ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក​ប្តេជ្ញា​ជួយ​ដល់​ដំណើរការ​កាត់​ទោស​មេ​ខ្មែរក្រហម

  • ពិន ស៊ីសុវណ្ណ

លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA នៅ​ឯ​ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦។​ (នូវ​ ពៅ​លក្ខិណា​/VOA Khmer)

ស.រ.អា.​បាន​ផ្ដល់​ជំនួយ​ដល់​តុលាការ​នេះ​ជា​រៀង​រាល់​ឆ្នាំ​​ ​ហើយ​រហូត​មក​ដល់​ពេល​នេះ​បាន​ផ្តល់​ថវិកា​ជាង​៣០លាន​ដុល្លារ​មក​ហើយ​ ដែល​ធ្វើ​ឲ្យ​ប្រទេស​មហា​អំណាច​នេះ​ក្លាយ​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​មួយ។​

លោក​ William Heidt​ឯក​អគ្គ​រដ្ឋទូត​ថ្មី​របស់​ស.រ.អា.​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រាប់​ VOA​ ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​នៅ​ស្ថានទូត​ស.រ.អា.​កាលពី​ថ្ងៃ​ពុធ​ថា​ រដ្ឋបាល​លោក​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា​កំពុងតែ​ធ្វើ​ការងារ​ជាមួយ​សភា​អាមេរិកាំង ​ដើម្បី​កំណត់​ទំហំ​ថវិកា​ដែល​ស.រ.អា.​ នឹង​ផ្ដល់​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ពេល​អនាគត។

ស.រ.អា.​ជា​ប្រទេស​ជួយ​ឈ្មុសឈ្មុល​ឱ្យ​មាន​ដំណើរការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជីវិត​មនុស្ស​ជិត​២លាន​នាក់។ ​ស.រ.អា.​បាន​ផ្ដល់​ជំនួយ​ដល់​តុលាការ​នេះ​ជា​រៀង​រាល់​ឆ្នាំ ​ហើយ​រហូត​មក​ដល់​ពេល​នេះ​បាន​ផ្តល់​ថវិកា​ជាង​៣០លាន​ដុល្លារ​មក​ហើយ​ ដែល​ធ្វើ​ឲ្យ​ប្រទេស​មហា​អំណាច​នេះ​ក្លាយ​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​មួយ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឯកអគ្គ​រដ្ឋទូត​ Heidt។​

លោក​ នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​ VOA ​ថា​ គម្រោង​ថវិកា​សម្រាប់​សាលាក្តី​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​២០១៥​ និង​សម្រាប់​ឆ្នាំ​២០១៦​ មាន​ភាព​ប្រសើរ​ឡើង ​ដោយសារ​ប្រទេស​ផ្តល់​ជំនួយ​មួយ​ចំនួន​បាន​ផ្តល់​ថវិកា​មក​ហើយ។​

លោក​និយាយ​ថា ​រដ្ឋាភិបាល​កម្ពុជា​សន្យា​ផ្តល់​៤,១៥​លាន​ដុល្លារ​ សម្រាប់​ភាគី​ជាតិ​ក្នុង​គម្រោង​ថវិកា​ចំណាយ​៦,​៦លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦។

«ចំណាយ​សម្រាប់​ឆ្នាំ​២០១៦​ និង​២០១៧​ ត្រូវ​ប្រទេស​ម្ចាស់​ជំនួយ​អនុម័ត​ហើយ ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថវិកា​សរុប​៥៨,៨​លាន​ដុល្លារ​អាមេរិក​ សម្រាប់​រយៈពេល​២​ឆ្នាំ​នេះ។ ​ហើយ​ប្រទេស​មួយ​ចំនួន​ចាប់​ផ្តើម​សន្យា​ ហើយ​ផ្តល់​ថវិកា​មក​ដល់​តុលាការ​នេះ​ហើយ»។

ទាក់ទង​នឹង​ការផ្សះផ្សា​ផ្លូវចិត្ត​របស់​ជន​គ្រោះ​នៃ​របប​វាល​ពិឃាត​នេះ​ លោក​ឯកអគ្គ​រដ្ឋទូត​ Heidt​ សង្កត់​ធ្ងន់​ថា ​របប​ខ្មែរក្រហម​ដែល​មាន​អាយុ​មិន​ដល់​បួន​ឆ្នាំ​ផង​នោះ ​បាន​បង្ក​ផល​ប៉ះពាល់​ធំធេង​មិន​អាច​កំណត់​បាន។

លោក​ថ្លែង​ថា៖​«វា​ជា​យុគសម័យ​ដែល​ខ្មៅ​ងងឹត​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ប្រទេស​កម្ពុជា។ ​របប​មាន​រយៈ​ពេល​បួន​ឆ្នាំ​នោះ​នៅ​តែ​បន្ត​ប៉ះពាល់​ដល់​កម្ពុជា​សព្វ​ថ្ងៃ​នេះ​ ទោះ​តិច​ក្ដី​ច្រើន​ក្ដី។ ​យើងមិន​អាច​ដឹង​បាន​ពី​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​នោះ​ទេ»។​

លោក​បាន​បន្ត​ថា ​ភរិយា​របស់​លោក​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់​ ក៏​បាន​ឆ្លង​កាត់​សោកនាដកម្ម​ក្នុងរបប​ខែ្មរ​ក្រហម​ដែរ។​

លោក​ នេត្រ ភក្ត្រា ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​ឲ្យ​ដឹង​ថា ​ក្រៅពី​ចំណាយ​សម្រាប់​ដំណើរការ​កាត់​ទោស​ឧក្រិដ្ឋ​កម្ម​នេះ​ កម្ពុជា​ក៏ត្រូវ​ចំណាយ​ថវិកា​សម្រាប់​ដំណើរ​ការ​ផ្សះផ្សារ​ផ្លូវចិត្ត ​និង​ការ​ផ្សះផ្សា​ជាតិ​ផង​ដែរ។​

«បើ​ទោះបី​នៅ​ពេល​តុលាការ​ចប់​ទៅ​ គឺ​យើង​នៅ​មាន​កិច្ចការ​ច្រើន​ទៀត​ ដែល​ត្រូវ​ធ្វើ​ដើម្បី​ផ្សះផ្សា​ផ្លូវ​ចិត្ត ផ្សះផ្សា​រវាង​ជន​ដៃដល់​ និង​ជនរងគ្រោះ»។​

លោក​និយាយ​ថា ​៩០%​នៃ​ជនរង​គ្រោះ​ និង​ដើម​បណ្តឹង​រដ្ឋប្បវណី ​ដែល​ចូលរួម​សាលាក្តី​ខ្មែរ​ក្រហម ​បាន​និយាយ​ថា ​ដំណើរការ​កាត់ក្តី​នេះ​ក៏​បាន​ជួយ​ផ្សះផ្សា​ផ្លូវចិត្ត​របស់​ពួក​គេ​ផង​ដែរ ជាពិសេស​សំណុំ​រឿង​០០១​បាន​បញ្ចប់​កាល​ពីឆ្នាំ​២០១១។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តី​ខ្មែរក្រហម​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី «ផល​ប៉ះពាល់​នៃ​ការ​ខ្វែង​គំនិត​គ្នា​របស់​សហចៅក្រម​ស៊ើបអង្កេត​នៅ​សាលាក្តីក្រហម​ទៅ​លើ​សំណុំ​រឿង​ក្តី​ ០០៣និង០០៤» នៅ​ក្នុង​កម្មវិធី Hello VOA នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តី​ខ្មែរក្រហម​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី «ផល​ប៉ះពាល់​នៃ​ការ​ខ្វែង​គំនិត​គ្នា​របស់​សហចៅក្រម​ស៊ើបអង្កេត​នៅ​សាលាក្តីក្រហម​ទៅ​លើ​សំណុំ​រឿង​ក្តី​ ០០៣និង០០៤» នៅ​ក្នុង​កម្មវិធី Hello VOA នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

​លោក​និយាយ​ថា​ សវនាការ​សំណុំរឿង​០០២​វគ្គ២​ នឹង​បើក​ពីថ្ងៃទី​១៦ ​ដល់ថ្ងៃ​ទី១៨​ ខែ​នេះ។​ នួន​ ជា ​ប្រធាន​សភា​ខ្មែរក្រហម​ និង ខៀវ សំផន​ ប្រមុខរដ្ឋ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ បាន​ជំទាស់​នឹង​សាលក្រម​សាលា​ដំបូង​ ដែល​កាត់​ទោស​ឲ្យ​មេដឹកនាំ​ខ្មែរ​ក្រហម​ពីរនាក់​នេះ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ​សម្រាប់​ឧក្រិដ្ឋ​កម្ម​លើ​ជន​ជាតិ​ចាម​ ជនជាតិ​វៀតណាម​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ និង​ឧក្រិដ្ឋ​កម្ម​សង្គ្រាម។​ សំណុំ​រឿង​០០២​វគ្គ២​នេះ​គ្រោង​បញ្ចប់​នៅចុង​ឆ្នាំ​២០១៦​ ហើយ​ចេញ​សាលក្រម​នៅឆ្នាំ​២០១៧។

សាលាក្តី​នេះ​មានតែ​គោលការណ៍​សំណង​សមូហភាព​ ដែល​ជា​និម្មិតរូប​សម្រាប់​ជន​រងគ្រោះ​ទាំង​អស់​ ហើយ​មិន​មាន​សំណង​ជាបុគ្គល​ទេ​ ដែល​ធ្វើ​ឲ្យជន​រងគ្រោះ​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត។

លោក ​ប៊ូ ម៉េង ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ បាន​ខកចិត្ត​នឹង​ដំណើរការ​រក​យុត្តិធម៌​នេះ ​ដែល​លោក​និយាយ​ថា ​មាន​ការ​អូស​បន្លាយ​យូរ ​ចំណាយ​ថវិកា​ច្រើន​ ​តែ​ជន​រង​គ្រោះ​មិន​បាន​ទទួល​សំណង​ជា​បុគ្គល​ទេ។ លោក​ថា៖ «អា​សង​ក៏​មិន​ថា​ អា​មិន​សង​ក៏​មិន​ថា។ ​វា​កប់​ឈឹង​តែ​ម្តង។​ ញត្តិ​ខ្ញុំ​ដាក់​ទៅ​ហើយ»។

លោក​និយាយ​ថា ​តុលាការ​ខ្មែរ​ក្រហម​គ្មាន​ឆន្ទៈ​ពន្លឿន​ការ​កាត់​ទោស​ថ្នាក់​ដឹកនាំ​ខ្មែរក្រហម​ទេ។

លោក ​ឡាត់ គី​ មន្ត្រី​អង្គការ​អាដហុក​ប្រចាំ​នៅ​សាលាក្តី​ខ្មែរក្រហម​ ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ បច្ចុប្បន្ន​ជន​រងគ្រោះ​ និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សាលាក្តី​នេះ​ មិន​ពេញចិត្ត​នឹង​សាលាក្តី​នេះ​ទេ ដោយសារ​មិន​មាន​ឱកាស​ចូលរួម​ដំណើរការ​សាលាក្តី​ដោយ​ផ្ទាល់​ដូច​ពី​មុន ​ហើយ​ពួកគាត់​មិន​មាន​ភាព​ជឿ​ជាក់​ថា ​សំណុំ​រឿង​០០៣​ និង​០០៤​នឹង​អាច​ដំណើរ​ការបាន​នោះ​ទេ។ ​ហើយ​ម៉្យាងទៀត ​ដើម​បណ្តឹង​រដ្ឋប្បវេណី ដូចជា​លោក​ ប៊ូ ម៉េង ​និង​លោក ជុំ ម៉ី ​អ្នក​រួចជីវិត​ពី​គុក​ទួលស្លែង ​មិន​សប្បាយ​ចិត្ត​ ដោយ​សារ​គ្មាន​សំណង​ជា​បុគ្គល​សម្រាប់​ពេលវេលា​របស់​លោក។​

«ទាក់ទិន​ជាមួយ​នឹង​បញ្ហា​អន្តរកាល​នេះ​ ដើម​បណ្តឹង​រដ្ឋប្បវេណី​ភាគ​ច្រើន​មាន​ការ​អត់​សប្បាយ​ចិត្ត​ជាមួយ​នឹង​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​ហ្នឹង​ទេ»។

លោក​ នេត្រ ភក្ត្រា ​នៃ​សាលាក្តី​ខ្មែរក្រហម​ បាន​ឲ្យ​ដឹង​ថា ​ចៅក្រម​កំពុង​វិភាគ​ភស្តុតាង​ទាក់ទង​នឹង​សំណុំ​រឿង​០០៣​ និង​០០៤។​ លោក​និយាយ​ថា​ ការ​សាកសួរ​អ្នកស្រី​ អ៊ឹម ចែម ​គណៈ​ស្រុក​ព្រះនេត្រ​ព្រះ​សម័យ​ខ្មែរ​ក្រហម​ បាន​បញ្ចប់​ហើយ ​ហើយ​ចៅ​ក្រម​កំពុង​ពិចារណា។​

របប​ខ្មែរក្រហម​៣​ឆ្នាំ ​៨​ខែ​ ២០​ថ្ងៃ​ បាន​សម្លាប់​មនុស្ស​១​លាន​ ៧​សែន​នាក់។​ សាលាក្តី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥​ ក្រោម​ការ​ជួយ​សម្រប​សម្រួល​ដោយ​ស.រ.អា.។ ​នៅ​ពេល​នេះ​មាន​តែ ​នួន ជា​ និង​ ខៀវ​ សំផន​ ប៉ុណ្ណោះ​កំពុង​ទទួល​ការ​កាត់ទោស​ក្រោយពី​ អៀង សារី​ រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរក្រហម ​និង​ អៀង ធារិទ្ធ ​ប្រពន្ធ​របស់​គាត់​ និង​ជា​រដ្ឋមន្ត្រី​សង្គមកិច្ច​ខ្មែរក្រហម​ បាន​ស្លាប់​មុន​ការ​កាត់ទោស​បាន​បញ្ចប់៕

XS
SM
MD
LG