ក្រុមទាហានស្មោះស្ម័គ្រជាមួយប្រធានាធិបតីយេម៉ែន Abd-Rabbu Mansour Hadi បានទប់ទល់ការការវាយប្រហារទៅមុខរបស់ក្រុមឧទ្ទាម Shi'ite Houthi ដែលបានបញ្ជូនកម្លាំងរបស់ខ្លួនទៅកាន់ក្រុង Aden នាប៉ែកខាងត្បូងប្រទេស នេះបើតាមការប្រាប់ឱ្យដឹងដោយប្រភពក្រុមជីវពលនិងប្រភពសន្តិសុខកាលពីថ្ងៃច័ន្ទ។
ក្រុមមន្ត្រីសន្តិសុខបាននិយាយថាក្រុមឧទ្ទាមបានបញ្ជូនយុទ្ធជនរាប់ពាន់នាក់ទៅកាន់ប៉ែកខាងត្បូងប្រទេសហើយបានប្រយុទ្ធនៅពេលដែលថ្ងៃជិតរះកាលពីថ្ងៃច័ន្ទជាមួយកុលសម្ព័ន្ធ Sunni ក្នុងមូលដ្ឋាន នៅពេលដែលពួកគេបានទៅដល់ជិតក្រុង Aden ដែលនៅទីនោះលោក Hadi បានទៅជ្រកកោននៅក្រោយពេលដែលលោករត់គេចខ្លួនចេញពីរដ្ឋធានី Sana'a កាលពីខែមុន។
កាលពីថ្ងៃច័ន្ទដែរ លោក Riyadh Yasin រដ្ឋមន្ត្រីការបរទេសថ្មីនៃប្រទេសយេម៉ែន បានអំពាវនាវដល់ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការក្នុងតំបន់ឈូងសមុទ្រ Perse ឱ្យបញ្ជូនក្រុមទាហានទៅកាន់ប្រទេសយេម៉ែនដើម្បីទប់ទល់នឹងការរីកដុះដាលរបស់ក្រុមជីវពល Houthi។
ថ្លែងពីក្រុង Aden លោក Yasin បានសុំដល់ក្រុមប្រទេសក្នុងតំបន់ឈូងសមុទ្រ Perse ឱ្យធ្វើអន្តរាគមន៍ជាបន្ទាន់នៅមុនពេលក្រុម Houthis ដែលគាំទ្រដោយអ៊ីរ៉ង់ វាយយកបានដែនដីច្រើនថែមទៀត៕