាយនៅថ្ងៃនេះដែរថា អាមេរិកក៏គួរតែត្រូវបានកាត់ទោសផងដែរ។ ប៉ុន្តែអ្នកដឹងហើយថា យើងជាប្រទេសតូច។ កម្ពុជាមិនអាចនិយាយថា៖ តោះ! យកប្រទេសមហាអំណាចទាំងនោះទៅកាត់ទោស បានទេ។ វាមិនអាចទៅរួចទេនៅលើលោកនេះ។ ប្រទេសធំៗ អាចនិយាយអញ្ចឹងបាន ប៉ុន្តែប្រទេសតូចតាចមិនអាចធ្វើបានទេ»។
លោក វីដយ៉ូណូ (Widyono) ធ្លាប់បម្រើការងារនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៥ឆ្នាំ ដោយចាប់ផ្តើមធ្វើជាអភិបាលខេត្តសៀមរាបក្នុងសម័យអន្តរកាលអ៊ុនតាក់ (UNTAC)ពីឆ្នាំ១៩៩២ដល់១៩៩៣។ ហើយក្រោយមក លោកក៏ក្លាយទៅជាតំណាងរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាពីឆ្នាំ១៩៩៤ដល់១៩៩៧។
អ្នកនាង សុខ ម៉ូនីការ អ្នកចូលរួមស្ដាប់បទឧទ្ទេសនាមរបស់លោក វីដយ៉ូណូ (Widyono) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ VOA ថា វាមានសារៈសំខាន់ណាស់ក្នុងការដឹងអំពីបុព្វហេតុ និងតួអង្គដែលពាក់ព័ន្ធនៅក្នុងសោកនាដកម្មនៃការសម្លាប់រង្គាលនៅក្នុងប្រទេសកម្ពុជា។
«វាក៏គួរឲ្យចាប់អារម្មណ៍ដែរក្នុងការដែលប្រទេសមួយព្យាយាមស្ថិតនៅអព្យាក្រឹត្យក្នុងចំណោមប្រទេសមហាអំណាច ដែលវាយប្រយុទ្ធគ្នាក្នុងសង្គ្រាមត្រជាក់នោះ។ ប្រទេសដែលចង់ស្ថិតនៅអព្យាក្រឹត្យត្រូវបានជាន់ឈ្លីដោយមហាអំណាច ហើយពួកគេគ្មានសិទ្ធិនិយាយស្តីចំពោះអ្វីដែលបានកើតឡើងចំពោះខ្លួន និងប្រជាជនរបស់ខ្លួនឯងឡើយ»។
ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ព្រះបរមរតនកោដ្ឋ សម្តេចនរោត្តម សីហនុ បានព្យាយាមស្ថិតនៅជាប្រទេសអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធនៅក្នុងអំឡុងទសវត្សរ៍១៩៦០ នៅពេលបណ្តាប្រទេសមហាអំណាចក្នុងប្លុកកុម្មុយនិស្ត និងប្លុកសេរីវាយប្រយុទ្ធគ្នា ដោយសារការប្រកាន់យកមនោគមវិជ្ជាផ្សេងគ្នា។
អ្នកនាង ម៉ូនីការ ដែលកើតនៅអាមេរិកនេះ បន្ថែមថា បទឧទ្ទេសនាមរបស់លោក វីដយ៉ូណូ (Widyono) ពិតជាមានតម្លៃសម្រាប់នាង នៅពេលនាងបានដឹងថា សហរដ្ឋអាមេរិកក៏រួមចំណែកទទួលខុសត្រូវចំពោះក្នុងការរុញក្រុមខ្មែរក្រហមឲ្យឡើងកាន់អំណាច ដោយសារតែការទម្លាក់គ្រាប់បែកជាសម្ងាត់របស់អាមេរិកនៅភាគខាងកើតប្រទេសកម្ពុជាកាលពីចុងទសវត្សរ៍១៩៦០ និងនៅដើមទសវត្សរ៍ ១៩៧០។
ការឡើងកាន់អំណាចរបស់ក្រុមខ្មែរក្រហម ចន្លោះពីឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៩ បានបន្សល់ទុកនូវការឈឺចាប់ខ្លោចផ្សាជាច្រើន ដោយរួមទាំងការបាត់បង់អាយុជីវិតប្រជាជនប្រមាណ១,៧លាននាក់ផង។
បណ្ឌិត Martha Stroud បញ្ញវន្តឯករាជ្យ ដែលសិក្សាអំពីអំពើប្រល័យពូជសាសន៍ បាននិយាយថា ការធ្វើបទបង្ហាញរបស់លោក វីដយ៉ូណូ (Widyono) អំពីសោកនាដកម្មនៃការសម្លាប់រង្គាលក្នុងប្រទេសកម្ពុជា បានរួមចំណែកផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋខ្មែរ។
«រាល់ពេលដែលខ្ញុំស្ដាប់បទឧទ្ទេសនាមស្តីពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ខ្ញុំតែងតែមានសេចក្តីសង្វេគកាន់តែខ្លាំងចំពោះប្រជាជនកម្ពុជា។ ប៉ុន្តែការដោះស្រាយទុក្ខវេទនាដែលពួកគេបានឆ្លងកាត់ និងការស្វែងរកយុត្តិធម៌របស់ពួកគេ ពិតជាធ្វើឲ្យខ្ញុំរំជួលចិត្តណាស់។ ខ្ញុំគិតថា បទឧទ្ទេសនាមរបស់លោក វីដយ៉ូណូ (Widyono) ពិតជាបាននាំឲ្យមានការជំរុញទឹកចិត្តនេះទៅកាន់ប្រទេសកម្ពុជា»។
មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ឬសម័យខ្មែរក្រហម ដែលប្រទេសចិនគាំទ្រ បានផ្តួលរំលំរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ពេលកាន់អំណាច ក្រុមខ្មែរក្រហមបានបន្តដឹកនាំប្រទេសកម្ពុជាតាមមនោគមវិជ្ជាកុម្មុយនិស្តផ្តាច់ការរហូតដល់ដើមឆ្នាំ១៩៧៩។
កញ្ញា ភូល ស្រីនាថ តំណាងមជ្ឈមណ្ឌលឯកសារកម្ពុជានៅសាកលវិទ្យាល័យរ៉ាត់ហ្គើ (Rutgers) ដែលជាអ្នករៀបចំព្រឹត្តិការណ៍នៃការធ្វើបទបង្ហាញនេះ បាននិយាយថា បទឧទ្ទេសនាមរបស់លោក វីដយ៉ូណូ (Widyono) នឹងជួយពន្យល់ដល់ប្រជាជនកម្ពុជា ដែលមិនទាន់យល់ច្បាស់អំពីប្រវត្តិសាស្ត្រដ៏ស្មុគស្មាញនៅពីក្រោយសោកនាដកម្មនៃការសម្លាប់រង្គាលនៅក្នុងប្រទេសកម្ពុជា។
«អ្វីដែលខ្ញុំចង់ឃើញនោះគឺថា ជនជាតិខ្មែរ ដែលមកស្តាប់បទឧទ្ទេសនាមនេះ នឹងដឹងថា៖ អូ! យើងបានស្ថិតនៅក្នុងសោកនាដកម្មមួយដែលកើតឡើងនៅក្នុងប្រព័ន្ធសង្គ្រាមត្រជាក់ ប៉ុន្តែយើងបានធ្វើដំណើរឆ្ពោះទៅមុខ ហើយយើងក៏កំពុងតែកសាងខ្លួនឯងឡើងវិញដែរ»។
ប៉ុន្តែអ្នកចូលរួមខ្លះ ដែលជាជនជាតិខ្មែរ នៅតែមិនអាចជម្រះមន្ទិលរបស់ខ្លួនអំពីមូលហេតុនៃសោកនាដកម្មការសម្លាប់រង្គាលនៅកម្ពុជានៅឡើយទេ។
អ្នកនាង ពៅ ទុយ គឺជាខ្មែរអាមេរិកាំងម្នាក់ទៀត ដែលបានមកស្តាប់បទឧទ្ទេសនាមរបស់លោក វីដយ៉ូណូ (Widyono) ដែរ។ នាងបាននិយាយថា មូលហេតុនៃសោកនាដកម្មដ៏គួរឲ្យរន្ធត់នៃការកាប់សម្លាប់រង្គាលនៅកម្ពុជានោះនៅតែជាបញ្ហាដ៏សាំញ៉ាំ ដែលនៅតែធ្វើឲ្យមនុស្សជាច្រើនពិបាកយល់ឲ្យបានច្បាស់លាស់ណាស់។
«ខ្ញុំមានអារម្មណ៍ថា មានរឿងលាក់កំបាំង និងមានអារម្មណ៍ផ្សេងៗជាច្រើន ជុំវិញប្រធានបទនេះ។ វាបានបង្កការឈឺចាប់ជាច្រើនដល់អ្នកដែលពាក់ព័ន្ធ និងអ្នកដែលមិនពាក់ព័ន្ធដែលជាជនជំនាន់ក្រោយ ដែលដឹងថា ឪពុកម្តាយរបស់ខ្លួន បានឆ្លងកាត់របបនោះ ប៉ុន្តែពួកគេមិននិយាយអំពីរឿងនោះ»។
យ៉ាងណាក៏ដោយ ពៅ ទុយ បានបន្ថែមថា នាងបានរកឃើញមធ្យោបាយមួយសម្រាប់ខ្លួននាង ដើម្បីដើរឆ្ពោះទៅមុខ ដោយផ្តល់យោបល់ថា ជនទាំងឡាយដែលបានឆ្លងកាត់បទពិសោធន៍នៃសោកនាដកម្មការសម្លាប់រង្គាលនោះ នឹងមិនបំភ្លេចអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែពួកគេអាចអត់ឱនឲ្យអ្នកដទៃ និងខ្លួនឯងបាន ដើម្បីធ្វើឲ្យខ្លួនឯងក្លាយជាផ្នែកមួយនៃការដំណើរការផ្សះផ្សាផ្លូវចិត្តខ្លួនឯង៕