ពលរដ្ឋយេម៉ែនរាប់ម៉ឺននាក់បានដើរក្បួននៅក្នុងការប្រឆាំងតវ៉ានៅថ្ងៃសៅរ៍នេះ ដើម្បីប្រឆាំងក្រុមឧទ្ទាម Houthi និកាយស៊ីអ៊ីត (Shi'ite) រយៈពេល២ថ្ងៃបន្ទាប់ពីការលាលែងចេញពីតំណែងរបស់ប្រធានាធិបតីនិងរដ្ឋាភិបាល។
អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា បាតុករបានដើរក្បួនពីទីលានមួយនៅជិតសាកលវិទ្យាល័យ Sana’a ឆ្ពោះទៅកាន់គេហដ្ឋានដែលពីមុនជារបស់មេដឹកនាំប្រទេសនៅក្នុងរដ្ឋធានី។
កាលពីថ្ងៃសុក្រ ក្រុមមន្រ្តីសន្តិសុខជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយថា កិច្ចប្រតិបត្តិការប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសយេម៉ែនត្រូវបានពន្យារពេល បន្ទាប់ពីការដួលរលំរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិក។
ប្រភពនានាដែលជិតស្និទ្ធនឹងស្ថានភាពនោះបានប្រាប់ឲ្យដឹងថា ការលាលែងចេញពីតំណែងរបស់ប្រធានាធិបតីយេម៉ែន Abd Rabbuh Mansour Hadi និងនាយករដ្ឋមន្រ្តី Khaled Bahah បានធ្វើឲ្យកិច្ចប្រតិបត្តិការប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសនោះនៅជាប់គាំង។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីក្រុមមន្រ្តីសហរដ្ឋអាមេរិក៣នាក់មកចុះផ្សាយដែលបាននិយាយថា ការកិច្ចប្រតិបត្តិការដែលត្រូវបានបញ្ឈប់នោះ រួមមានការវាយប្រហារតាមយន្តហោះគ្មានមនុស្សបើក។ គេមិនទាន់ដឹងច្បាស់រហូតមកដល់ល្ងាចថ្ងៃសុក្រថា តើកិច្ចប្រតិបត្តិការនោះនឹងត្រូវផ្អាករយៈពេលយូរប៉ុណ្ណាទេ។
កងទ័ពសហរដ្ឋអាមេរិកបានធ្វើការជាមួយបុគ្គលិកសន្តិសុខយេម៉ែននៅក្នុងការឃ្លាំមើលក្រុមal-Qaida នៅលើឧបទ្វីបអារ៉ាប់ ឬហៅកាត់ថា AQAP ពីប៉ុស្តិ៍ស៊ើបការណ៍សម្ងាត់ដ៏សំខាន់មួយនៅក្នុងតំបន់ខាងត្បូងនៃប្រទេសយេម៉ែន។ ក៏ប៉ុន្តែក្រុមមន្រ្តីបាននិយាយកាលពីល្ងាចថ្ងៃសុក្រថា ភាគច្រើននៃកិច្ចប្រតិបត្តិការស៊ើបការណ៍សម្ងាត់ត្រូវបានត្រួតត្រាដោយក្រុមឧទ្ទាមនិកាយស៊ីអ៊ីត ដែលគេស្គាល់ថាជាក្រុម Houthis បានកាន់កាប់ទីកន្លែងរដ្ឋាភិបាលសំខាន់ៗជាច្រើនកាលពីថ្ងៃព្រហស្បត៍ហើយបានបង្ខំឲ្យរដ្ឋាភិបាលចេញពីតំណែង៕